ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​ជប៉ុន និង​អូស្ត្រាលី​ប៉ុណ្ណោះ ដែល​បន្ត​តំណាង​អាស៊ី​នៅ World Cup ឆ្នាំ​២០២៦

2 ថ្ងៃ មុន


អន្តរជាតិ ៖ ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​នៃ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ បាន​ចប់​សព្វគ្រប់ ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) ដោយ​សម្រេច​បាន​ក្រុម​បន្ត​ទៅ​ប្រជែង​គ្នា នៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ស្រប​ពេល​ជប៉ុន និង​អូស្ត្រាលី គឺជា​ក្រុម​ដែល​អាច​បន្ត​តំណាង​អាស៊ី​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ចំណែក​កូរ៉េ​ខាងត្បូង កា​តា អ៊ី​រ៉​ង់ អា​រ៉ា​ប៊ី​សា​អូឌីត អ៊ី​រ៉ា​ក់ ហ្ស៊​ក​ដា​នី និង​អ៊ូ​ស​បេ​គី​ស្ថាន សុទ្ធតែ​បាន​ហាលអាវ​។

ក្រុម​សា​មូ​រ៉ៃ​ខៀវ​ជប៉ុន​បាន​បញ្ចប់​នៅ​លេខ ២ ពូ​ល F មាន​៥​ពិន្ទុ ដោយ​ស្មើ ២-២ យ៉ាង​ភ្ញាក់ផ្អើល​ជាមួយ​ហូ​ឡង់ មុន​លត់​ទុ​យ​នី​ស៊ី ៤-០ និង​ស្មើ​ស៊ុ​យ​អែ​ត ១-១​។ នៅ​ក្នុង​ពូ​ល​នេះ ហូ​ឡង់ និង​ជប៉ុន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​៣២​ក្រុម​ដោយ​ស្វ័យប្រវត្តិ រីឯ​ស៊ុ​យ​អែ​ត​ឡើង​ក្នុង​នាម​ក្រុម​លេខ ៣ ល្អ ជាមួយ​៤​ពិន្ទុ​ក្នុង​ដៃ​។

វគ្គ​៣២​ក្រុម​ចុង​ក្រោយ ជប៉ុន​ត្រូវ​ប៉ះ​ប្រេ​ស៊ី​ល​ម្ចាស់​ជើងឯក​ច្រើន​ជាងគេ ៥ សម័យកាល នៅ​ម៉ោង ១២ រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ (​ម៉ោង​នៅ​កម្ពុជា​) ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​។ ជួប​គ្នា​ចុង​ក្រោយបង្អស់ កាលពី​ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុង​ជំនួប​មិត្តភាព ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​បាន​ឈឺចាប់ ដោយ​នាំមុខ​មុន​ដល់​ទៅ​២​គ្រាប់​ហើយ ប៉ុន្តែ​ជា​លទ្ធផល​ចុង​ក្រោយ ជប៉ុន​វាយបក​យកឈ្នះ​វិញ ៣​គ្រាប់​យ៉ាង​ភ្ញាក់ផ្អើល និង​ជា​ការ​ឈ្នះ​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ផង​ដែរ​។

ក្រឡេក​ទៅ ក្រុម​កង់​ហ្គា​រូ​អូស្ត្រាលី​វិញ បាន​បញ្ចប់​នៅ​លេខ ២ ពូ​ល D ដោយ​បើក​ឆាក​យកឈ្នះ​លើ​តួ​ក​គី​យ៉េ​ដោយ​លទ្ធផល ២-០ ប៉ុន្តែ​ត្រូវ​ចាញ់​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក ២-០ មុន​ស្មើ ០-០ ជាមួយ​ប៉ា​រ៉ា​ហ្គា​យ​។ សហរដ្ឋអាមេរិក និង​អូស្ត្រាលី​ឡើង​វគ្គ​៣២​ក្រុម​ដោយ​ស្វ័យប្រវត្តិ ចំណែក​ប៉ា​រ៉ា​ហ្គា​យ​ឡើង​ក្នុង​នាម​ក្រុម​លេខ​៣​ល្អ​។ អូស្ត្រាលី ត្រូវ​ប៉ះ អេ​ហ្ស៊ី​ប នៅ​វគ្គ​៣២​ក្រុម នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៤ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​។

កាលវិភាគ​ប្រកួត​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ត្រូវ​នឹង​ម៉ោង​នៅ​ប្រទេស​កម្ពុជា ៖
-​អាហ្វ្រិក​ខាងត្បូង ប៉ះ ម្ចាស់ផ្ទះ​កា​ណា​ដា ម៉ោង​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា
-​ប្រេ​ស៊ី​ល ប៉ះ ជប៉ុន ម៉ោង​១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា
-​អា​ល្លឺ​ម៉​ង់ ប៉ះ ប៉ា​រ៉ា​ហ្គា​យ ម៉ោង​៣​កន្លះ​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមិថុនា

-​ហូ​ឡង់ ប៉ះ ម៉ា​រ៉ុ​ក ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា
-​កូត​ឌី​វ័​រ ប៉ះ ន័​រ​វែ​ស ម៉ោង​១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១ ខែកក្កដា
-​បារាំង ប៉ះ ស៊ុ​យ​អែ​ត ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​១ ខែកក្កដា
-​ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក ប៉ះ អេ​ក្វា​ឌ័​រ ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា
-​អង់គ្លេស ប៉ះ សាធារណរដ្ឋ​កុង​ហ្គោ ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា

-​បែ​ល​ហ្ស៊ិ​ក ប៉ះ សេ​ណេ​ហ្គា​ល់ ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ខែកក្កដា
-​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក ប៉ះ បូ​ស្នី ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា
-​អេ​ស្ប៉ា​ញ ប៉ះ អូ​ទ្រី​ស ម៉ោង​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ ខែកក្កដា
-​ព័រ​ទុ​យ​ហ្គា​ល់ ប៉ះ ក្រូ​អាស៊ី ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា

-​ស្វី​ស ប៉ះ អាល់​ហ្សេ​រី ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា
-​អូស្ត្រាលី ប៉ះ អេ​ហ្ស៊ី​ប ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៤ ខែកក្កដា
-​អា​ហ្ស​ង់​ទី​ន ប៉ះ កាប់​វែ​រ ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា
-​កូ​ឡុំ​ប៊ី ប៉ះ ហ្គា​ណា ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​៕