ទីក្រុងប៉ារីស ៖ ការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នៅក្នុងការតែងតាំងក្រុមអាជ្ញាកណ្តាលជនជាតិអាហ្សង់ទីនទាំងអស់ ឱ្យកាត់សេចក្តីការប្រកួតរវាងក្រុមម្រើសជាតិបារាំង និងម៉ារ៉ុក នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីបណ្តាញសារព័ត៌មានបារាំង។ នេះបើតាមប្រភពពី Znews បានចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
បច្ចុប្បន្ននេះ FIFA កំពុងប្រឈមមុខនឹងសំណួរជាច្រើនជុំវិញភាពមិនលម្អៀងរបស់ខ្លួន បន្ទាប់ពីបានតែងតាំងក្រុមអាជ្ញាកណ្តាលជនជាតិអាហ្សង់ទីនទាំងអស់ ឱ្យមកដឹកនាំការប្រកួតវគ្គ ៨ ក្រុមចុងក្រោយរវាងបារាំង និងម៉ារ៉ុក។ ការរិះគន់ដោយសារព័ត៌មានបារាំង RMC Sport លើការសម្រេចចិត្តនេះថាជាទង្វើមិនក្រែងចិត្តនោះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមតិសាធារណៈជននៅក្នុងប្រទេសបារាំង។
យោងទៅតាមបញ្ជីឈ្មោះដែលបានប្រកាស អាជ្ញាកណ្តាល លោក Facundo Tello នឹងកាត់សេចក្តីការប្រកួតនេះ រួមជាមួយជំនួយការអាជ្ញាកណ្តាលជនជាតិអាហ្សង់ទីន ២ រូបទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទាំងអាជ្ញាកណ្តាលទី៤ ក៏ដូចជាក្រុមការងារវីដេអូជំនួយអាជ្ញាកណ្តាល (VAR) ក៏សុទ្ធតែជាជនជាតិអាហ្សង់ទីនផងដែរ។ នេះត្រូវបានចាត់ទុកជាការរៀបចំដ៏ខុសប្លែកពីធម្មតា ព្រោះនៅក្នុងព្រឹត្តិការណ៍ធំៗ ធម្មតា FIFA តែងតែធ្វើការផ្លាស់ប្តូរសញ្ជាតិរបស់ក្រុមអាជ្ញាកណ្តាល និងអាជ្ញាកណ្តាល VAR ឱ្យមានចម្រុះជាតិសាសន៍ ដើម្បីធានាបាននូវតម្លាភាពខ្ពស់បំផុត។ ការសង្ស័យក៏បានផ្ទុះឡើងភ្លាមៗតែម្តង ចំពោះការព្រួយបារម្ភថា ការសម្រេចចិត្តលើការតែងតាំងអាជ្ញាកណ្តាលរបស់ FIFA ធ្វើឡើងដោយខ្វះការពិចារណា។
កន្លងទៅ ភាគីអាហ្សង់ទីនធ្លាប់បានបង្ហាញការមិនពេញចិត្តចំពោះអាជ្ញាកណ្តាលជនជាតិបារាំង លោក Francois Letexier ដែលបានកាត់សេចក្តីការប្រកួតរបស់ពួកគេ។ ហេតុនេះ ការសម្រេចចិត្តរបស់ FIFA ក្នុងការបន្តជ្រើសរើសក្រុមអាជ្ញាកណ្តាលអាហ្សង់ទីនទាំងស្រុងសម្រាប់ជំនួបរបស់ក្រុមមាន់គកបារាំង ត្រូវបានអ្នករិះគន់មើលឃើញថាអាចជាការប៉ះប៉ូវដ៏ចម្រូងចម្រាស ដែលធ្វើឱ្យកាន់តែមានភាពតានតឹង និងការសង្ស័យលើការសម្រេចចិត្តប្រកបដោយវិជ្ជាជីវៈ។
បញ្ហនេះកំពុងតែរុញច្រាន FIFA ឱ្យធ្លាក់ទៅចំណុចកណ្តាលនៃការជជែកដេញដោលគ្នា ជុំវិញដំណើរការតែងតាំងក្រុមអាជ្ញាកណ្តាលនៅក្នុងការប្រកួតវគ្គសំខាន់ៗនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។ ទាំង FIFA និងក្រុមអាជ្ញាកណ្តាលអាហ្សង់ទីន មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ៕


ចែករំលែកព័តមាននេះ