ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ហ្ស៊ី​ប​ប្តឹង​ទាមទារ​ឱ្យ FIFA ស៊ើបអង្កេត​លើ​អាជ្ញាកណ្តាល ក្រោយ​ចាញ់​អា​ហ្ស​ង់​ទី​ន​ធ្លាក់​ចេញពី World Cup

3 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ AS បាន​រាយការណ៍​ថា សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប​បាន​ដាក់​ពាក្យ​ប្តឹង​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​សម្រេចចិត្ត​របស់​លោក​អាជ្ញាកណ្តាល កាត់សេចក្តី​ការ​ប្រកួត​ដែល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​ខ្លួន បរាជ័យ​ក្រោម​ថ្វី​ក្រុម​ការពារ​តំណែង​ជើងឯក​អា​ហ្ស​ង់​ទី​ន ដោយ​លទ្ធផល ៣-២ នៅ​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែល​បញ្ចប់​ទៅ​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។

ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប លោក Hany Abo Rida បាន​ដាក់​ពាក្យ​បណ្តឹងតវ៉ា​ជា​ផ្លូវការ​មួយ ប្រឆាំង​នឹង​អាជ្ញាកណ្តាល​ជនជាតិ​បារាំង លោក Francois Letexier និង​ក្រុម​ជំនួយការ​របស់​លោក​។ ភាគី​អេ​ហ្ស៊ី​ប​អះអាង​ថា ការ​សម្រេច​ចិត្តជា​បន្តបន្ទាប់​របស់​ក្រុម​អាជ្ញាកណ្តាល បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​លទ្ធផល​នៃ​ការ​ប្រកួត និង​រួមចំណែក​ធ្វើ​ឱ្យ អេ​ហ្ស៊ី​ប​ធ្លាក់​ចេញពី World Cup ឆ្នាំ​២០២៦​។

ក្រៅ​អំពី​ការ​ទាមទារ​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ពន្យល់​ពី​ស្ថានភាព​ចម្រូងចម្រាស​ទាំងនោះ សហព័ន្ធ​អេ​ហ្ស៊ី​ប ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ក្បាលម៉ាស៊ីន​បាល់ទាត់​ពិភពលោក​មួយ​នេះ បើក​ការ​ស៊ើបអង្កេត​លើ​ការ​សម្រេចចិត្ត​របស់​ក្រុម​អាជ្ញាកណ្តាល និង​អាច​ឈាន​ទៅ​ដល់​ការ​ដក​ក្រុម​អាជ្ញាកណ្តាល​របស់លោក Letexier មិន​ឱ្យ​កាត់សេចក្តី​ការ​ប្រកួត​នៅ​សេសសល់​នៃ​ព្រឹត្តិការណ៍ World Cup 2026 ប្រសិនបើ​រក​ឃើញ​ថា​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​មែន​នោះ​។ យោង​តាម​ទស្សនៈ​ភាគី​អេ​ហ្ស៊ី​ប លោក Letexier និង​ក្រុមការងារ​របស់​លោក បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់សេចក្តី​ឱ្យ​អា​ហ្ស​ង់​ទី​ន​ទទួល​បាន​ជ័យជម្នះ​។

ភាព​ចម្រូងចម្រាស​នេះ បាន​កើតឡើង​ក្នុង​ម៉ោង​បន្ថែម​វគ្គ​ទី​២ ពោល​មុន​ពេល​កីឡាករ Enzo Fernandez ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ ដើម្បី​ជួយ​ឱ្យ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ដោយ​លទ្ធផល ៣-២​។ អេ​ហ្ស៊ី​ប​បាន​វែកញែក​ថា ពួក​គេ​គប្បី​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់​ពី​ខ្សែបម្រើ​អា​ហ្ស​ង់​ទី​ន Alexis Mac Allister បាន​ទាញ​អាវ​ខ្សែបម្រើ​អេ​ហ្ស៊ី​ប Hamdi Fathi ហើយ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Julian Alvarez បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប្រធាន​ក្រុម​អេ​ហ្ស៊ី​ប Mohamed Salah ក្នុង​តំបន់​គ្រោះថ្នាក់​ផង​ដែរ​។ ទោះ​យ៉ាងណា​ក៏​ដោយ លោក​អាជ្ញាកណ្តាល Letexier មិន​បាន​ផ្លុំ​កញ្ចែ​ទេ ហើយ​ក្រុមការងារ VAR ក៏​មិន​បាន​ស្នើ​សុំ​ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ​ដែរ​។ ភ្លាម​ៗ​បន្ទាប់​មក អា​ហ្ស​ង់​ទី​ន​ក៏​បាន​វាយបក​យ៉ាង​លឿន ហើយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ ដែល​ធ្វើ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​កីឡាករ​អេ​ហ្ស៊ី​ប​តែ​ម្តង​។

ក្រោយ​បញ្ចប់​ការ​ប្រកួត សមាជិក​ជា​ច្រើន​នាក់​នៃ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​បាន​រិះគន់​ការ​កាត់សេចក្តី​ជា​ដដែល​ៗ ដោយ​អះអាង​ថា ការ​សម្រេចចិត្ត​ទាំងនេះ​បាន​កែប្រែ​លទ្ធផល​នៃ​ការ​ប្រកួត​ទាំងស្រុង​។ វា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ FIFA នឹង​យល់ព្រម​បើក​ការ​ស៊ើបអង្កេត ឬ​ចាត់វិធានការ​វិន័យ​លើ​ក្រុម​អាជ្ញាកណ្តាល​​នេះ ឬ​យ៉ាងណា​នោះ​ទេ? ប៉ុន្តែ​ជំហរ​ដាច់​ណាត់​របស់​អេ​ហ្ស៊ី​ប ត្រូវ​បាន​រំពឹង​ថា​នឹង​ដុត​បញ្ឆេះ​ការ​ខ្វែងគំនិត​គ្នា​នេះ​សា​ជា​ថ្មី ជុំវិញ​រឿងរ៉ាវ​អាជ្ញាកណ្តាល​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នៅ​ថ្ងៃ​ខាង​មុខ​នេះ​។

ភាព​ចម្រូងចម្រាស​នេះ បាន​កើតឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ជា​ច្រើន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​កាត់សេចក្តី​របស់​អាជ្ញាកណ្តាល​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦​។ ជាក់ស្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ សហព័ន្ធ​បាល់ទាត់​បែ​ល​ហ្ស៊ិ​ក និង​សហព័ន្ធ​ទ្វីបអឺរ៉ុប (UEFA) បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​។ ក្រុម​អ្នក​រិះគន់​ច្រើន​ឡើង​ៗ​ក៏​បាន​វែកញែក​ថា ស្តង់ដារ​រួម​នៃ​ការ​កាត់សេចក្តី​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បាន​ក្លាយជា​បញ្ហា​មួយ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​។

ក្រឡេក​ទៅ​កាន់ការ​ប្រកួត​ដ៏​ជក់ចិត្ត​វិញ អេ​ហ្ស៊ី​ប​បាន​បើក​ការ​នាំមុខ​មុន​២​គ្រាប់ ប៉ុន្តែ​បាន​ចាញ់ ក្រោយ​ក្រុម​អា​ហ្ស​ង់​ទី​ន​វាយបក​៣​គ្រាប់​យ៉ាង​ភ្ញាក់ផ្អើល ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល ៣-២​។ ជ័យ​ជ​ម្ន​នេះ អា​ហ្ស​ង់​ទី​ន ត្រូវ​បន្ត​ឡើង​ទៅ​តទល់​ជាមួយ​ស្វី​ស នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​)​។ ដ្បិត​ស្វី​សបាន​យកឈ្នះ​កូ​ឡុំ​ប៊ី​នៅ​វគ្គ ១៦ ក្រុម​ទាំង​លំបាក ដោយ​ការ​ទាត់​បាល់​បេ​ណា​ល់​ទី​កាត់សេចក្តី ដោយ​លទ្ធផល ៤-៣ ក្រោយ​បញ្ចប់​១២០​នាទី គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។

កាលវិភាគ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ World Cup ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) ៖
-​បារាំង ប៉ះ ម៉ា​រ៉ុ​ក ម៉ោង ៣ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា
-​អេ​ស្ប៉ា​ញ ប៉ះ បែ​ល​ហ្ស៊ិ​ក ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា
-​ន័​រ​វែ​ស ប៉ះ អង់គ្លេស ម៉ោង ៤ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា
-​អា​ហ្ស​ង់​ទី​ន ប៉ះ ស្វី​ស ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា​៕ ប្រភព ៖ AS, Znews និង​ប្រភព​ផ្សេង​ទៀត