ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2026 ៖ អេ​ស្ប៉ា​ញ​គ្រង​ជើងឯក ខណៈ​អា​ហ្ស​ង់​ទី​ន​បញ្ចប់​ជាមួយ​ស្ថិតិ​ដ៏​អាក្រក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

23 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ ដែល​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា បាន​ចប់​សព្វគ្រប់​កាលពី​វេលា​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) ដោយ​អេ​ស្ប៉ា​ញ​គឺជា​ម្ចាស់​ជើងឯក​នៅ​ក្នុង​ចំណោម ៤៨ ក្រុម​ដែល​ចូលរួម ខណៈ​ដែល​អា​ហ្ស​ង់​ទី​ន​បរាជ័យ​ការពារ​តំណែង​ជើងឯក និង​បញ្ចប់​ជាមួយ​ស្ថិតិ​ដ៏​អាក្រក់​មិន​ធ្លាប់​មាន​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​លើ​ពិភពលោក​នេះ​។

ខ្សែប្រយុទ្ធ Ferran Torres ក្លាយជា​តួឯក​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​នេះ នៅ​ឯ​កីឡដ្ឋាន MetLife ទឹកដី​សហរដ្ឋអាមេរិក ដោយ​សម្រេច​បាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី ១០៦ នៅ​ក្នុង​ម៉ោង​បន្ថែម ១៥ នាទី ២ ដង ដើម្បី​ជួយ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​យកឈ្នះ​ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​ដែល​នៅ​សល់​គ្នា​ត្រឹមតែ ១០ នាក់ ក្រោយ​ខ្សែបម្រើ Enzo Fernandez បង្កកំហុស​ទទួល​បាន​កាត​លឿង ២ ដង ស្មើនឹង​កាត​ក្រហម​នៅ​នាទី​៩០+៣​នោះ ដោយ​លទ្ធផល ១-០ ដើម្បី​គ្រង​ជើងឯក World Cup ឆ្នាំ​២០២៦ និង​ជា​លើក​ទី ២ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

អេ​ស្ប៉ា​ញ​បង្កើត​ភាព​ភ្ញាក់ផ្អើល ដោយ​គ្រប់គ្រង​បាល់​រហូត​ដល់ ៦៥% និង​ដាក់​សម្ពាធ​លើ​អា​ហ្ស​ង់​ទី​ន​ស្ទើរតែ​ពេញ​មួយ​ការ​ប្រកួត​ទៅ​ហើយ​។ ក្រុមរបស់​​លោកគ្រូ​បង្វឹក Luis De la Fuente មានឱកាស​ស៊ុត​ចំ​គោលដៅ​ដល់​ទៅ ២០ ដង ចំណែក​អា​ហ្ស​ង់​ទី​ន​ធ្វើ​បាន​ត្រឹមតែ ២ ដង​ប៉ុណ្ណោះ ហើយ​បាន​កើតឡើង​នៅ​ចុង​ម៉ោង​បន្ថែម ១៥​នាទី ២ ដង​ថែម​ទៀត​។ ប្រសិនបើ​គ្មាន​ទម្រង់​លេង​លេចធ្លោ​របស់​អ្នកចាំទី Emiliano Martinez ដែល​សង្គ្រោះ​បាល់​យ៉ាង​អស្ចារ្យ ១១ ដង​ទេ​នោះ ម្ល៉េះ​អេ​ស្ប៉ា​ញ​ប្រហែលជា​អបអរ​ជ័យជម្នះ​ក្នុង​ម៉ោង​ប្រកួត​៩០​នាទី​បាត់​ទៅ​ហើយ ដោយ​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​ទម្លុះ​សំណាញ់​ទី​អា​ហ្ស​ង់​ទី​ន​នៅ​នាទី ១០៦ នោះ​ទេ​។

ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ ក៏​បញ្ចប់​ទៅ​នៅ​ក្នុង​រូបភាព​ប៉ះទង្គិច​គ្នា ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។ កីឡាករ​អា​ហ្ស​ង់​ទី​ន​មួយ​ចំនួន​ក៏​បាន​បន្សល់​ទុក​រូបភាព​ដ៏​ចម្រូងចម្រាស ជាមួយ​អាកប្បកិរិយា​មិនល្អ​មួយ​ចំនួន បន្ទាប់​ពី​បរាជ័យ​។ តួយ៉ាង ខ្សែការពារ Nahuel Molina បាន​ប៉ះទង្គិច​គ្នា​ជាមួយ Rodri ហើយ​ខ្សែបម្រើ Leandro Paredes ថែម​ទាំង​ទទួល​បាន​កាត​ក្រហម​ទៀត​ផង ក្រោយ​ដាល់​កីឡាករ​អេ​ស្ប៉ា​ញ​មួយ​ចំនួន ភ្លាម​ៗ​បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់​។

អា​ហ្ស​ង់​ទី​ន​បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ នៅ​ក្នុង​នាម​ក្រុម​រងជើង​ឯក ជាមួយនឹង​ស្ថិតិ​ដ៏​អាក្រក់​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​ក្លាយជា​ក្រុម​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ដែល​មិន​អាច​បង្កើត​ឱកាស​ស៊ុត​ចំ​គោលដៅ​សូ​ម្បី​តែ​ម្តង នៅ​ក្នុង​ម៉ោង​ប្រកួត​ផ្លូវការ​៩០​នាទី​៕