អន្តរជាតិ ៖ ប្រពន្ធកីឡាករ Lionel Messi និងគូដណ្តឹងកីឡាករ Cristiano Ronaldo នាំមុខគេនៅក្នុងចំណោមភរិយា និងមិត្តស្រីរបស់កីឡាករបាល់ទាត់ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បើនិយាយអំពីកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិដែលទទួលបានពីកិច្ចសន្យាដែលរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

បើតាមទស្សនាវដ្តី Vantix កាលពីពេលថ្មីៗនេះ បានចាត់ថ្នាក់ទ្រព្យសម្បត្តិរបស់ភរិយា និងមិត្តស្រីកីឡាករបាល់ទាត់ដែលលេចធ្លោជាងគេបំផុត នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដោយផ្អែកលើប្រភពព័ត៌មានដែលផ្សព្វផ្សាយជាសាធារណៈ រួមមានគេហទំព័រ Celebrity Net Worth និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនានា រហូតដល់ខែមិថុនា ឆ្នាំ ២០២៦។
អ្នកទាំងនេះមិនត្រឹមតែជាកម្លាំងចិត្តសម្រាប់ដល់កីឡាករបាល់ទាត់ដែលជាប្តី ឬមិត្តប្រុសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុគ្គលជោគជ័យយ៉ាងខ្លាំង ជាមួយអាជីពឯករាជ្យផ្ទាល់ខ្លួនផងដែរ។ រាប់ចាប់តាំងពីសហគ្រិន តារាម៉ូដែល រហូតដល់ពិធីការិនីទូរទស្សន៍ និងអ្នកបង្កើតមាតិកា (Content Creators) រួមទាំងមានទ្រព្យសម្បត្តិដ៏ច្រើនស្តុកស្តម្ភយ៉ាងបានមកពីការបង្កើតអាជីវកម្មផ្ទាល់ខ្លួន កិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្ម និងភាពជាដៃគូរបស់ក្រុមហ៊ុនល្បីដោយឯករាជ្យទាំងស្រុង មិនពឹងផ្អែកលើកេរ្តិ៍ឈ្មោះ ឬចំណូលរបស់ដៃគូជាកីឡាករបាល់ទាត់របស់ពួកគេឡើយ។

អ្នកនាង Antonela Roccuzzo អាយុ៣៨ឆ្នាំ ភរិយាខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi។ បច្ចុប្បន្នជាទូតសុច្ឆន្ទៈដ៏លេចធ្លោមួយរូបឱ្យម៉ាកសម្លៀកបំពាក់ទាន់សម័យ និងគ្រឿងអលង្ការលំដាប់កំពូលៗជាច្រើន ព្រមទាំងមានអ្នកតាមដានជិត ៤០ លាននាក់នៅលើបណ្តាញសង្គម Instagram។ នាងបានបង្ហាញខ្លួនលើទស្សនាវដ្តីម៉ូដល្បីៗជាច្រើន ហើយក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Tiffany & Co. រួមទាំងម៉ាកល្បីៗដទៃទៀតផងដែរ។ កិច្ចសន្យារកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់របស់នាងជាមួយម៉ាកល្បីៗដូចជា Adidas, Alo Yoga, Stella McCartney និង Louis Vuitton បានរួមចំណែកយ៉ាងសំខាន់ដល់ទ្រព្យសម្បត្តិសរុប ដែលត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ២០ លានដុល្លារអាមេរិក។

កញ្ញា Georgina Rodríguez អាយុ៣២ឆ្នាំ គូដណ្តឹងរបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បើតាមការប៉ាន់ប្រមាណពីទស្សនាវដ្តី Vantix តារាម៉ូដែលរូបនេះបានបង្កើតទ្រព្យសុទ្ធសរុបប្រហែល ១០ លានដុល្លារ។ បន្ថែមលើប្រាក់ចំណូលទទួលបានពីខ្សែភាពយន្តឯកសាររបស់នាងនៅលើ Netflix នោះ Georgina ក៏រកចំណូលបានដ៏ច្រើនសន្ធឹកសន្ធាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យម៉ាកយីហោទំនិញប្រណីតៗនៅលើ Instagram ផងដែរ។ ជាមួយអ្នកតាមដានជាង ៧៣,២ លាននាក់ នាងត្រូវបានគេប៉ាន់ប្រមាណថានាងអាចរកចំណូលបានរហូតដល់១០ម៉ឺនដុល្លារពីការផុសផ្សាយពាណិជ្ជកម្មម្តងៗ។

តារាចម្រៀងប៉ុប Martina Stoessel ដែលគ្រប់ស្គាល់ថា Tini អាយុ២៩ឆ្នាំគឺជាគូដណ្តឹង ខ្សែបម្រើអាហ្សង់ទីន Rodrigo De Paul ដែលចាប់ផ្តើមទាក់ទងគ្នាកាលពីឆ្នាំ ២០២២។ Tini មានទ្រព្យសម្បត្តិសរុបប្រហែល ៩ លានដុល្លារ ភាគច្រើនបានមកពីអាជីពចម្រៀង និងសម្តែងដ៏ជោគជ័យទូទាំងអាមេរិកខាងត្បូង។ នាងល្បីល្បាញពាសពេញពិភពលោកតាំងពីដំបូង តាមរយៈការដើរតួឯករឿងភាគទូរទស្សន៍របស់ប៉ុស្តិ៍ Disney Channel។ បន្ទាប់មកបានឈានជើងចូលឧស្សាហកម្មតន្ត្រី ដោយបានចេញអាល់ប៊ុមល្បីៗជាច្រើន និងបានបង្កើតការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក និងលក់សំបុត្រដាច់អស់គ្មានសល់។ បច្ចុប្បន្ននាងក៏ជាទូតសុច្ឆន្ទៈក្រុមហ៊ុនល្បីៗកម្រិតពិភពលោកដូចជា Adidas, Under Armour និង Pantene ផងដែរ។

កញ្ញា Ester Expósito អាយុ២៦ឆ្នាំ មិត្តស្រីខ្សែប្រយទ្ធឆ្នើមបារាំង Kylian Mbappé ជាតារាសម្តែងដ៏ល្បីម្នាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងលើពិភពលោក តាមរយៈតួអង្គនៅក្នុងរឿងទូរទស្សន៍របស់ Netflix ចំណងជើងថា Elite។ ជាមួយគ្នានោះ នាងក៏ជាទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនទំនិញប្រណីតៗជាច្រើន និងមានអ្នកតាមដានជាង ២៤ លាននាក់លើបណ្តាញសង្គម Instagram។ អាជីពសម្តែងកំពុងរីកចម្រើន និងកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មនានា បានរួមចំណែកធ្វើឱ្យទ្រព្យសម្បត្តិសរុបនាងកើនឡើងដល់ប្រមាណ ៨ លានដុល្លារ។

កញ្ញា Bruna Biancardi អាយុ៣២ឆ្នាំ មិត្តស្រីខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងក្រុមហ៊ុនល្បីៗជាច្រើននៅជុំវិញពិភពលោក។ ការចាប់អារម្មណ៍នេះបាននាំឱ្យនាងមានឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាច្រើន និងទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលរកចំណូលបានដ៏ក្រាស់ក្រែល។ គណនី Instagram នាងនាពេលបច្ចុប្បន្នមានអ្នកតាមដានជាង ១៥លាននាក់។ បើតាម ទស្សនាវដ្តី Vantix នាងមានទ្រព្យសម្បត្តិសុទ្ធសរុបប្រហែល ៥ លានដុល្លារ៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ