ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ស្រក់​ទឹកភ្នែក​ថ្ងៃ​បង្ហាញខ្លួន​លើក​ដំបូង​ឱ្យ​ប្រេ​ស៊ី​ល ក្រោយ​ខកខាន​ជិត​១ ០០០​ថ្ងៃ

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ជិត​៣​ឆ្នាំ ពោល ៩៨១ ថ្ងៃ នៅ​ទីបំផុត ក្រុម​អ្នកគាំទ្រ​បានឃើញ​ខ្សែប្រយុទ្ធ​ឆ្នើម Neymar វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​ម្តងទៀត សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដោយ​ត្រូវ​បាន​ប្តូរ​ចូល​នៅ​នាទី ៧៦ នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ ពូ​ល C ដោយ​យកឈ្នះ​ស្កុ​តឡែ​ន​ដោយ​លទ្ធផល ៣-០ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។

បើ​ទោះជា​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក៏​ពិតមែន ប៉ុន្តែ Neymar និង​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្រក់​ទឹកភ្នែក​ដោយ​ក្តី​រំភើប និង​រីករាយ​ជាទី​បំផុត​។ មុន​ត្រឡប់​មក​ជាន់​ទីលាន​វិញ​សម្រាប់​ការ​ប្រកួត​ទល់​នឹង​ស្កុ​តឡែ​ន​នោះ គឺ Neymar បាន​ចំណាយពេល ៩៨១​ថ្ងៃ​ឃ្លាតឆ្ងាយ​ពី​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ហើយ​ក៏​ជា​រយៈពេល​ខកខាន​ដ៏​យូរ​បំផុត​ផង​ដែរ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៣៤​ឆ្នាំ​រូប​នេះ គិត​ចាប់តាំងពី​រូបគេ​បង្ហាញខ្លួន​លើក​ដំបូង​ឱ្យ​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ ២០១០​។

បើ​ទោះបីជា​លែង​បាន​ចូល​លេង​ញឹកញាប់​ដូច​មុន​ក៏​ដោយ ក៏ Neymar នៅ​តែ​ជា​កីឡាករ​ម្នាក់​ដ៏​មាន​ឥទ្ធិពល​បំផុត​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រេ​ស៊ី​ល​។ បច្ចុប្បន្ន រូបគេ​រកបាន​គ្រាប់​បាល់​ចំនួន ៧៩ គ្រាប់​ឱ្យ​ក្រុម​ជម្រើសជាតិ ជា​ចំនួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល ហើយ​មុន​ប្រកួត​ជាមួយ​ស្កុ​តឡែ​ន Neymar ធ្លាប់​បង្ហាញខ្លួន​បាន ១២៨ ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ ជាមួយ​ពេល​ប្រកួត​សរុប​ជាង ១​ម៉ឺន​នាទី​។

ការ​បង្ហាញខ្លួន​ចុង​ក្រោយ​របស់ Neymar សម្រាប់​ប្រេ​ស៊ី​ល កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្នុង​ជំនួប​ប្រកួត​ជាមួយ​អ៊ុយ​រ៉ូ​ហ្គា​យ អំឡុង​ពេល​ជម្រុះ World Cup តំបន់​អា​មេ​រិ​ក​ខាងត្បូង​។ នៅ​ក្នុង​ការ​ប្រកួត​នោះ រូបគេ​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយ​ដាច់​សរសៃពួរ​ជង្គង់​ខាង​មុខ (ACL) និង​ខូច​ឆ្អឹងខ្ចី​ជង្គង់​ខាងឆ្វេង​។ ដ្បិត World Cup ឆ្នាំ​២០២៦ គឺជា​ក្លាយជា​ការ​បង្ហាញខ្លួន​លើក​ទី ៤ របស់ Neymar ជាមួយ​ព្រឹត្តិការណ៍​ធំ​បំផុត​របស់​ពិភពលោក​ផង​ដែរ បន្ទាប់​ពី​ការ​បង្ហាញខ្លួន​ក្នុង​ឆ្នាំ​២០១៤, ២០១៨ និង​២០២២ បើ​ទោះបីជា​រូបគេ​មិន​ទាន់​ឈ្នះ​ជើងឯក​យ៉ាងណា​ក៏​ដោយ​។

ការ​វិល​ត្រឡប់​មក​កាន់​ទីលាន​វិញ គឺ​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ Neymar ខ្លួនឯង​ផ្ទាល់ ហើយ​វា​ក៏​ផ្តល់​នូវ​ជម្រើស​ដ៏​សំខាន់​មួយ​សម្រាប់​លោក Carlo Ancelotti គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត​វគ្គ​៣២​ក្រុម​។ ដ្បិត​ប្រេ​ស៊ី​ល និង​ម៉ា​រ៉ុ​កបាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៣២​ក្រុម ចំណែក​ស្កុ​តឡែ​ន​បញ្ចប់​នៅ​ក្នុង​នាម​ក្រុម​លេខ ៣ ល្អ ខណៈ​ដែល​ហៃ​ទី​ហាលអាវ​ត្រឹម​វគ្គ​ចែក​ពូ​ល​៕