យប់នេះ! កម្ពុជា ឬ សិង្ហបុរី រកបាន៣ពិន្ទុពីជំនួបបើកឆាកពានរង្វាន់ជើងឯកអាស៊ានឆ្នាំ ២០២៦?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នៅវេលាម៉ោង ៧ យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាជំនួបបើកឆាកពូល A ពានរង្វាន់ ASEAN Hyundai Cup ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយក៏ជាជំនួបអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតពានរង្វាន់ជើងឯកតំបន់អាស៊ានមួយនេះផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា កន្លងទៅ លោក Koji Gyotoku គ្រូបង្វឹកក្រុមកម្ពុជាបានបង្ហាញការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ។ លោកបានបញ្ជាក់ជាថ្មី ចំពោះការអវត្តមានកីឡាករសំខាន់ៗមួយចំនួនថា មិនមានបញ្ហាចោទសម្រាប់លោកឡើយ លោកជឿជាក់លើកូនក្រុម ក៏ដូចជាព្យាយាមឱ្យអស់ពីសមត្ថភាពជាមួយធនធានកីឡាករដែលមាន។
ដោយឡែក លោក Gavin Lee គ្រូក្រុមភ្ញៀវសិង្ហបុរី ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយលោកបញ្ជាក់ថា ក្រុមបានត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតប្រជែង បន្ទាប់ពីការប្រមូលផ្ដុំត្រៀមខ្លួន ៣សប្ដាហ៍កន្លងមក ដោយមានការសហការដ៏ល្អពីបណ្តាក្លិបក្នុងស្រុក។
ក្រុមកម្ពុជា បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ១៧៥ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ខណៈក្រុមសិង្ហបុរីនៅចំណាត់ថ្នាក់ទី ១៤៨។ ក្រុមទាំងពីរមានប្រវត្តិជួបគ្នា ១៦ លើក គិតចាប់តាំងពីឆ្នាំ ១៩៥៧ ដោយកម្ពុជាធ្លាប់ទទួលជ័យជម្នះទៅលើសិង្ហបុរីបានតែម្ដងគត់ ពោលគឺនៅឆ្នាំ២០១៦ ជំនួបមិត្តភាពអន្តរជាតិ ដោយលទ្ធផល ២-១។ ក្រឡេកទៅមើលលទ្ធផល ៥ ប្រកួតចុងក្រោយរបស់កម្ពុជា ឈ្នះ ២ ស្មើ ១ និងចាញ់ ២ ចំណែកសិង្ហបុរី ឈ្នះ ៣ និងចាញ់ ២។
គួរបញ្ជាក់ថា ការប្រកួតជើងឯកតំបន់អាស៊ានឆ្នាំ២០២៦នេះ បានបែងចែកជា ២ ពូល ដោយកម្ពុជាស្ថិតនៅក្នុងពូល A រួមជាមួយវៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងទីម័រខាងកើត ហើយក្រុមលេខ ១ និងលេខ ២ នឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដ្បិតកម្ពុជាធ្វើជាម្ចាស់ផ្ទះចំនួន ២ ប្រកួតនៃវគ្គសន្សំពិន្ទុក្នុងពូល។
ក្រោយចប់ការប្រកួតនៅយប់នេះ កម្ពុជានឹងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្របពេលសិង្ហបុរីត្រូវទទួលស្វាគមន៍ក្រុមទីម័រខាងកើត៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា



ចែករំលែកព័តមាននេះ