ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Danilo កីឡាករ​តែ​ម្នាក់​គត់​ជិះ​យន្តហោះ​ក្រុម​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ប្រេ​ស៊ី​ល​ធ្លាក់​ចេញពី World Cup

2 ថ្ងៃ មុន

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​កាសែត The Sun របស់​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​ស្រង់​របាយការណ៍​ពី​កាសែត​ប្រេ​ស៊ី​ល Metropoles បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ រួច​មក Danilo ត្រូវ​បាន​រាយការណ៍​ថា គឺជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ជិះ​យន្តហោះ​ការ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ខណៈ​ពេល​ដែល​មិត្ត​រួម​ក្រុម​របស់​កីឡាករ​រូប​នេះ​បាន​ទៅ​លំហែ​សម្រាក​លំហែកាយ​ដោយ​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​រៀងខ្លួន​។

ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​យ៉ាង​ភ្ញាក់ផ្អើល និង​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​រី​យ៉ូ​ដឺ​ចេ​ណេ​រ៉ូ (Rio de Janeiro) វិញ ក្រោយ​ចាញ់​ក្រុម​ន័​រ​វែ​ស​ដោយ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា កន្លង​ទៅ​។

យ៉ាងណាមិញ បើ​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេ​ស៊ី​ល កីឡាករ​តែ​ម្នាក់​គត់​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៦ រូប ដែល​បាន​ជិះ​យន្តហោះ​នោះ​គឺ Danilo និង​យ៉ាង​ហោច​ណាស់​ក៏​មាន​បុគ្គលិក​ក្រុម​មួយ​ចំនួន រួម​ទាំង​សមាជិក​នៃ​នាយកដ្ឋាន​វេជ្ជសាស្ត្រ និង​សន្តិសុខ​រួម​ដំណើរ​ជាមួយ​ផង​ដែរ​។

អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ផ្សេង​គ្នា ទៅ​សម្រាក​លំហែកាយ បើ​មិន​នៅ​សហរដ្ឋអាមេរិក ក៏​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ​។ Neymar បាន​នាំ​គ្រួសារ​ទៅ​ទីក្រុង Orlando, Endrick និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​លេង​នៅ​រដ្ឋ New Jersey សហរដ្ឋអាមេរិក ហើយ Vinicius Junior បាន​ហោះ​ទៅ​កោះ Ibiza ដ៏​ល្បី​របស់​ប្រទេស​អេ​ស្ប៉ា​ញ​។

ចំណែក​លោកគ្រូ​បង្វឹក Carlo Ancelotti បាន​ទៅ​សម្រាកលំហែ​នៅ​ទីក្រុង Vancouver ប្រទេស​កា​ណា​ដា ជា​កន្លែង​ដែល​លោក និង​ភរិយា​ជនជាតិ​កា​ណា​ដា​មានផ្ទះ​១​ខ្នង​នៅ​ទីនោះ​។ ចំ​ពេល​ដែល​អ្នកគាំទ្រ​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​ដក​គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី​រូប​នេះ ចេញពី​តំណែង បន្ទាប់​ពី​ន័​រ​វែ​សបាន​បំផ្លាញ​ក្តី​ស្រមៃ​ដណ្តើម​ជើងឯក World Cup របស់​ប្រេ​ស៊ី​ល​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

គួរ​បញ្ជាក់​ជូន​ថា Danilo អតីត​ខ្សែការពារ​ស្តាំ​ឆ្នើម​របស់​ក្លិប Manchester City, Real Madrid និង Juventus ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប ​Flamengo រូប​នេះ បាន​ចាប់ផ្តើម​លេង​ជា​កីឡាករ​១១​នាក់​ដំបូង​ឱ្យ​ក្រុម​ប្រេ​ស៊ី​ល​ចំនួន ៤ ប្រកួត​ក្នុង​ចំណោម ៥ ប្រកួត​របស់​ពួក​គេ​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦៕