សហរដ្ឋអាមេរិក ៖ កាសែត The New York Times នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទូរសព្ទផ្ទាល់ទៅកាន់ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino ដើម្បីស្នើសុំឱ្យពិនិត្យឡើងវិញ នូវការហាមឃាត់១ប្រកួតចំពោះខ្សែប្រយុទ្ធឆ្នើមអាមេរិក Folarin Balogun ដែលទទួលបានកាតក្រហម កាលពីប្រកួតមុន។ ជាលទ្ធផល បាននាំឱ្យមានការប្រកាសមួយដោយ FIFA ថា កីឡាករវ័យ២៥ឆ្នាំរូបនេះ នឹងអាចចូលលេងឱ្យម្ចាស់ផ្ទះអាមេរិក សម្រាប់ការប្រកួតទល់នឹងបែលហ្ស៊ិក នៅវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
អំឡុងពេលការប្រកួតដែលអាមេរិកយកឈ្នះបូស្នី ២-០ កាលពីវគ្គ ៣២ ក្រុម ខ្សែប្រយុទ្ធ Balogun បានព្យាយាមប្រជែងដណ្តើមបាល់ ហើយក៏បានជាន់លើកជើងខ្សែការពារបូស្នី Tarik Muharemovic ។ បន្ទាប់ពីការពិនិត្យវីដេអូជំនួយអាជ្ញាកណ្តាល (VAR) រួច លោកអាជ្ញាកណ្តាលជនជាតិប្រេស៊ីល Raphael Claus បានពិន័យកាតក្រហមផ្ទាល់ទៅ Balogun តែម្តង។
យោងតាមច្បាប់ FIFA កាតក្រហមផ្ទាល់នឹងបង្កើតឱ្យមានការហាមឃាត់១ប្រកួតដោយស្វ័យប្រវត្ត ដូច្នេះ Balogun ត្រូវកាត់ឈ្មោះចេញពីការប្រកួតវគ្គ ១៦ ក្រុមដ៏សំខាន់របស់អាមេរិកទល់នឹងបែលហ្ស៊ិក ដែលត្រូវលេងនៅម៉ោង៧ព្រឹកថ្ងៃទី៧ ខែកក្កដា (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត New York Times ដោយស្រង់សម្តីបុគ្គលមិនបញ្ចេញឈ្មោះ៣នាក់ ដែលដឹងពីការសម្រេចចិត្តនេះ បានរាយការណ៍ថា លោកប្រធានាធិបតី ត្រាំ បានទូរស័ព្ទទៅលោក Infantino បន្ទាប់ពីចប់ការប្រកួត ដើម្បីស្នើឱ្យពិនិត្យមើលការសម្រេចនេះឡើងវិញ។ ជាលទ្ធផល កាលពីថ្ងៃទី៥ ខែកក្កដា FIFA បានធ្វើការសម្រេចចិត្ត ដោយព្យួរការពិន័យ Balogun រយៈពេល១ឆ្នាំ ដោយយកមាត្រា ២៧ ក្រមវិន័យរបស់ខ្លួនមកប្រើប្រាស់ ដែលមានន័យថា ការព្យួរមានសុពលភាពក្រោមលក្ខខណ្ឌសាកល្បង១ឆ្នាំ ប្រសិនបើ Balogun ប្រព្រឹត្តកំហុសស្រដៀងគ្នាម្តងទៀត អំឡុងពេលសាកល្បង ការពិន័យចាស់នឹងត្រូវយកមកអនុវត្តឡើងវិញភ្លាមៗ បូករួមទាំងការពិន័យថ្មី។
លោក ត្រាំ ក្រោយមកបានថ្លែងអំណរគុណភ្លាមៗ ទៅកាន់ FIFA នៅលើបណ្តាញសង្គមចំពោះការកែប្រែភាពអយុត្តិធម៌ដ៏ធំធេងមួយនេះ។ ប៉ុន្តែសម្រាប់សមាគមកីឡាបាល់ទាត់បែលហ្ស៊ិកកាលពីថ្ងៃទី៥ ខែកក្កដា បានបញ្ជាក់ថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ FIFA។
ជាមួយគា្ននោះ លោក Rudi Garcia គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ដោយរិះគន់ FIFA យ៉ាងធ្ងន់ៗ ពេលផ្តល់សម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីព័ត៌មាននេះបានចេញផ្សាយ។ លោកថ្លែងថា «ខ្ញុំមិនដែលដឹងសោះថា ថ្ងៃភូតកុហក (April Fools’ Day) របស់ FIFA គឺនៅថ្ងៃទី៥ ខែកក្កដា បែបនេះសោះ! មិនដែលដឹងទាល់តែសោះ! បើខ្ញុំចាំមិនខុសទេ នេះគឺជាលើកទី១ហើយដែលរឿងបែបនេះបានកើតឡើងក្នុងប្រវត្តិសាស្ត្រទាំងមូលនៃពានរង្វាន់ World Cup»។ លោកបន្តថា «Nathan Ngoy (កូនក្រុមលោក) ទទួលបានកាតក្រហមពេលប្រកួតជាមួយអ៊ីរ៉ង់ ហើយគេក៏មិនបានចូលលេងក្នុងប្រកួតបន្ទាប់ដែរ»។
គ្រូបង្វឹកអាមេរិក លោក Mauricio Pochettino ឯណោះវិញ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ FIFA ដោយហៅការផ្តល់ជូនកាតក្រហមដល់កូនក្រុមរបស់លោកថា រឿងអយុត្តិធម៌។
ទោះយ៉ាងណាក៏ដោយ បើតាមប្រភពពីសារព័ត៌មាន ESPN បានរាយការណ៍ថា បញ្ហារបស់ Balogun មិនមែនជាករណីទី១នោះទេ។ តួយ៉ាង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ FIFA ក៏បានព្យួរការហាមឃាត់២ប្រកួតចុងក្រោយក្នុងចំណោមចំនួន៣ប្រកួតរបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ផងដែរ ចំពោះកាតក្រហមទទួលបានពីកំហុសវាត់កែងចំខ្នងកីឡាករអៀរឡង់ នៅវគ្គជម្រុះ World Cup ទ្វីបអឺរ៉ុប ដែលអនុញ្ញាតឱ្យរូបគេអាចចាប់ផ្តើមការប្រកួត World Cup ឆ្នាំ២០២៦ បាន។
ករណីផ្សេងទៀត ខ្សែការពារអាហ្សង់ទីន Nicolás Otamendi ក៏ដូចជាខ្សែបម្រើអេក្វាឌ័រ Moisés Caicedo កាលពីខែមេសា ត្រូវបានដកការហាមឃាត់១ប្រកួតដូចគ្នា ចំពោះកាតក្រហមក្នុងវគ្គជម្រុះទ្វីបអឺរ៉ុប ដែលធ្វើឱ្យពួកគេអាចមានវត្តមានសម្រាប់ការប្រកួតបើកឆាក World Cup ឆ្នាំ២០២៦។ ចំណែកលោក Garrincha អតីតខ្សែបម្រើស្លាបស្តាំប្រេស៊ីល ត្រូវបានបណ្តេញចេញពីការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ ១៩៦២ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យលេងវគ្គផ្តាច់ព្រ័ត្រជាមួយស៊ីលីវិញផងដែរ៕ ប្រភព ៖ The New York Times, ESPN, Yahoo Sports និងប្រភពផ្សេងទៀត





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ