សហរដ្ឋអាមេរិក ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ក្រុមជម្រើសជាតិបារាំងបានបង្កើតប្រវត្តិសាស្ត្រថ្មី នៅក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីបានយកឈ្នះស៊ុយអែតយ៉ាងងាយស្រួល នៅក្នុងលទ្ធផល ៣-០ ដើម្បីបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ឆ្នាំ ២០២៦។
ក្រុមមាន់គកបារាំងបានក្លាយជាក្រុមដំបូងគេបង្អស់ដែលឈ្នះ ៧ ប្រកួតជាប់ៗគ្នាទល់នឹងគូប្រជែងមកពីអឺរ៉ុបក្នុងព្រឹត្តិការណ៍ World Cup ដែលនេះបង្ហាញពីកម្រិត និងស្ថិរភាពដ៏អស្ចារ្យរបស់ក្រុមម្ចាស់ជើងឯកពិភពលោកឆ្នាំ ១៩៩៨ និង ២០១៨ មួយនេះ។ បន្ថែមពីលើនេះទៀត បារាំងក៏ជាក្រុមដំបូងគេផងដែរ ដែលរកបានយ៉ាងហោចណាស់ ៣ គ្រាប់នៅក្នុង ៥ ប្រកួតជាប់ៗគ្នា នៅ World Cup ដែលជាកំណត់ត្រាមួយបង្ហាញពីកម្លាំង និងប្រសិទ្ធភាពការវាយលុកដ៏គួរឱ្យខ្លាចនៃតំបន់ប្រយុទ្ធរបស់ពួកគេ ដឹកនាំដោយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ដែលរកបាន៦គ្រាប់ហើយ នៅ World Cup ឆ្នាំ២០២៦។
ក្រៅពីព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រទាំង២នេះ ជ័យជម្នះទល់នឹងស៊ុយអែតក៏បានកត់ត្រាជាលើកដំបូងផងដែរ ដែលបារាំងអាចយកឈ្នះគូប្រកួតមកពីតំបន់អឺរ៉ុបខាងជើងមួយនេះ នៅក្នុងការប្រកួតកម្រិតកំពូលបែបនេះ។ ពីមុន ពួកគេបានត្រឹមស្មើគ្នា ១-១ ការប្រកួត Euro ឆ្នាំ ១៩៩២ និងចាញ់ ០-២ នៅ Euro ឆ្នាំ ២០១២ ក្នុងជំនួបដែល Zlatan Ibrahimovic និង Sebastian Larsson ជាអ្នកស៊ុតបញ្ចូលទី។
នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ បារាំងនឹងត្រូវប៉ះប៉ារ៉ាហ្គាយ ដែលទើបតែបង្កើតភាពភ្ញាក់ផ្អើលដោយទម្លាក់អាល្លឺម៉ង់ ដោយការទាត់បាល់ប៉េណាល់ទីក្តីសេចក្តី។ ទោះយ៉ាងណាក៏ដោយ ជាមួយទម្រង់ប្រយុទ្ធដ៏មុតស្រួច និងកំណត់ត្រាជាច្រើនដែលទើបបានបង្កើតឡើងថ្មីៗនេះ ប្រធានក្រុម Kylian Mbappe និងមិត្តរួមក្រុម កំពុងបង្ហាញឱ្យឃើញថា ពួកគេជាបេក្ខភាពដ៏ខ្លាំងក្លាសម្រាប់ការប្រជែងជើងឯកពាន World Cup ឆ្នាំ ២០២៦។
បើគិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ម្ចាស់កាណាដា, ម្ចាស់ផ្ទះម៉ិកស៊ិក, ម៉ារ៉ុក, ប្រេស៊ីល, ប៉ារ៉ាហ្គាយ, បារាំង និងន័រវែល សុទ្ធតែបានឡើងទៅកាន់វគ្គ ១៦ ក្រុម ដោយការប្រកួតចាប់ផ្តើមពីវេលារំលងអធ្រាត្រចូលថ្ងៃទី៥ ខែកក្កដា តទៅ (ម៉ោងនៅកម្ពុជា)។
-កាណាដា ប៉ះ ម៉ារ៉ុក ម៉ោង ១២ រំលងអធ្រាត្រចូលថ្ងៃទី៥ ខែកក្កដា
-ប៉ារ៉ាហ្គាយ ប៉ះ បារាំង ម៉ោង ៤ ឈានចូលព្រឹកថ្ងៃទី៥ ខែកក្កដា
-ប្រេស៊ីល ប៉ះ ន័រវែស ម៉ោង ៣ ឈានចូលព្រឹកថ្ងៃទី៦ ខែកក្កដា៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ