ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភាព​កាន់តែ​ស្អិត​ល្មួត​ក្រោយ World Cup! លោក ត្រាំ ចង់ឱ្យ​ប្រធាន FIFA ឡើង​កាន់​តំណែង​អគ្គលេខាធិការ UN

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ទំនាក់ទំនង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino អាច​នឹង​ក្លាយទៅជា​ទំនាក់ទំនង​ការងារ​ដ៏​សំខាន់ បន្ទាប់​ពី​កាសែត New York Post កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ចង់ឱ្យ​ប្រធាន FIFA រូប​នេះ ធ្វើ​ជា​អគ្គលេខាធិការ​បន្ទាប់​នៃ​អង្គការសហប្រជាជាតិ (UN)​។

ប្រភព​មួយ​បាន​បង្ហើប​ប្រាប់​កាសែត New York Post ថា លោក​ប្រធានាធិបតី ត្រាំ មាន​ទំនុកចិត្ត​ថា លោក Infantino គឺ​ត្រូវ​បាន​គោរព​ដោយ​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភពលោក​ហើយ​បន្ទាប់​ពី World Cup ឆ្នាំ​២០២៦ ដែល​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​បង្អស់​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​៣​ផ្សេង​គ្នា​នោះ (​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​) ប្រធានាធិបតី​ទី ៤៥ និង​ទី ៤៧ របស់​សហរដ្ឋអាមេរិក​រូប​នេះ ជឿជាក់​ថា​ពិភពលោក​ទទួលស្គាល់​ថា លោក Infantino មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​បង្រួបបង្រួម​មនុស្សជាតិ​។

សេត​វិមាន​មិន​បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ពី​ទូរទស្សន៍ Fox News Digital ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​។

អគ្គលេខាធិការ​បន្ទាប់​របស់ UN នឹង​ត្រូវ​ជ្រើសរើស​នៅ​ក្នុងឆ្នាំនេះ ដើម្បី​ជំនួស​លោក António Guterres ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ដែល​នឹង​ត្រូវ​ចូល​និវត្តន៍ ហើយ​ដើរ​ចេញពី​តំណែង​ដ៏​សំខាន់​នេះ​នៅ​ចុងខែ​ធ្នូ​។ ទោះ​យ៉ាងណា​ក៏​ដោយ ដើម្បី​ទទួល​បាន​តំណែង​ដ៏​សំខាន់​នេះ លោក Infantino ត្រូវ​ឈ្នះ​ការ​គាំទ្រ​ពី​ក្រុមប្រឹក្សាសន្តិសុខ​ដែល​មាន​សមាជិក ១៥ ប្រទេស ដែល​ក្នុង​នោះ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​មាន​សិទ្ធិ​វេតូ (​ជំទាស់​) បន្ទាប់​មក​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​យល់ព្រម​ពី​មហាសន្និបាត​។ ប៉ុន្តែ​វា​ក៏​មិន​ច្បាស់​ទេ​ថា តើ​លោក Infantino ចង់បាន​ការងារ​នេះ​ដែរ​ឬទេ ហើយ​ថា​តើ​លោក ត្រាំ បាន​ពិភាក្សា​អំពី​ប្រធានបទ​នេះ​ជាមួយ​លោក​នៅ​ក្នុង​កម្រិត​ណា​នោះ​ទេ?

គួរ​បញ្ជាក់​ជូន​ថា លោក Infantino ជនជាតិ​ស្វី​ស​មេដឹកនាំ​ស្ថាប័ន​ក្បាលម៉ាស៊ីន​បាល់ទាត់​ពិភពលោក បាន​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​លោក ត្រាំ យ៉ាង​ស្អិត​ល្មួត​អំឡុង​ពេល​រៀបចំ​ការ​ប្រកួត World Cup ឆ្នាំ ២០២៦​។ លោក ត្រាំ បាន​ចូលរួម​ក្នុង​សកម្មភាព និង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន រួម​ទាំង​លោក Infantino បាន​ប្រគល់​រង្វាន់​សន្តិភាព​លើក​ដំបូង​បង្អស់​របស់ FIFA ជូន​លោក ត្រាំ កាលពី​ខែធ្នូ ឆ្នាំ​មុន​ផង​ដែរ​។

លោក ត្រាំ ក៏​ត្រូវ​បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់ FIFA Club World Cup ដល់​ក្លិប Chelsea កាលពី​ឆ្នាំ​មុន ក៏​ដូច​ជា​ប្រគល់​ពានរង្វាន់ World Cup ឆ្នាំ​២០២៦ ជូន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​៕