ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ពី​អា​ល្លឺ​ម៉​ង់​-​ហូ​ឡង់ ធ្វើ​ឱ្យ​អា​មេ​រិ​ក​យក​បច្ចេកវិទ្យា​រលក​សញ្ញា​ខួរក្បាល​មក​ពង្រឹង​ការ​ហាត់​ទាត់​ប៉េ​ណា​ល់​ទី

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ជា​ការ​ត្រៀមខ្លួន​ក្នុង​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ក្រុម​ជម្រើសជាតិ​សហរដ្ឋអាមេរិក​ក្នុង​នាម​សហ​ម្ចាស់ផ្ទះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​រលក​សញ្ញា​ខួរក្បាល ដើម្បី​បង្កើន​កម្រិត​ផ្ដោតអារម្មណ៍​កីឡាករ​ឱ្យ​បាន​ល្អ​បំផុត​។ ដ្បិត​ការ​ធ្លាក់​របស់​ក្រុម​ខ្លាំង​អា​ល្លឺ​ម៉​ង់ និង​ហូ​ឡង់ ត្រឹម​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី គឺជា​មេរៀន​ដ៏​ភ្ញាក់ផ្អើល​មួយ សម្រាប់​ដទៃ​ទៀត ដែល​កំពុង​បន្ត​ប្រកួតប្រជែង​។ នេះ​បើ​តាម​ប្រភព​ពី The New York Times និង Znews ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៦​។

តាម​រយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ Neuro11 ក្រុមការងារ​គ្រូបង្វឹក​របស់​ម្ចាស់ផ្ទះ​អា​មេ​រិ​ក បាន​បំពាក់​ឧបករណ៍​ចាប់​សញ្ញា (Sensor) កម្រិត​ខ្ពស់​ដល់​កីឡាករ​ទាំងអស់ ដើម្បី​តាមដាន​សកម្មភាព​ប្រព័ន្ធ​ប្រសាទ អំឡុង​ពេល​ហ្វឹកហាត់​។ ទិន្នន័យ​នេះ​អនុញ្ញាត​ឱ្យ​អ្នកជំនាញ​វាស់វែង​ពី​កម្រិត​នៃ​ការ​ផ្ដោតអារម្មណ៍ ផ្អែក​លើ​វិទ្យាសាស្ត្រ ដោយ​កំណត់​បាន​ស្ថានភាព​ផ្លូវចិត្ត​ដ៏​ល្អ​បំផុត និង​ជ្រុង​នៃ​ការ​ទាត់​បាល់​ដែល​សម​ស្រប​បំផុត​សម្រាប់​កីឡាករ​ម្នាក់​ៗ នៅ​លើ​ចំណុច​ប៉េ​ណា​ល់​ទី​។

កីឡាករ​ត្រូវ​បាន​បំពាក់​ឧបករណ៍​ចាប់​សញ្ញា​លើ​ក្បាល និង​ឧបករណ៍​បញ្ជូន​សញ្ញា​នៅ​លើ​ពោះ ដើម្បី​កត់ត្រា​សកម្មភាព​នៅ​ក្នុង​ផ្នែក​បញ្ជា​ចលនា និង​ខួរក្បាល​ផ្នែក​ខាង​មុខ​។​យោង​តាម​ការ​សិក្សា នៅ​ពេល​ដែល​កីឡាករ​មាន​អារម្មណ៍​ភ័យ ឬ​បារម្ភ​ខ្លាំង​ពី​ការ​ទាត់​នោះ ខួរក្បាល​ផ្នែក​ខាង​មុខ នឹង​ដំណើរការ​ខ្លាំង​ជាង​មុន ដែល​នាំ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ទាត់​ខុស​គោលដៅ​។ ផ្ទុយ​ទៅ​វិញ ការ​រក្សា​បាន​កម្រិត​ផ្ដោតអារម្មណ៍​ថេរ នឹងនរ ជួយ​ឱ្យ​កីឡាករ​ឈាន​ដល់​ស្ថានភាព​មួយ​ហៅ​ថា ស្ថានភាព​ធ្វើ​អ្វីមួយ​បាន​ល្អ​បំផុត ដែល​អាច​ជម្រុះ​ចោល​រាល់​សម្ពាធ​ទាំងឡាយ ពី​សំឡេង​ហ៊ោកញ្ជ្រៀវ​របស់​ទស្សនិកជន ឬ​ការ​ឌឺដង​ពី​អ្នកចាំទី​។

ការ​រៀបចំ​នេះ​បាន​ក្លាយជា​ការងារ​ដ៏​សំខាន់​បំផុត មុន​ពេល​ការ​ប្រកួត​ក្នុង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​ទល់​នឹង​បូ​ស្នី នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) ដោយ​កីឡាករ​អា​មេ​រិ​ក​ត្រូវ​ប្រឈម​មុខជា​មួយ​អ្នកចាំទី Nikola Vasilj ដែល​មាន​ប្រវត្តិ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​យ៉ាង​ល្អ រហូត​ដល់​ទៅ ៣៧,២%​។

ដោយសារ​តែ​ការ​ប្រើប្រាស់​ទិន្នន័យ​វិទ្យាសាស្ត្រ​ជំនួស​ឱ្យ​ការ​ស្មាន​តាម​អារម្មណ៍ អា​មេ​រិ​ក​សង្ឃឹមថានឹង​អាច​ជៀស​ផុត​ពី​ការ​ធ្លាក់​ចេញពី​ការ​ប្រកួត​ទាំង​ព្រឹក​ព្រលឹម ដូច​ជា​អា​ល្លឺ​ម៉​ង់ និង​ហូ​ឡង់ ដែល​ទើបតែ​ហាលអាវ បន្ទាប់​ពី​ចាញ់​ការ​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​យ៉ាង​តានតឹង​។

នា​ពេល​បច្ចុប្បន្ន ព័ត៌មាន​លម្អិត​ផ្នែក​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ និង​ស៊ីជម្រៅ ត្រូវ​បាន​រក្សា​ទុកជា​ការ​សម្ងាត់ ដើម្បី​ការពារ​ផលប្រយោជន៍ និង​អត្ថប្រយោជន៍​ក្នុង​ការ​ប្រកួតប្រជែង​របស់​ក្រុម​ម្ចាស់ផ្ទះ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ឆ្នាំ​នេះ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>