ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រាប់​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ហេតុការណ៍​​ប្រទូស្តរ៉ាយ​គ្នា​នៅ​ក្រៅ​សង្វៀន​ប្រទេស​អូស្ត្រាលី

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​​ប្រទូស្តរ៉ាយ​គ្នា​នៅ​ក្រៅ​សង្វៀន​ប្រទេស​អូស្ត្រាលី បាន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​អន្តរជាតិមួយ​ដែល​មានឈ្មោះ​ថា Cambodia Kun Khmer Best of the Best នៅ​ទីក្រុង​ស៊ី​ដ​នី កាលពីថ្ងៃ​ទី​១៧ កក្កដា ។

ជម្លោះ​នេះ​បង្ក​ឡើង​ដោយ​ភាគី​កីឡាករ​ថៃ ដែល​មិន​ចុះសម្រុង​គ្នា​នៅ​លើ​សង្វៀន ។ ជម្លោះបាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ដែល​ភាគី​ខាង​កីឡាករថៃ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល និង​មានការតវ៉ា​។ ស្ថានការណ៍​បាន​ឈាន​ដល់​ការ​រុញច្រាន​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ ហើយ​បក្ខពួក​របស់​កីឡាករ​ថៃ​បាន​បើក​ការ​វាយតប់​ជាមួយ​អ្នក​ទស្សនា​។ ក្នុង​ភាព​ចលាចល​នោះ កីឡាករ​ថៃ​ម្នាក់​ឈ្មោះ Songraw បាន​ស្ទុះ​ចេញពី​សង្វៀន​ទៅ​លួច​វាយ​លោកគ្រូ ពេជ្រ សុ​ផា​ន់ (​គ្រូបង្វឹក​របស់​កីឡាករ ពេជ្រ សម្បត្តិ​) ពីក្រោយ​ខ្នង ។ ទ​ង្វើ​នេះ​ត្រូវ​បាន​សាធារណជន​កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​ថា ជា​ទ​ង្វើ​ខ្វះ​វិជ្ជាជីវៈ និង​សីលធម៌​កីឡាករ​។

ឯកឧត្តម​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​មូលហេតុ​ដែល​នាំឱ្យ​កើត​មាន​ភាព​ចម្រូងចម្រាស់​នៅ​មុន​ការ​ប្រកួតគឺ​ដោយសារ​កីឡាករ​ថៃ​សុង ត្រា ដែល​ប្រកួតតំណាង​ឱ្យ​ប្រទេស​អូស្ត្រាលី មិន​ព្រម​សម្រក​ទម្ងន់តាម​ការ​បង្គាប់បញ្ជា​របស់​មន្ត្រី​បច្ចេកទេស ធ្វើ​ឱ្យអ្នកគាំទ្រ​កីឡាករ​កម្ពុជា​ឡុ​ង សំណាង​ផ្ទុះ​ការ​តវ៉ា រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​ផ្អើល​សង្វៀន​ប្រកួត​។

តាម​ការ​លើក​ឡើង​របស់​លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានឱ្យ​ដឹង​ថា រវាង​កីឡាករ​ឡុ​ង សំណាង និង​កីឡាករ​ថៃ​សុង​ត្រា ត្រូវ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម​។

ប៉ុន្តែ​កីឡាករ​សុង​ត្រា មិន​បាន​សម្រក​ទម្ងន់​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ទើប​ផ្ទុះ​ការ​តវ៉ា​។​តាម​ការ​ឯកភាព​គ្នា គឺ​កីឡាករ​ទាំង​ពីរ​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​ប្រភេទ​ទម្ងន់​ដែល​បាន​កំណត់ ។ ប៉ុន្តែ​កីឡាករ​ថៃ​មិន​ព្រម​ធ្វើ​តាម ធ្វើ​ឱ្យ​ទម្ងន់​របស់​គេ​ឡើង​រហូត​ដល់​ទៅ​៦៩.៩​គីឡូក្រាម តែ​គេ​នៅ​ព្យាម​យាម​ចង់​ឡើង​សង្វៀន​ប្រកួត ទើប​ធ្វើ​ឱ្យ​កើត​មានការ​តវ៉ា​ពី​អ្នកគាំទ្រ​កីឡាករ​កម្ពុជា រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​រវាង​អ្នកគាំទ្រ​ទាំង​ពីរ​។

តាម​ពិត​កីឡាករ​ថៃ​រូប​នេះ​មានចិត្ត​អន្ទះសារចង់​ប្រកួត​ខ្លាំង ដោយសារ​ឃើញ​កីឡាករ​របស់​ខ្លួន​ទាំង​២​រូប​ប្រកួត​មុន​ៗ​ចាញ់​កីឡាករ​កម្ពុជា​ទាំងអស់ ។ ក្នុង​ចំណោម​គូប្រកួត​ទាំង​៦​គូ គឺ​គណៈកម្មការ​រៀបចំ​បាន​ឯកភាព​គ្នា​ដាក់​គូប្រកួត​កីឡាករ​ឡុ​ង សំណាង និង​ឡាករ​Songraw​ឱ្យ​ប្រកួត​ចុង​ក្រោយ​គេ ក្នុង​គោលបំណង​បើ​មាន​បញ្ហា​កើតឡើង គឺ​ត្រូវ​បញ្ចប់​តែ​ម្ដង​។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​ចំណោម​កីឡាករកីឡាការិនី​កម្ពុជា​ទាំង​៦​រូប​ដែល​បំពេញបេសកកម្ម​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី ជា​លទ្ធផលកីឡាករ​ពេជ្រ សម្បត្តិ ឈ្នះ​កីឡាករ​ថៃ​-​អូស្ត្រាលីឈ្មោះ​ជុន​ឡា​គិត ឆុ​ម​ប្រាម នៅ​ក្នុង​ទឹក​ទី​២​។​កីឡាករ​ពេជ្រ អាទិទេព ឈ្នះ​កីឡាករ​អូស្ត្រាលី អា​លី ណា​ហ្សា​រី នៅ​ត្រឹម​ទឹក​ទី​១​។ កីឡាករ​បឺត សង្ឃឹម ឈ្នះ​កីឡាករ​អូស្ត្រាលី​សូ​ឡៃ​ម៉ា​ន់ ហា​សេ​មី​ដោយ​ពិន្ទុ ។ កីឡាការិនី​ទូច ចន្ទ​វ​ត្តីចាញ់​ពិន្ទុ​កីឡាការិនី​អូស្ត្រាលី ហ្វូ​វ៉ា​រូ ។ កីឡាករ​គឹ​ម វាសនា ចាញ់​កីឡាករ​អូស្ត្រាលី​ជឹ​មមី ហ្វ័​ស្ទ័នៅ​ត្រឹម​ទឹក​ទី​៤ ខណៈ​ការ​ប្រកួត​រវាង​កីឡាករ ឡុ​ង សំណាង និង​កីឡាករ​ថៃ​-​អូស្ត្រាលី​Songrawត្រូវ​លុប​ចោល​៕