ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool គ្រោង​ចាយប្រាក់​តម្លៃ​កំណត់​ត្រា ដើម្បី​នាំ​យក​កីឡាករ​ជប៉ុន​លេចធ្លោ​នៅ World Cup

4 ថ្ងៃ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​របាយការណ៍​កាសែត​អា​ល្លឺ​ម៉​ង់ BILD កាល​ពេល​ពី​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា ក្លិប Liverpool កំពុង​ពិចារណា​ចាយប្រាក់ ៦០​លាន​អឺ​រ៉ូ (​ជាង ៦៨​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​នាំ​យក​ខ្សែបម្រើ​ការពារ​ជប៉ុន Kaishu Sano បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់​អា​រម​ណ៍​ក្នុង​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga ពិសេស​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦​។

Liverpool កំពុង​តាមដាន​កីឡាករ​អន្តរជាតិ​ជប៉ុន​វ័យ​២៥​ឆ្នាំ​រូប​នេះ ខណៈ​ដែល​តម្លៃ​ផ្ទេរ​របស់​ខ្សែបម្រើ​ការពារ​ក្លិប Mainz 05 រូប​នេះ បាន​កើន​ឡើងជា​បន្តបន្ទាប់​។ យោង​តាម Transfermarkt តម្លៃ​ទីផ្សារ​របស់ Kaishu Sano បាន​កើនឡើង ១០​លាន​អឺ​រ៉ូ ដោយ​ឈាន​ដល់ ៥០​លាន​អឺ​រ៉ូ​។ ប៉ុន្តែ Mainz បញ្ជាក់​ហើយ​ថា​ព្រម​ចរចា​លុះត្រាតែ​ទទួល​បាន​យ៉ាង​ហោច​ណាស់ ៦០​លាន​អឺ​រ៉ូ​សម្រាប់​កីឡាករ​ស្នូល​របស់​ពួក​គេ​។

យ៉ាងណាមិញ បច្ចុប្បន្ន​ទោះបីជា​មាន​ព័ត៌មាន​ថា Liverpool មាន​ឆន្ទៈ​ចំណាយ​តាម​តម្លៃ​ដែល Mainz ទាមទារ​ក៏​ដោយ ក៏​គ្មាន​ការ​ចរចា​ផ្លូវការ​ណាមួយ​កើតឡើង​នៅឡើយ​ទេ​។ ប្រភព​ព័ត៌មាន​បាន​បង្ហាញ​ថា ក្លិប​នៅ​អង់គ្លេស​មួយ​នេះ កំពុង​តែ​ពិនិត្យ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន មុន​នឹង​ធ្វើការ​ដាក់​សំណើ​ជា​ផ្លូវការ​។

ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ពិតជា​សម្រេច​ផ្លូវការ​មែន​នោះ វា​នឹង​ក្លាយជា​ការ​ផ្ទេរ​កីឡាករ​អាស៊ី​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​បំបែក​កំណត់​ត្រា​ការ​ផ្ទេរ​ខ្សែការពារ​កូរ៉េ​ខាងត្បូង Kim Min-jae ពី​ក្លិប Napoli ទៅ​ចូលរួម​ជាមួយ​ក្លិប Bayern Munich នៅ​ក្នុង​តម្លៃ ៥០ លាន​អឺ​រ៉ូ កាលពី​ឆ្នាំ ២០២៣​។ ស្រប​ពេល​ដែល Kaishu Sano ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយជា​ការ​បន្ថែម​គុណភាព​ថ្មី​មួយ​សម្រាប់​មហិច្ឆតា​របស់​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ក្នុង​ការ​ប្រជែង​ពានរង្វាន់​នា​រដូវ​កាល​ថ្មី​៕