ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យ​របស់​អា​ល្លឺ​ម៉​ង់​ក្រោម​ថ្វី​ជើង​ប៉ា​រ៉ា​ហ្គា​យ ជួយ​ឱ្យ​ប្រេ​ស៊ី​ល​បន្ត​ជា​អធិរាជ World Cup

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការ​បរាជ័យ​របស់​អា​ល្លឺ​ម៉​ង់​ក្រោម​ថ្វី​ជើង​ប៉ា​រ៉ា​ហ្គា​យ​ដ៏​ភ្ញាក់ផ្អើល កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) បាន​ធានា​ថា ប្រេ​ស៊ី​ល​នៅ​តែ​រក្សា​តំណែង​ជា​ក្រុម​តែ​មួយ​គត់​លើ​លោក ដែល​ឈ្នះ​ជើងឯក World Cup ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ពោល ៥ លើក ជាមួយ​ឱកាស​មាស​បំបែក​កំណត់​ត្រា​ខ្លួនឯង​នៅ​ក្នុង​ការ​ប្រកួត​ឆ្នាំ ២០២៦ នេះ​។

អា​ល្លឺ​ម៉​ង់​បាន​បញ្ចប់​យុទ្ធនាការ World Cup ឆ្នាំ ២០២៦ នៅ​ក្នុង​លទ្ធផល​ដ៏​ជូរ​ចត់ ដ្បិត​ក្រុម​រហស្សនាម ឥន្ទ្រី​ដែក មួយ​នេះ បាន​ស្មើគ្នា ១-១ ជាមួយនឹង​ប៉ា​រ៉ា​ហ្គា​យ បន្ទាប់​ពី​ចប់​ការ​ប្រកួត ១២០ នាទី មុន​ចាញ់​ក្នុង​លទ្ធផល ៣-៤ ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី នៅ​ក្នុង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​។

ការ​បរាជ័យ​នេះ អាច​នឹង​ត្រូវ​បាន​ចង​ចាំ​ដោយសារ​ខកចិត្ត​ខ្លាំង​នៅ​ត្រង់​ចំណុច​ទាត់​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​សម្រាប់​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់ បញ្ហា​មិនមែន​ស្ថិត​លើ​ការ​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ចុង​ក្រោយ​នោះ​ទេ​។

កាសែត​អា​ល្លឺ​ម៉​ង់​ចាត់​ទុក​បរាជ័យ​នេះ​ជា​សុ​បិ​ន្ត​អាក្រក់​ថ្មី​មួយ​សម្រាប់​បាល់ទាត់​អា​ល្លឺ​ម៉​ង់ ដែល​ធ្លាប់តែ​មាន​ទម្លាប់​ជា​បេក្ខភាព​ដណ្តើម​ជើងឯក​។ តួយ៉ាង សារព័ត៌មាន WELT បាន​ហៅ​ថា មហន្តរាយ World Cup លើក​បន្ទាប់ ខណៈ​ដែល BILD បាន​ប្រើ​ឃ្លា​ធ្ងន់​ជាង​នេះ​ថា សុ​បិ​ន្ត​អាក្រក់​ថ្មី​នៃ​បាល់ទាត់​អា​ល្លឺ​ម៉​ង់​។ បន្ទាប់​ពី​ការ​បរាជ័យ​នៅ World Cup ឆ្នាំ ២០១៨ និង ២០២២ ដោយ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ ២០២៦ នេះ រឹតតែ​ធ្វើ​ឱ្យ​ការ​ខកចិត្ត​កាន់តែ​ផុង​ជ្រៅ​ទៅ​ៗ​។

ក្រឡេក​ទៅ ប្រេ​ស៊ី​ល​ឯណោះ​វិញ ទម្លាក់​ជប៉ុន​យ៉ាង​លំបាក​ក្នុង​វគ្គ​៣២​ក្រុម ជាមួយនឹង​លទ្ធផល ២-១ ដោយ​ត្រូវ​អរគុណ​ខ្សែប្រយុទ្ធ Gabriel Martinelli សម្រាប់​គ្រាប់​បាល់​ជ័យជម្នះ​នៅ​វិនាទី​គ្រោះថ្នាក់ ៩០+៥ ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។
យ៉ាងណាមិញ ទោះបីជា​លទ្ធផល​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ទៅ​ជា​យ៉ាងណា​ក៏​ដោយ ក៏​សាំ​បា​ប្រេ​ស៊ី​ល​នៅ​តែ​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ប្រកួត​នេះ យ៉ាង​ហោច​ណាស់​សម្រាប់​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​ទៀត​។

បច្ចុប្បន្ន ប្រេ​ស៊ី​ល​កំពុង​នាំមុខ​គេ​នៅ World Cup ដោយ​ឈ្នះ​ជើងឯក ៥ លើក នៅ​ឆ្នាំ ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២​។ រីឯ​អា​ល្លឺ​ម៉​ង់ (១៩៥៤, ១៩៧៤, ១៩៩០, និង ២០១៤) និង​អ៊ី​តា​លី (១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦) នៅ​ឈរ​លេខ​រៀង​ទី​២ ដោយ​បាន​ឈ្នះ​ជើងឯក ៤ លើក​ដូច​គ្នា ប៉ុន្តែ​អ៊ី​តា​លី​ឆ្លង​មិន​ផុត​វគ្គ​ជម្រុះ​ទ្វីបអឺរ៉ុប​។ ដូច្នេះ​មិន​ទាន់​មាន​ក្រុម​ណាមួយ​អាច​គំរាមកំហែង​ដល់​តំណែង​កំពូល​របស់​ប្រេ​ស៊ី​ល​ក្នុង​នាម​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup នោះ​ឡើយ​។

សរុប​មក លទ្ធផល​ការ​ប្រកួត​រវាង​អា​ល្លឺ​ម៉​ង់ និង​ប៉ា​រ៉ា​ហ្គា​យ មិន​ត្រឹម​បង្កើត​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ឱ្យ​ប្រេ​ស៊ី​ល​បន្ត​រក្សា​បាន​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​នេះ យ៉ាង​ហោច​ណាស់​រហូត​ដល់​ព្រឹត្តិការណ៍​ឆ្នាំ ២០៣០ ។

ទៅ​ណា​មិន​ឆ្ងាយ​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ក្រៅពី​ប្រេ​ស៊ី​ល និង​ប៉ា​រ៉ា​ហ្គា​យ​ធ្វើ​បាន​ល្អ​ហើយ​នោះ ម៉ា​រ៉ុ​ក​ឯណោះ​ក៏​មិនធម្មតា ដោយ​បាន​ទម្លាក់​ហូ​ឡង់​យ៉ាង​ភ្ញាក់ផ្អើល តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៣-២ ក្រោយ​ស្មើគ្នា ១-១ នៅ​បញ្ចប់ ១២០ នាទី ដើម្បី​បន្ត​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​៕ ប្រភព ៖ Znews