អន្តរជាតិ ៖ អ៊ីរ៉ង់ត្រូវបានចាត់ទុកជាក្រុមធ្លាក់ចេញយ៉ាងល្វីងជូរចត់បំផុតពីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នៅក្នុងនាមជាក្រុមតែមួយគត់ដែលហាលអាវទាំងដែលមិនស្គាល់ពាក្យថា ចាញ់ នៅក្នុងយុទ្ធនាការនេះ។
អ៊ីរ៉ង់បានបញ្ចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ត្រឹមចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមក្រុមលេខ ៣ ល្អបំផុតទាំង ១២ ក្រុម ដែលចំណាត់ថ្នាក់ទី ១ ដល់ទី ៨ ទទួលបានសិទ្ធិបន្តឡើងទៅវគ្គ៣២ក្រុមចុងក្រោយ។
ទោះបីជាមានការលំបាកក្នុងការត្រៀមខ្លួនយ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់នៅតែអាចរកបាន៣ពិន្ទុ និងផលសងគ្រាប់បាល់ ០ (មិនជំពាក់គ្រាប់) ផងដែរ តាមរយៈការប្រកួតស្មើទាំង ៣ ប្រកួតជាមួយនូវែលសេឡង់ (២-២) បែលហ្សិក (០-០) និងអេហ្ស៊ីប (១-១) នៅក្នុងពូល G។ ក្រៅអំពីអ៊ីរ៉ង់ ក៏មានក្រុម១ទៀត ដែលធ្វើបានស្មើទាំង៣ប្រកួតក្នុងវគ្គចែកពូលដែរនោះគឺ កាប់វែរ (Cape Verde) ប៉ុន្តែពួកគេបានឡើងទៅវគ្គបន្តក្នុងនាមក្រុមលេខ ២ នៅក្នុងពូល H។
បន្ទាប់ពីពូល G បានបញ្ចប់ អ៊ីរ៉ង់បានរង់ចាំអ៊ុតលទ្ធផលពីពូលផ្សេងទៀត ដើម្បីប្រជែងយកកៅអីមួយក្នុងចំណោមក្រុមលេខ៣ល្អបំផុត។ អំឡុងពេលភាគច្រើននៃថ្ងៃប្រកួតចុងក្រោយវគ្គចែកពូល ក្រុមពីអាស៊ីខាងលិចមួយនេះ នៅតែស្ថិតជាក្រុមមានឱកាសប្រជែងដើម្បីឡើងទៅវគ្គបន្ត។ ប៉ុន្តែចុងក្រោយបង្អស់ អ៊ីរ៉ង់ត្រូវបានហាលអាវដោយការខកចិត្តជាទីបំផុត ដោយសារការប្រកួតចុងក្រោយបង្អស់រវាងអាល់ហ្សេរី និងអូទ្រីស។
ជាក់ស្តែងនៅនាទី ៩០+៣ ដែលអាល់ហ្សេរីកំពុងនាំមុខ ៣-២ លើអូទ្រីស។ លទ្ធផលនេះបានរុញអូទ្រីសឱ្យធ្លាក់ទៅលេខ ៣ នៅក្នុងពូល J ដោយមាន ៣ពិន្ទុ និងផលសងគ្រាប់បាល់ -១ (ជំពាក់១គ្រាប់) និងរុញអ៊ីរ៉ង់ឱ្យឡើងទៅឈរលេខរៀងទី ៨ ក្នុងចំណោមក្រុមលេខ ៣ ល្អបំផុត ដែលជាចំណាយថ្នាក់អាចឡើងទៅវគ្គ ៣២ ក្រុម។ ប៉ុន្តែអ្វីៗ មិនដូចការរំពឹងទុកឡើយ ពោលគឺនៅនាទី ៩០+៦ ទៅហើយ ស្រាប់តែអូទ្រីសបានរកគ្រាប់បាល់តាមស្មើវិញ ៣-៣ យ៉ាងនឹកស្មានមិនដល់ ដណ្តើមបាន១ពិន្ទុពីការប្រកួតនេះ និងបានផ្លាស់ប្តូរស្ថានភាពនៃការប្រជែងកៅអីវគ្គបន្តទាំងស្រុង ដោយនៅក្នុងរយៈពេលមិនដល់៣នាទីផង អ៊ីរ៉ង់ដែលស្ទើរតែធានាបានកៅអីវគ្គ៣២ក្រុមទៅហើយនោះ បែរជាត្រូវធ្លាក់ត្រឹមវគ្គចែកពូលទៅវិញ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានពណ៌នាលទ្ធផលនេះ គឺជារឿងដ៏ឈឺចាប់ខ្លោចផ្សាបំផុត ខណៈដែលកាសែត The Guardian លើកឡើងថា អ៊ីរ៉ង់ជាក្រុមមួយក្នុងចំណោមក្រុមដែលបានជួបការផ្លាស់ប្តូរវាសនាមិននឹកស្មានដល់បំផុតក្នុងវគ្គចែកពូលព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ នេះក៏ជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំផងដែរ ដែលក្រុមមិនស្គាល់ចាញ់សោះបែរជាត្រូវធ្លាក់ត្រឹមវគ្គចែកពូល ចាប់តាំងពីនូវែលសេឡង់ក៏ជួបរឿងបែបនេះ កាលពីព្រឹត្តិការណ៍ឆ្នាំ ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូងមក៕ ប្រភព ៖ VnEpress





ចែករំលែកព័តមាននេះ