ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Forbes ៖ តម្លៃ​សំបុត្រ​វគ្គ​៨​ក្រុម World Cup 2026 ធ្លាក់​ថ្លៃ​ជិត ៦០% ក្រោយ​អា​មេ​រិ​ក និង​ព័រ​ទុ​យ​ហ្គា​ល់ហាល​អាវ

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​ទស្សនាវដ្តី Forbes របស់​សហរដ្ឋអាមេរិក ក៏​ដូច​ជា​កាសែត The Sun របស់​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា តម្លៃ​សំបុត្រ​ទស្សនាការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បាន​ធ្លាក់​ចុះ​ជិត ៦០% បន្ទាប់​ពី​ក្រុម​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក និង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​។

តាម​របាយការណ៍ តម្លៃ​សំបុត្រ World Cup បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​លើ​ទីផ្សារ​លក់​បន្ត (Secondary Market) បន្ទាប់​ពី​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក​ចាញ់​បែ​ល​ហ្ស៊ិ​ក​លទ្ធផល ៤-១ ហើយ​ព័រ​ទុ​យ​ហ្គា​ល់​ចាញ់​អេ​ស្ប៉ា​ញ​លទ្ធផល ១-០ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​។ អ្នកវិភាគ​មើលឃើញ​ថា World Cup ឆ្នាំ ២០២៦ ដែល​ជា​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​លើ​ពិភពលោក​ចុង​ក្រោយ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ធ្វើ​ឱ្យ​ការ​ប្រកួត​បាត់បង់​ភាព​ទាក់ទាញ​មួយ​ចំនួន​សម្រាប់​ការ​ប្រកួត​វគ្គ ៨ ក្រុម​ផង​ដែរ​។

ជាក់ស្តែង យោង​តាម​គេហទំព័រ TickPick បានឱ្យ​ដឹង​ថា តម្លៃ​សំបុត្រ​ទាប​បំផុត (Get-in Price) សម្រាប់​វគ្គ ៨ ក្រុម ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) រវាង​អេ​ស្ប៉ា​ញ និង​បែ​ល​ហ្ស៊ិ​ក បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ពោល​បាន​ធ្លាក់​ចុះ​ពី ២ ៩៥០ ដុល្លារ មក​នៅ​ត្រឹម​ជិត ១ ២០០ ដុល្លារ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៦​។

ទោះ​យ៉ាងណា​ក៏​ដោយ តម្លៃ​សំបុត្រ​សម្រាប់​ការ​ប្រកួត​រវាង​អេ​ស្ប៉ា​ញ និង​បែ​ល​ហ្ស៊ិ​ក មិនមែន​ជា​តម្លៃ​សំបុត្រ​តែ​មួយ​គត់​ដែល​កំពុង​ធ្លាក់​ថ្លៃ​នោះ​ទេ​។ បើ​តាម​ទិន្នន័យ​ពី​គេហទំព័រ SeatPick តម្លៃ​សំបុត្រ​ទាប​បំផុត​សម្រាប់​វគ្គ ៨ ក្រុម​ទាំងអស់ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ បាន​ធ្លាក់​ចុះ ៣១,៥% នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ និង​ធ្លាក់​ចុះ​ប្រហែល ៥០% នៅ​ក្នុង​រយៈពេល ៣ ថ្ងៃ​ចុង​ក្រោយ​។

ផ្អែក​តាម​គេហទំព័រ TickPick បានឱ្យ​ដឹង​ថា ការ​ប្រកួត​នៅ​ម៉ោង ៣ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) រវាង​បារាំង និង​ម៉ា​រ៉ុ​ក គឺជា​ការ​ប្រកួត​សំបុត្រ​មាន​តម្លៃ​ថោក​ជាងគេ​បំផុត​លើ​ទីផ្សារ​លក់​បន្ត​។ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា តម្លៃ​សំបុត្រ​ការ​ប្រកួត​នៅ​ទីក្រុង Foxborough រដ្ឋ Massachusetts នេះ គឺ​ចាប់ផ្តើម​ពី​តម្លៃ ១ ១១៧ ដុល្លារ​។

យ៉ាងណាមិញ តាម​គេហទំព័រ SeatPick បាន​រាយការណ៍​ថា ចំនួន​សំបុត្រ​មាននៅ​លើ​ទីផ្សារ​លក់​បន្ត បាន​កើនឡើង​រហូត​ដល់​ជិត ៥ ម៉ឺន​សំបុត្រ ដែល​ជា​ការ​កើនឡើង​ខ្លាំង​ធៀប​នឹង​ចំនួន ២៨ ២៨៥ សំបុត្រ កាលពី​ពេល​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ទើបតែ​ចាប់ផ្តើម​។ ដ្បិត​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដែល​សំបុត្រ​ទស្សនា​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​៕