ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក្ស​ឡា​ទី​ន​ប៉ះ​យក្ស​អាស៊ី កក្រើក​វគ្គ​៣២​ក្រុម ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​វគ្គ​៣២​ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដែល​អ្នកគាំទ្រ​កំពុង​តែ​ទន្ទឹងរង់ចាំ គឺ​ជំនួប​រវាង​យក្ស​អា​មេ​រិ​កឡា​ទី​ន ប្រេ​ស៊ី​ល និង​យក្ស​អាស៊ី ជប៉ុន នៅ​ម៉ោង ១២ រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ (​ម៉ោង​នៅ​កម្ពុជា​) ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន NRG ទឹកដី​សហរដ្ឋអាមេរិក​។

ចាត់ទុកជា​ការ​ប្រកួត​សងសឹក​សម្រាប់​ប្រេ​ស៊ី​ល ដោយសារ​តែ​ជួប​គ្នា​ចុង​ក្រោយបង្អស់ កាលពី​ខែតុលា ឆ្នាំ​២០២៥ ក្នុង​ជំនួប​មិត្តភាព ប្រេ​ស៊ី​ល​នាំមុខ​មុន​ដល់​ទៅ​២​គ្រាប់ ប៉ុន្តែ​ជា​លទ្ធផល​ចុង​ក្រោយ ជប៉ុន​វាយបក​យកឈ្នះ​វិញ ៣​គ្រាប់​យ៉ាង​ភ្ញាក់ផ្អើល​។

ទាំង​ជប៉ុន និង​ប្រេ​ស៊ី​ល សុទ្ធតែ​បាន​អង្រួន​វគ្គ​ចែក​ពូ​ល​ឱ្យ​កក្រើក និង​ជក់ចិត្ត​ដិតអារម្មណ៍​យ៉ាង​ខ្លាំង​ដូច​គ្នា​។ ក្រុម​សាំ​បា​ប្រេ​ស៊ី​ល ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti បញ្ចប់​នៅ​កំពូល​តារាង​ពូ​ល C មាន​៧​ពិន្ទុ ក្រោយ​ស្មើ​ម៉ា​រ៉ុ​ក ១-១ ឈ្នះ​ហៃ​ទី ៣-០ មុន​បន្ត​ឈ្នះ​ស្កុ​តឡែ​ន ដោយ​លទ្ធផល​ដូច​គ្នា​។ ប្រេ​ស៊ី​ល និង​ម៉ា​រ៉ុ​ក ដឹក​គ្នា​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ខណៈ​ស្កុ​តឡែ​ន​រង់ចាំ​អ៊ុត​លទ្ធផល​លេខ ៣ ល្អ​។

ចំណែក​ក្រុម​សា​មូ​រ៉ៃ​ខៀវ​ជប៉ុន​ឯណោះ​វិញ ក៏​មិន​អន់​ដែរ ក្រោយ​បញ្ចប់​នៅ​លេខ ២ ពូ​ល F មាន​៥​ពិន្ទុ​ដោយ​ស្មើ ២-២ យ៉ាង​ភ្ញាក់ផ្អើល​ជាមួយ​ហូ​ឡង់ មុន​លត់​ទុ​យ​នី​ស៊ី ៤-០ និង​ស្មើ​ស៊ុ​យ​អែ​ត ១-១​។ នៅ​ក្នុង​ពូ​ល​នេះ ហូ​ឡង់ និង​ជប៉ុន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ដែល​ស៊ុ​យ​អែ​ត​ឡើង​ក្នុង​នាម​ក្រុម​លេខ ៣ ល្អ ជាមួយ​៤​ពិន្ទុ​ក្នុង​ដៃ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)
-​ក្រុម​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ដោយ​ស្វ័យប្រវត្តិ រួម​មាន ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក​, អាហ្វ្រិក​ខាងត្បូង​, ស្វី​ស​, ម្ចាស់ផ្ទះ​កា​ណា​ដា​, ប្រេ​ស៊ី​ល​, ម៉ា​រ៉ុ​ក​, ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក​, អូស្ត្រាលី​, អា​ល្លឹ​ម៉​ង់​, កូត​ឌី​វ័​រ​, ហូ​ឡង់​, ជប៉ុន​, បារាំង​, ន័​រ​វែ​ស​, អា​ហ្ស​ង់​ទី​ន និង​កូ​ឡុំ​ប៊ី
-​ក្រុម​ឡើង​ក្នុង​នាម​លេខ ៣ ល្អ រួម​មាន បូ​ស្នី​, អេ​ក្វា​ឌ័​រ និង ស៊ុ​យ​អែ​ត
-​ក្រុម​អស់​ឱកាស​ត្រឹម​វគ្គ​ចែក​ពូ​ល រួម​មាន សាធារណរដ្ឋ​ឆែក​, កា​តា​, ហៃ​ទី​, តួ​ក​គី​យ៉េ​, គូ​រ៉ា​សៅ​, ទុ​យ​នី​ស៊ី និង ហ្ស៊​ក​ដា​នី​៕