កម្ពុជាប្រារព្ធទិវាចលនាអូឡាំពិកក្រោមមូលបទ «ក្រុមកីឡាកម្ពុជាឆ្ពោះទៅអូឡាំពិក2028»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រារព្ធទិវាចលនាអូឡាំពិកក្រោមមូលបទ«ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិកនៅទីក្រុងឡូសអានជឺឡេស សហរដ្ឋអាមេរិក ឆ្នាំ២០២៨»។នេៈបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីថោង ខុន បានមានប្រសាសន៍ថា ទិវាអូឡាំពិកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយបណ្ដាប្រទេសជាសមាជិក ដើម្បីរំលឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប និងការបង្កើតគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅទីក្រុងបារីសប្រទេសបារាំង នាឆ្នាំ១៨៩៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Pierre de Coubertin។
ឯកឧត្តមបណ្ឌិតប្រធានអូឡាំពិកកម្ពុជាបានមានប្រសាសន៍ឱ្យដឹងបន្តថា ទិវាអូឡាំពិកមិនមែនគ្រាន់តែជាការលេងអបអរសាទរកីឡាប៉ុណ្ណោះនោះទេ ប៉ុន្តែជាការផ្សព្វផ្សាយតម្លៃស្នូលនៃចលនាអូឡាំពិក រួមមាន ឧត្តមភាព មិត្តភាព និងការគោរព ដែលជំរុញឱ្យមនុស្សគ្រប់រូបចូលរួមក្នុងសកម្មភាពកីឡា រស់នៅប្រកបដោយសុខភាពល្អ ពង្រឹងសាមគ្គីភាព និងលើកកម្ពស់សន្តិភាពតាមរយៈកីឡា។
ឯកឧត្តមបណ្ឌិតថោង ខុន បានបន្តឱ្យដឹងទៀតថា នេះជាការរំលឹកខួបលើកទី១៣២នៃចលនាអូឡាំពិកសម័យទំនើប។ រីឯកម្ពុជាក៏បានបង្កើតឱ្យមានយុទ្ធនាការប្រជាជនមួយនាក់លេងកីឡាមួយប្រភេទប្រចាំជីវិត ដែលជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលសម្ដេចបានប្រកាសជាផ្លូវការនៅក្នុងឱកាសបើកកីឡាជាតិលើកទី១ឆ្នាំ២០១៦។
នៅក្នុងឱកាសប្រារព្ធទិវាចលនាអូឡាំពិកឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីសូមអំពាវនាវទៅដល់ក្មួយៗសិស្សានុសិស្ស និងអត្តពលិកទាំអស់ចូលរួមបំផុសកីឡា ហាត់ប្រាណនិងលេងកីឡាអស់មួយជីវិត ដើម្បីឱ្យមានសុខភាព ល្អ សុខភាពរាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
គួររំលឹកថា នៅក្នុងឱកាសប្រារព្ធទិវាចលនាអូឡាំពិកខួបលើកទី១៣២ នាថ្ងៃទី២៣ ខែមិថុនាឆ្នាំ១៨៩៤-ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ មានការចូលរួមពីសំណាក់សិស្សានុសិស្សមកពីវិទ្យាល័យក្នុងរាជធានីភ្នំពេញប្រមាណជាង២០០នាក់ ព្រម
ទាំងអតីតកីឡាអូឡាំពិករបស់កម្ពុជាជាច្រើនរូប និងមានកម្មវិធីរត់កម្សាន្តចម្ងាយ១៥០០ម៉ែត្រផងដែរ ៕







ចែករំលែកព័តមាននេះ