ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​លេចធ្លោ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ ស្លា.ប់​ទាំង​វ័យក្មេង ក្រោយ​ទើប​បញ្ចប់​យុទ្ធនាការ World Cup 2026

31 វិនាទី មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង Jayden Adams ដែល​ទើបតែ​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ទទួលមរណភាព​នៅ​ក្នុង​វ័យ ២៥​ឆ្នាំ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​សហគមន៍​បាល់ទាត់​របស់​ប្រទេស​មួយ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៦​។

រដ្ឋមន្ត្រីក្រសួង​កីឡា សិល្បៈ និង​វប្បធម៌​អាហ្វ្រិក​ខាងត្បូង លោក Gayton McKenzie បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បង្ហាញ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ក្តុកក្តួល​ជាទី​បំផុត ដែល​លោក​បាន​ទទួល​ដំណឹង​ពី​មរណភាព​របស់ Jayden Adams​។ លោក បាន​បន្ត​ថា បាល់ទាត់​អាហ្វ្រិក​ខាងត្បូង​បាន​បាត់បង់​កីឡាករ​វ័យក្មេង​ទេព​កោសល្យ​ដ៏​ភ្លឺស្វាង​បំផុត​ម្នាក់ ហើយ​ប្រទេស​ជាតិ​កំពុង​កាន់ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ មិត្ត​រួម​ក្រុម និង​អ្នកគាំទ្រ​រាប់​លាន​នាក់ ដែល​បាន​ទស្សនាការ​រីក​ចម្រើន​របស់​គេ តាំងពី​ជា​កីឡាករ​វ័យក្មេង​ដ៏​មាន​សក្តានុពល រហូត​ក្លាយជា​កីឡាករ​របស់​ក្រុម​ឈុត​អាហ្វ្រិក​ខាងត្បូង​។

ព័ត៌មាន​នេះ ត្រូវ​បាន​បណ្តាញសារព័ត៌មាន​អាហ្វ្រិក​ខាងត្បូង​ចុះ​ផ្សាយ​យ៉ាង​ទូលំទូលាយ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ហើយ​អ្នកតំណាង​របស់ Adams និង​អាណាព្យាបាល​របស់​គេ ក៏​បាន​បញ្ជាក់​ពី​ព័ត៌មាន​ដ៏​ក្រៀមក្រំ​នេះ​ផង​ដែរ ប៉ុន្តែ​មូលហេតុ​ការ​ស្លាប់​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ក្លិប Mamelodi Sundowns FC ដែល​កីឡាករ​រូប​នេះ​កំពុង​ប្រកប​អាជីព ក៏​មិន​ទាន់​បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណាមួយ​ឡើយ​។ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាក់ទង​ទៅ ក្លិប​បាន​ស្នើ​សុំ​ឱ្យ​គោរព​ឯកជន​ភាព​គ្រួសារ​របស់​កីឡាករ​រូប​នេះ អំឡុង​ពេល​ដ៏​លំបាក​មួយ​នេះ​។

ប៉ូលិស​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​អះអាង​ថា ពួក​គេ​បាន​បើក​ការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​សាកសព​បុរស​អាយុ ២៥ ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប្រទះ​រក​ឃើញ​នៅផ្ទះ​មួយ​កន្លែង​ក្នុង​តំបន់ Schotschekloof ដែល​ជា​ជាយក្រុង​មួយ​នៅ​កណ្តាល​ទីក្រុង​ខេ​ប​ថោ​ន (Cape Town) កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ​។

គួរ​រំលឹក​ជូន​ថា Jayden Adams ទើបតែ​បាន​ត្រឡប់​មក​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦​។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ បាន​លេង​ក្នុង​ជំនួប​វគ្គ​ចែក​ពូ​ល​ទាំង​៣​ប្រកួត និង ២ ប្រកួត​ជា​ជម្រើស​១១​នាក់​ដំបូង ដោយ​បាន​ជួយ​អាហ្វ្រិក​ខាងត្បូង​ឱ្យ​ឡើង​ដល់​វគ្គ ៣២ ក្រុម​។ ទោះ​យ៉ាងណា​ក៏​ដោយ អាហ្វ្រិក​ខាងត្បូង​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ក្នុង​វគ្គ​នេះ បន្ទាប់​ពី​ចាញ់​ម្ចាស់ផ្ទះ​កា​ណា​ដា ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា កន្លង​ទៅ ដោយ Adams មិន​ត្រូវ​បាន​ដាក់​ឱ្យ​លេង​ឡើយ​ប្រកួត​នោះ​។

Adams បាន​ចាប់ផ្តើម​អាជីព​នៅ​ក្លិប Stellenbosch FC មុន​ផ្លាស់​ទៅ​ក្លិប Mamelodi Sundowns កាលពី​ខែមករា ឆ្នាំ​២០២៥ ជា​កន្លែង​ដែល​រូបគេ​បាន​ឈ្នះ​ជើងឯក​លី​គ និង​ពានរង្វាន់ African Champions League​។ កីឡាករ​រូប​នេះ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Africa Cup of Nations ឆ្នាំ​២០២៣ មុន​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​របស់​លោក Hugo Broos សម្រាប់​ព្រឹត្តិការណ៍ World Cup ដែល​ក្នុង​នោះ​ក្រុម​របស់​គ្រូបង្វឹក​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ឡើង​ដល់​វគ្គ​ចាញ់​ធ្លាក់ (Knockout) ព្រឹត្តិការណ៍ World Cup ជា​លើក​ដំបូង​បង្អស់​៕