សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ជាតិទុយនីស៊ីបានបង្ករឿងដ៏ភ្ញាក់ផ្អើល ដែលបង្ខំឱ្យការប្រកួតត្រូវបានផ្អាកយ៉ាងចម្លែកបំផុតនៅក្នុងប្រវត្តិសាស្ត្រ World Cup ឆ្នាំ២០២៦ បន្ទាប់ពីពួកគេប្រកួតវគ្គទី ២ ដោយមានកីឡាករត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយសារតែការភ្លេចភ្លាំង និងការធ្វេសប្រហែសផ្នែកគ្រប់គ្រង មិនមែនដោយសារតែកីឡាករបានកាតក្រហមនោះទេ។
ការចាប់ផ្ដើមវគ្គទី២របស់ក្រុមទុយនីស៊ីមានភាពរញ៉េរញ៉ៃបន្តិច នៅពេលនាឡិការាប់ថយក្រោយកំពុងដើរទៅមុខ ក្រុមមកពីអាហ្វ្រិកខាងជើងមួយនេះ បែរជាមានកីឡាករត្រឹម១០នាក់ប៉ុណ្ណោះលើទីលាន ដែលជារឿងដ៏ហួសចិត្តបំផុត នៅពេលការប្រកួតបានចាប់ផ្ដើមទៅហើយ ខណៈដែលខ្សែការពារទុយនីស៊ីម្នាក់ដែលស្ថិតលើទីលាន ក៏បានព្យាយាមធ្វើសញ្ញាប្រាប់ទៅអាជ្ញាកណ្តាលយ៉ាងខ្លាំងថា ក្រុមរបស់ខ្លួនខ្វះមនុស្ស។
ជាមួយនឹងភាពមិនប្រកតីនេះហើយ ទើបលោកស្រីអាជ្ញាកណ្ដាល Katia Itzel Garcia បានផ្លុំកញ្ចែភ្លាមៗ ដើម្បីផ្អាកការប្រកួត និងរាប់កីឡាករលើទីលាន ទើបដឹងថា កីឡាករដែលអវត្តមាននោះ គឺខ្សែបម្រើការពារ Ellyes Skhiri។ ក្រោយមក ខ្សែបម្រើការពារវ័យ៣១ឆ្នាំរូបនេះ ត្រូវបានគេរត់ចេញពីច្រកផ្លូវចេញចូលរបស់កីឡាករ ដែលធ្វើឱ្យអ្នកទស្សនាផ្ទាល់ហួសចិត្តយ៉ាងខ្លាំង ហើយទាល់តែទុយនីស៊ីមានកីឡាករគ្រប់ចំនួន ១១ នាក់ ទើបការប្រកួតត្រូវបានអនុញ្ញាតឱ្យបន្តឡើងវិញជាធម្មតា។
បញ្ហានេះបានធ្វើឱ្យខូចខាតដល់រូបភាពរបស់ក្រុមទុយនីស៊ី បន្ថែមទៀតនៅក្នុងភ្នែករបស់អ្នកគាំទ្រពួកគេ ដ្បិតក្រុមមួយនេះ មិនត្រឹមតែលេងមិនបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការរៀបចំខ្វះវិជ្ជាជីវៈ នៅដើមតង់ទី២ទៀតផង។ រូបភាពនោះទៀតសោត ក៏ឆ្លុះបញ្ចាំងផ្នែកខ្លះពីទម្រង់លេងមិនល្អរបស់ទុយនីស៊ី ពិសេសខ្វះការផ្តោតអារម្មណ៍ និង លេងមិនសង់តង់គ្នា។ ជាលទ្ធផល នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា (ម៉ោងនៅកម្ពុជា) ទុយនីស៊ីដែលអស់ឱកាសរួចទៅហើយនោះ បានចាញ់ហូឡង់ដោយលទ្ធផល ១-៣ ដែលបានបញ្ចប់យុទ្ធនាការ World Cup ឆ្នាំ ២០២៦ របស់ពួកគេក្នុងពូល F ចាញ់ទាំង ៣ ប្រកួតតែម្តង៕ ប្រភព ៖ Znews



ចែករំលែកព័តមាននេះ