ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បញ្ជា​ឱ្យ​ស៊ើបអង្កេត​បន្ទាន់ ក្រោយ​ក្រុម​ជម្រើសជាតិ​ធ្លាក់​ពី World Cup

1 ថ្ងៃ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក លី ចេ​ម្យុ​ង (Lee Jae-myung) បាន​បញ្ជា​ឱ្យ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ ស៊ើបអង្កេត​លើ​ការ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ត្រឹម​វគ្គ​ចែក​ពូ​ល​របស់​ក្រុម​ជម្រើសជាតិ ក៏​ដូច​ជា​ការ​លាលែង​ពី​តំណែង​របស់​គ្រូបង្វឹក លោក ហុង ម្យុ​ង​បូ (Hong Myung-bo) ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី The New York Times និង Yahoo Sports បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦​។

លោក លី បាន​ថ្លែង​ថា លោក​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​ជាមួយ​លទ្ធផល ហើយ​បាន​បង្ហាញ​ការ​រិះគន់​ចំ​ៗ​ថា ការ​បរាជ័យ​នេះ កើត​ចេញពី​ការ​តែងតាំង​គ្រូបង្វឹក​ខុសឆ្គង​របស់​សមាគម​បាល់ទាត់​កូរ៉េ​ខាងត្បូង​។ លោក​បាន​បង្គាប់​ឱ្យ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លើ​ការ​ចំណាយ​ថវិកាជាតិ និង​ការ​គ្រប់គ្រង​របស់​សមាគម​កីឡាបាល់ទាត់​ផង​ដែរ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​វែង​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម X លោក​បាន​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​មិន​ត្រឹមតែ​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​។ ដោយសារ​ថវិកា​របស់​អ្នក​បង់ពន្ធ និង​ធនធាន​គាំទ្រ​របស់​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវ​បាន​វិនិយោគ សូ​ម្បី​តែ​ក្នុង​ការ​ចូលរួម​ប្រកួត World Cup​។ ខ្ញុំ​សូម​ស្នើ​ឱ្យ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​អំពី​កាលៈទេសៈ​ច្បាស់លាស់​នៃ​បញ្ហា​នេះ វិភាគ​លើ​មូលហេតុ និង​បង្កើត​វិធានការ​ឱ្យ​បាន​ហ្មត់ចត់​ដើម្បី​ការពារ​កុំឱ្យ​មានការ​កើតឡើង​វិញ និង​ដើម្បី​ធ្វើការ​កែ​លម្អ​។ យើង​នឹង​ជំរុញ​ការ​កែទម្រង់រដ្ឋបាល​កីឡា​យ៉ាង​ឆាប់រហ័ស ដើម្បី​ធានា​ថា រឿង​បែប​នេះ​នឹង​មិនកើត​ឡើង​ម្តងទៀត​ឡើយ​»​។

កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ លោកគ្រូ​បង្វឹក ហុង ម្យុ​ង​បូ បាន​ប្រកាស​លាលែង​ពី​តំណែង ដោយ​បន្ថែម​ថា «​វា​មិនមែន​ជា​ការ​សម្រេចចិត្ត​ដ៏​ងាយស្រួល​នោះ​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ទទួលយក​តួនាទី​នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ទទួលយក​ហើយ ខ្ញុំ​មិន​បាន​គិត​ពី​អ្វី​ផ្សេង​ក្រៅពី​ការ​ទទួលខុសត្រូវ​រហូត​ដល់​នាទី​ចុង​ក្រោយ​នោះ​ទេ​»​។

នៅ​ក្នុង​នាម​ជា​អតីត​ខ្សែការពារ​ធ្លាប់​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ចំនួន ១៣៦ ប្រកួត លោក Hong បាន​កាន់​តំណែង​ដ៏​សំខាន់​នេះ តាំងពី​ឆ្នាំ ២០២៤ ហើយ​លោក​បាន​និយាយ​ថា លោក​សុំ​ទទួលយក​ការ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​យុទ្ធនាការ World Cup ដែល​មិន​ទទួល​បាន​ជោគជ័យ​នេះ​ផង​ដែរ​។

ការ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup របស់​កូរ៉េ​ខាងត្បូង ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ខណៈ​ដែល​ពួក​គេ​មិន​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត ក្នុង​នាម​ជា​ក្រុម​លេខ ៣ ល្អ​បំផុត​មួយ​ក្នុង​ចំណោម ៨ ក្រុម​នោះ​ទេ​។ ក្រុម​លោក Hong រកបាន​តែ​ប​៣​ពិន្ទុ​ពី​ការ​ប្រកួត​ទាំង ៣ នៅ​ក្នុង A ដោយ​បាន​ឈ្នះ​លើ​ក្រុម​សាធារណរដ្ឋ​ឆែក ប៉ុន្តែ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក និង​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​អាហ្វ្រិក​ខាងត្បូង​៕