ប្រទេសអាហ្សង់ទីន ៖ ការព្យាករណ៍របស់វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona កាលពីឆ្នាំ ២០១៨ ស្រាប់តែបានលេចឡើងសារជាថ្មី និងត្រូវចំការពិតយ៉ាងចម្លែក នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ នេះបើតាមប្រភពពីកាសែត The Sun ចេញផ្សាយកាលពីងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ពោលរយៈពេលជិត ៦ ឆ្នាំ បន្ទាប់ពីការទទួលមរណភាពរបស់លោក Maradona កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារជំងឺគាំងបេះដូងនៅក្នុងអាយុ ៦០ឆ្នាំ វីដេអូសម្ភាសន៍របស់លោកបានផ្ទុះការចាប់អារម្មណ៍ខ្លាំងឡើងវិញនៅលើបណ្តាញសង្គម ដោយមានមនុស្សជាច្រើនលើកឡើងថា លោកបានព្យាករណ៍យ៉ាងត្រឹមត្រូវនូវអ្វីដែលកំពុងកើតឡើងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៨ ភ្លាមៗ បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសផ្លូវការថា សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងធ្វើជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៦ នោះ លោក Maradona បានបង្ហាញការមិនពេញចិត្ត និងរិះគន់ចំៗ។ លោកអះអាងថា លីគបាល់ទាត់នៅតំបន់អាមេរិកខាងជើងខ្វះខាតបរិយាកាសបាល់ទាត់បែបប្រពៃណី និងបានសម្តែងការព្រួយបារម្ភថា កត្តាពាណិជ្ជកម្មនឹងមានឥទ្ធិពលខ្លាំងជាងតម្លៃវិជ្ជាជីវៈកីឡា។
នៅពេលនោះ លោកបានលើកឡើងដូច្នេះថា «គ្មានចំណាយអារម្មណ៍ពិតប្រាកដនោះទេ។ ជនជាតិកាណាដាប្រហែលជាអ្នកជិះស្គីដ៏ល្អ ហើយជនជាតិអាមេរិកចង់ឱ្យមានការប្រកួត ៤ វគ្គ ក្នុង ១ វគ្គ ២៥ នាទី ដើម្បីបំពេញតម្រូវការផ្សព្វផ្សាយពាណិជ្ជកម្ម។ លោកក៏បានរិះគន់ចំពោះកង្វះវប្បធម៌បាល់ទាត់ពិតប្រាកដក្នុងតំបន់អាមេរិកខាងជើង ដោយបាននិយាយនៅពេលនោះថា «ម៉ិកស៊ិកមិនសមនឹងទទួលបានវានោះទេ (ម្ចាស់ផ្ទះ)។ ពេលម៉ិកស៊ិកប៉ះប្រេស៊ីល ឬអាល្លឺម៉ង់… គឺដឹងតែធ្លាក់ភ្លាម»។
មកដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ការព្យាករណ៍របស់លោក Maradona បានក្លាយជាការពិត។ ស្ថាប័ន FIFA ពិតជាបានសម្រេចដាក់បញ្ចូលវគ្គសម្រាកផឹកទឹក ឬ Hydration Breaks ចំនួន២លើកនៅរាល់ការប្រកួត ដែលធ្វើឱ្យការប្រកួតទាំងមូលត្រូវបែងចែកជា៤ដំណាក់កាលដូចជាការគិតមែន។ ការសម្រាកនីមួយៗ គឺមានរយៈពេលប្រហែល ៣ នាទីជាកំហិត ដោយជាទូទៅកើតឡើងចន្លោះនាទី ២២ ដល់ ២៥ ហើយច្បាប់នេះ ត្រូវអនុវត្តចំពោះគ្រប់ការប្រកួតទាំងអស់ ដោយមិនប្រកាន់ថា អាកាសធាតុ ឬស្ថានភាពទីលានបែបណានោះឡើយ។ ការប្រកួតតែ១គត់ ដែល FIFA បានលុបចោលជាបន្ទាន់វគ្គសម្រាកផឹកទឹក ដោយសារត្រូវបានផ្អាកមកពីលក្ខខណ្ឌអាកាសធាតុមានផ្គររន្ទះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង គឺជាជំនួបរវាងបារាំង និងអ៊ីរ៉ាក់ ដែលបានជួបប្រទះការយឺតយ៉ាវអស់រយៈពេល២ម៉ោង។
បទប្បញ្ញត្តិថ្មីនេះ ក៏បានបង្កឱ្យមានមតិចម្រុះ និងការវែកញែកដេញដោលគ្នាយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញ កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ។ ទស្សនិកជនជាច្រើនបានស្រែកមិនពេញចិត្ត (Boo) នឹងវគ្គសម្រាកទាំងនោះ ដោយពួកគេយល់ថាបានកាត់ផ្តាច់ចង្វាក់លេង និងបំផ្លាញភាពជក់ចិត្តនៃការប្រកួត ខណៈដែលវាផ្តល់ឱកាសឱ្យស្ថានីយទូរទស្សន៍នានាមានពេលរកលុយពីការផ្សាយពាណិជ្ជកម្មកាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ FIFA បានបញ្ជាក់ថា ការសម្រេចចិត្តដែលបានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២៥នេះ គឺធ្វើឡើងនៅក្នុងគោលបំណងធានានូវលក្ខខណ្ឌប្រកួតល្អបំផុតសម្រាប់សុខភាព និងសុវត្ថិភាពបណ្តាកីឡាករ។ ការសម្រេចចិត្តនេះ ក៏ផ្អែកទៅលើបទពិសោធន៍ដែលដកស្រង់ចេញពីការប្រកួតមុនៗ រួមទាំងពានរង្វាន់ FIFA Club World Cup ដែលបានរៀបចំឡើងនៅទឹកដីសហរដ្ឋអាមេរិកផងដែរ។
ប៉ុន្តែទោះបីជាមានការបកស្រាយបែបនេះក្តី ក៏ការផ្លាស់ប្តូរទម្រង់នៃការប្រកួតនេះ នៅតែប្រឈមមុខនឹងការប្រឆាំង និងរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់ជុំវិញពិភពលោក។
គួររំលឹកថា នៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ការសម្រាកបែបនេះ គឺជាជម្រើសប៉ុណ្ណោះ ហើយត្រូវបានអនុវត្តលុះត្រាតែសីតុណ្ហភាពមានកម្រិតលើសពី ៣២ អង្សាសេ។ ទោះយ៉ាងណាក៏ដោយ លក្ខខណ្ឌនោះមិនសូវជួបប្រទះញឹកញាប់ទេ បន្ទាប់ពីម្ចាស់ផ្ទះបានបន្សាបកម្រិតកម្តៅជាមួយនឹងបណ្តាកីឡដ្ឋានដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ