ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់ទះ​បុរស​កម្ពុជា បង្ហាញ​ឆ​ន្ទះ​ទម្លាក់​ថៃ​ចេញពី​ការ​ប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់ SEA V.Cup 2026 នៅ​ឥណ្ឌូ​ណេ​ស៊ី​

3 ថ្ងៃ មុន

ឥណ្ឌូ​ណេ​ស៊ី​ ៖ ក្រុម​បាល់ទះ​បុរស​កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជួប​ក្រុម​បាល់ទះ​បុរស​ថៃ​នៃ​ពានរង្វាន់
SEA V.Cup ជើង​ទី​២​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីបន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​បាល់ទះ​បុរស​ហ្វី​លីពី​ន ៣​សិត​ទល់​នឹង​០ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦​។

មុន​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុមបាល់ទះ​បុរស​កម្ពុជា បាន​បង្ហាញ​ឆ​ន្ទះ​រួម​គ្នា ក្នុង​ការ​ទម្លាក់​ក្រុម​បាល់ទះ​បុរស​ថៃ​ចេញពី​ការ​ប្រកួត​ជើង​ទី​២ នៃ​ពានរង្វាន់ SEA V-Cup 2026 ម្តងទៀត ទោះបីជា​ស្ថានភាព​កីឡាករកម្ពុ​ជាមួយ​ចំនួន​នៅ​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ក្តី​បារម្ភ​ក៏​ដោយ​។

ការ​ត្រៀម​ចិត្ត​កាយ​ដើម្បី​ឡើង​ទៅ​ជួប​ក្រុមថៃ ជា​ថ្មី​នេះ គឺ​បន្ទាប់​ពី​ក្រុម​កម្ពុជា បាន​បន្ត​យកឈ្នះ​លើ​ក្រុម​ហ្វី​លី​ពី​ន ៣-០ ជាមួយ​គ្រាប់បាល់ ២៥-២០ ២៥-២១ និង​២៦-២៤ កាលពី​រាត្រី​ថ្ងៃ​ទី​២៣ កក្កដា ហើយ​ពួក​គេ មិនជឿ​ថា ហ្វី​លី​ពី​ន នឹង​អាច​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី ៣-០ ក្នុង​ការ​ប្រកួត​ចុង​ក្រោយប្រចាំ​ពូ​ល​A នៅ​ថ្ងៃ​ទី​២៤ កក្កដា ដើម្បី​ទម្លាក់កម្ពុជា ចេញពី​លេខ​២​វិញ​នោះ​ទេ ខណៈ​កម្ពុជា ក៏​ទើបបាន​ចាញ់​ឥណ្ឌូ​ណេ​ស៊ី ៣-០ ដែរ​នោះ​។

ការ​យកឈ្នះ​ក្រុម​ហ្វី​លី​ពី​ន​៣​សិត​ទល់​នឹង​០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ ក្រុម​កម្ពុជា​បាន​ប្តូរផ្តាច់ និង​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​សម្រេច​បាន​លទ្ធផល​នេះ ព្រោះ​វា​ជា​ច្រក​តែ​មួយ​គត់ ដែល​ជួយ​ឱ្យ​ពួក​គេ​បាន​ឡើង​ទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​៣​សិត​០ នៅ​ថ្ងៃ​បើក​ឆាក​នោះ​។ នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម​ហ្វី​លី​ពី​ន​នោះ គឺ​អ្នក​លើក​បាល់​ដៃ​ទី​១ សួន ចាន់​ណា​រ៉ូ បាន​ខំប្រឹង​លេង​ទាំង​សុខភាព​មិន​អំណោយផល រីឯ ផុល រតនៈ ត្រូវ​បាន​គ្រាហ៍​ចេញពី​ទីលាន ក្រោយ​មាន​បញ្ហា​របួស​កជើង​ស្តាំ ។ ចំណែក​ស្មា​ត់​ស្តាំ​មាន​កម្ពស់​ខ្ពស់​ជាងគេ ពិន សា​រុន បាន​របួស​រលាត់ស្បែក​លើ​ថ្ងាស​មួយ​ដុំ ខណៈ​អ្នក​ផ្សេង​ទៀត ក៏​មាន​សភាព​ទ្រុឌទ្រោម​ផ្នែក​គុណភាព​កម្លាំង​ផង​ដែរ​។

ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់ សួន ចាន់​ណា​រ៉ូ មាន​អាកា​រៈ​វិលមុខ និង​បាន​ក្អូ​ត​ចង្អោរ ព្រោះ​អស់​ថា​ពល​ខ្លាំង​ពេក ហើយ​រូបគេ​ត្រូវ​បាន​នាំ​យក​ទៅ​ដាក់​សេរ៉ូម ដើម្បី​មាន​កម្លាំង​វិញ ។ ចំណែក​របួស​កជើង​ស្តាំ​របស់ ផុល រតនៈ ក៏​មិន​ទាន់​ប្រាកដ​ថា អាច​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​ថៃ នៅ​ថ្ងៃ​ទី ២៥ ខែកក្កដា​នោះ​ដែរ ខណៈ​របួស​លើ​ថ្ងាស​របស់​ពិន សា​រុនមិន​មាន​បញ្ហា​អ្វី​ធំដុំ​រំខាន​ដល់​ការ​ប្រកួត​នោះ​ទេ​។

តាម​រយៈ​ការ​ឡាយ​វី​ដេ​អូ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​សួរ​ពី​ចំណាប់អារម្មណ៍​ទៅ​គ្រប់​កីឡាករ និង​គ្រូបង្វឹក ហើយ​ពួក​គេ​សុទ្ធតែ​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មោះមុត ក្នុង​ការ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ថៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ ពួក​គេ​រំពឹង​ថា នឹង​អាច​ទម្លាក់​ថៃ​ម្តងទៀត ដើម្បី​ឡើង​ទៅ​ការពារ​តំណែង​ជើងឯក ដែល​ពួក​គេ​ដណ្តើម​បាន កាល​ប្រកួត​ជើង​ទី​២ នៃ​ពាន SEA V-Cup 2026​នេះ នៅ​ទឹកដី​ប្រទេស​ហ្វី​លី​ពី​ន​។

លោក នៅ សា​ម៉េ​ត គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៥ខែកក្កដា​នេះ យើង​នឹង​បាន​ជួប​គូប្រកួត​ដែល​ចង់​ជួប​ហើយ ហើយ​អ្វី​ដែល​សំខាន់ យើង​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ដើម្បី​ឱ្យ​ទទួល​បាន​លទ្ធផល​ដូចកាល​មុន​អ៊ីចឹង​។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជើង​ទី​១ នៃ​ពានរង្វាន់ SEA V-Cup 2026 នៅ​ប្រទេស​ហ្វី​លី​ពី​ន ក្រុម​បាល់ទះ​កម្ពុជា បាន​ទម្លាក់​ក្រុម​បាល់ទះ​បុរស​ថៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តាម​រយៈ​ការ​យកឈ្នះ​ដោយ​លទ្ធផល៣​សិត​ទល់​នឹង​១ ហើយ​កម្ពុជា​បាន​បន្ត​យកឈ្នះ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​៣​សិត​ទល់​នឹង​២​នៅ​វគ្គផ្តាច់ព្រ័ត្រ​ដើម្បី​លើក​ពាន SEA V-Cup 2026ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង ដែល​ក្រុម​បាល់ទះ​បុរស​កម្ពុជា បាន​ឈ្នះ​ពាន និង​មេដាយមាស កម្រិត​អន្តរជាតិ ៕