ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup រក​ចំណូល​ឱ្យ FIFA ១៥​ពាន់​លាន​ដុល្លារ និង​ចាក់​បញ្ចូល​ ២០​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​សេដ្ឋកិច្ច​អា​មេ​រិ​ក

5 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ធនាគារ​អា​មេ​រិ​ក ឬ Bank of America កាលពី​ពេល​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ បាន​ចាក់​បញ្ចូល​ទឹកប្រាក់​ចំនួន ២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ក្នុង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​សហ​ម្ចាស់ផ្ទះ​រួម​ជាមួយ កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក ដោយ​ក្នុង​នោះ​ទីក្រុង​ម្ចាស់ផ្ទះ​មួយ​ចំនួន​រៀបចំ​ការ​ប្រកួត​បានឃើញ​ការ​កើនឡើង​ខ្លាំង​នៃ​ការ​ចំណាយ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​។ នេះ​បើ​តាម​ប្រភព​ពី Yahoo Sports ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦​។

របាយការណ៍​អំពី​ការ​ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​នេះ បាន​លេចឡើង បើ​ទោះបីជា​មានការ​ព្រួយបារម្ភ​ពី​មុន​មក​ថា កត្តា​មួយ​ចំនួន រួម​ទាំង​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) និង​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មានការ​រារែក​ចិត្ត និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​យ៉ាងណា​ក៏​ដោយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក Brian Moynihan នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អា​មេ​រិ​ក ដែល​ជា​អ្នក​ឧបត្ថម្ភ​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ បាន​ប្រាប់​ទូរទស្សន៍​អា​មេ​រិ​ក CBS News ថា ប្រហែល​ពាក់កណ្តាល​នៃ​សកម្មភាព​សេដ្ឋកិច្ច​សរុប ៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បង្កើត​ឡើង​ដោយ​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup គឺ​ស្ថិត​នៅ​ក្នុង​សហរដ្ឋអាមេរិក​។ លោក​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ បាន​បង្កើត​ឥទ្ធិពល​សេដ្ឋកិច្ច​ជាក់ស្តែង ហើយ​ការ​ចំណាយ​កំពុង​ហូរ​ចូល​ទៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​ហៅ​ថា អាជីវកម្ម​ដែល​មាន​ទីតាំង​ផ្ទាល់ ដូច​ជា បារ ភោជនីយដ្ឋាន និង​កន្លែង​ស្រ​ដៀង​គ្នា​នេះ និង​មិនមែន​កើតឡើង​តែ​ចំពោះ​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​កីឡដ្ឋាន​នោះ​ទេ​។

បើ​តាម​របាយការណ៍ Consumer Checkpoint សម្រាប់​ខែកក្កដា​របស់​ធនាគារ​អា​មេ​រិ​ក បាន​រក​ឃើញ​ថា ការ​ចំណាយ​តាម​រយៈ​កាត​ឥណទាន (Credit Card) និង​កាត​ឥណ​ពន្ធ (Debit Card) នៅ​ទូ​ទាំង​ប្រទេស មានការ​កើនឡើង ៦,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​នេះ​ជា​កំណើន​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យ៉ាងណាមិញ បើ​តាម​សារព័ត៌មាន The Wall Street Journal បាន​បង្ហាញ​ថា ទីក្រុង​ចំនួន ១១ នៅ​សហរដ្ឋអាមេរិក​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត មិន​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ស្មើគ្នា​នោះ​ទេ ដោយ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ (Philadelphia) និង​កាន់​សាស់ (Kansas) ត្រូវ​បាន​ចាត់ទុកជា​ទីក្រុង​កើប​លុយ​ដ៏​ធំធេង​។

ជាមួយ​គ្នា​នោះ បើ​តាម​ប្រភព​ពី​កាសែត The Guardian កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA នឹង​ប្រកាស​ពី​ប្រាក់​ចំណូល​បំបែក​កំណត់​ត្រា​ចំនួន ១៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​ប្រកួត World Cup នា​រដូវក្តៅ​នេះ ដែល​ជា​ចំនួន​លើស​ពី​គោលដៅ​កំណត់​មុន​ពេល​ចាប់ផ្តើម​ព្រឹត្តិការណ៍​យ៉ាង​ខ្លាំង​។

សមាគម​សមាជិក​របស់ FIFA ត្រូវ​បាន​ផ្តល់​ដំណឹង​អំពី​ការ​កើនឡើង​ប្រាក់​ចំណូល​ដោយ​លោក Gianni Infantino កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។ ដើម​ឡើយ ស្ថាប័ន​ក្បាលម៉ាស៊ីន​បាល់ទាត់​មួយ​នេះ​បាន​ប៉ាន់​ស្មានថា​នឹង​ទទួល​បាន​ប្រាក់​ចំណូល ១១ ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ប្រភព​នានា​បាន​បង្ហាញ​ថា សេវាកម្ម​បដិសណ្ឋារកិច្ច និង​ការ​លក់​សំបុត្រ ជា​ពិសេស​តាម​រយៈ​ទីផ្សារ​លក់​បន្ត​ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក​នោះ គឺជា​ចំណែក​ដ៏​សំខាន់​ដែល​ធ្វើ​ឱ្យ​មានការ​កើនឡើង​ប្រាក់​ចំណូល​ដ៏​មហាសាល​នេះ ដ្បិត FIFA ទទួល​បាន​កម្រៃជើងសារ ១៥% ពី​អ្នកទិញ និង ១៥% ទៀត​ពី​អ្នកលក់ នៅ​លើ​ទីផ្សារ​លក់​បន្ត​នោះ​។

តាម​រយៈ​ប្រាក់​ចំណូល​ជា​កំណត់​ត្រា​នេះ បណ្តា​សមាគម​បាល់ទាត់​ជា​សមាជិក FIFA នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កញ្ចប់​ថវិកា​ដែល​បាន​ពង្រីក​បន្ថែម​សម្រាប់​ព្រឹត្តិការណ៍ World Cup បើ​ទោះបីជា​ព័ត៌មាន​លម្អិត​មិន​ទាន់​ត្រូវ​បាន​សម្រេច​ជា​ស្ថាពរ​ក៏​ដោយ​៕