ប្រទេសហ្គាណា ៖ ជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីលោក Nana Kwaku Bonsam គ្រូមន្តអាគមជនជាតិហ្គាណាដ៏ល្បីឈ្មោះ កាលពីថ្មីៗនេះ បានប្រកាសថា លោកបានដកមន្តអាគមចេញពីប្រធានក្រុមអង់គ្លេស Harry Kane ហើយ ដូច្នេះខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចរកគ្រាប់បានវិញធម្មតា។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពី Kane មិនអាចរកគ្រាប់បាល់បញ្ចូលទីបាននៅក្នុងជំនួបដែលអង់គ្លេសស្មើហ្គាណាលទ្ធផល ០-០ ការប្រកួតជុំទី ២ ពូល L ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ ខែមិថុនា កន្លងទៅ(ម៉ោងនៅកម្ពុជា)។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
នៅមុនការប្រកួតរវាងអង់គ្លេស-ហ្កាណា លោក Nana Kwaku Bonsam បានប្រកាស ឱ្យគ្រប់គ្នាដឹងថា លោកបានដាក់មន្តអាគមងងឹតចងជើងខ្សែប្រយុទ្ធមុតស្រួល Harry Kane មិនឱ្យស៊ុតបញ្ចូលទីបាន ប៉ុន្តែលោកបានបញ្ជាក់ថា មិនបានដាក់មន្តអាគមឱ្យរូបគេមានរបួសនោះទេ។
ងាកមក Kane បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៤-២ របស់អង់គ្លេសទៅលើក្រូអាស៊ី ការប្រកួតបើកឆាករបស់ពួកគេ។ ប៉ុន្តែពេលប៉ះហ្កាណា បើទោះជាអង់គ្លេសគ្រប់គ្រងបាល់រហូតដល់ទៅ ៧៨,៨% ក៏ពិតមែន ក៏ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bayern Munich រូបនេះ ដែលទទួលបានឱកាសដ៏ល្អជាច្រើន ប៉ុន្តែបែរជាមិនអាចរកគ្រាប់បាល់បញ្ចូលទីបាន ជាពិសេសឱកាសមាសនៅម៉ោងបន្ថែម ដែលធ្វើឱ្យអង់គ្លេសខកខាន៣ពិន្ទុដ៏សំខាន់ ដើម្បីធានាកៅអីឡើងទៅវគ្គ៣២ក្រុមចុងក្រោយ។
យ៉ាងណាមិញ ក្រោយចប់ការប្រកួត គ្រូមន្តអាគមរូបនេះ បានបង្ហោះវីដេអូថ្មីមួយនៅលើបណ្តាញសង្គម ដោយនិយាយទៅកាន់ខ្សែប្រយុទ្ធរបស់ក្លិប Harry Kane ថា «ឥឡូវនេះខ្ញុំនឹងដកអាមន្តអាគមលើ Harry Kane ហើយ ដើម្បីឱ្យគេអាចរកគ្រាប់បាល់បាននៅប្រកួតបន្ទាប់។ Harry ខ្ញុំនឹងទៅជួបអ្នក ជឿខ្ញុំចុះ កុំប្រកាន់អី យើងជាមិត្តនឹងគ្នាទេ»។
គួរបញ្ជាក់ថា ការប្រកួតចុងក្រោយពូល L ដែលធ្វើឡើងដំណាលគ្នា ពោលនៅម៉ោង ៤ ទៀបភ្លឺថ្ងៃទី២៨ ខែមិថុនា (ម៉ោងនៅកម្ពុជា) អង់គ្លេស ប៉ះ ប៉ាណាម៉ា ស្របពេលហ្កាណា ប៉ះ ក្រូអាស៊ី។ បច្ចុប្បន្ន អង់គ្លេសឈរនៅកំពូលតារាងមាន ៤ពិន្ទុស្មើជាមួយហ្កាណា រីឯក្រូអាស៊ីនៅលេខ ៣ មាន៣ពិន្ទុ ខណៈដែលប៉ាណាម៉ាគ្មានពិន្ទុរាប់ អស់ឱកាសត្រឹមវគ្គចែកពូល៕




ចែករំលែកព័តមាននេះ