ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ដែល​អ្នកគាំទ្រ​បារម្ភ​ខ្លាំង​បំផុត ក្រោយ​បារាំង​ទម្លាក់​ម៉ា​រ៉ុ​ក​​នៅ World Cup ឆ្នាំ​២០២៦

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​បាន​ចាក​ចេញពី​ទីលាន​ប្រកួត​ជាមួយ​ថង់​ទឹកកក​ស្អំ​លើកជើង​ខាងស្តាំ អំឡុង​ពេល​ការ​ប្រកួត​បារាំង​យកឈ្នះ​លើ​ម៉ា​រ៉ុ​ក​ក្នុង​លទ្ធផល ២-០ កាលពី​វេលា​ឈាន​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) នោះ កីឡាករ Kylian Mbappe បាន​ធានា​ចំពោះ​អ្នកគាំទ្រ​អំពី​ស្ថានភាព​របួស​របស់​ខ្លួន​យ៉ាង​ច្បាស់​ៗ​។

បើ​ទោះបីជា​ត្រូវ​ចាក​ចេញពី​ទីលាន​មុន​បញ្ចប់​ការ​ប្រកួត និង​ត្រូវ​បាន​គេ​ឃើញ​មាន​ថង់​ទឹកកក​ស្អំ​កជើង​ក៏​ដោយ ក៏​ប្រធាន​ក្រុម​មាន់គក​បារាំង​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​អះអាង​ថា ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​អ្នកគាំទ្រ​បាន​ព្រួយបារម្ភ​ដំបូង​ឡើយ​នោះ​ទេ​។ ជាកស្តែង ថ្លែង​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប Real Madrid រូប​នេះ បាន​និយាយ​ថា «​ខ្ញុំ​មិន​អី​ទេ​។ កជើង​ខ្ញុំ​បាន​រង​ការ​ប៉ះទង្គិច​បន្តិចបន្តួច ប៉ុន្តែ​ឥឡូវនេះ​គ្រប់យ៉ាង​គឺ​មិន​អី​នោះ​ទេ​»​។

លើស​ពី​នេះ​ទៀត ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​រូប​នេះ ក៏​បាន​ពន្យល់​ផង​ដែរ​អំពី​ការ​សម្រេចចិត្ត​ប្តូរ​ចេញ​នៅ​ចុង​ម៉ោង​នៃ​ការ​ប្រកួត ដោយ​បាន​បញ្ជាក់​ដូច្នេះ​ថា «​ខ្សែប្រយុទ្ធ Jean-Philippe Mateta គឺជា​ជម្រើស​ដ៏​សម​ស្រប​ជាង ដើម្បី​រក្សា​ភាព​ខ្លាំង​នៃ​ការ​ប្រកួត​នៅ​ក្នុង​រយៈពេល ១៥ នាទី​ចុង​ក្រោយ ដោយសារ​តែ​កាយសម្បទា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គេ​»​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ខាង​មុខ ខ្សែប្រយុទ្ធ​ពាក់អាវ​លេខ ១០ រូប​នេះ បាន​លើក​ឡើង​ថា «​ផ្លូវ​ខាង​មុខ គឺ​នៅ​វែង​ឆ្ងាយ​ណាស់​។ យើង​យល់​ថា ការ​ប្រកួតប្រជែង​ខាង​មុខ​នឹង​ពិបាក​ជាង​អ្វី​ដែល​ក្រុម​ធ្លាប់​បាន​ជួប​ប្រទះ​ពី​មុន​មក ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ទល់​នឹង​ម៉ា​រ៉ុ​ក ទោះបីជា​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​នៅ​នាទី​ទី ២៩ ក៏​ពិតមែន ប៉ុន្តែ Mbappe នៅ​តែ​បង្ហាញ​ភាព​ខ្លាំង តាម​រយៈ​ទម្រង់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ជាមួយ​ល្បឿន​រត់​ដ៏​លឿន​របស់​ខ្លួន ដើម្បី​អាច​បើក​ការ​នាំមុខ​មុន​ឱ្យ​បារាំង​ដោយ​ការ​ទាត់​បញ្ចូល​ទី​ដ៏​ស្អាត​នៅ​នាទី ៦០​។ មុន​មិត្ត​រួម​ក្រុម​របស់​គេ ខ្សែប្រយុទ្ធ Ousmane Dembele បន្ថែម​១​គ្រាប់​ទៀត នៅ​នាទី ៦៦ ជួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក Didier Deschamps មួយ​នេះ បន្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន Kylian Mbappe កំពុង​ឈរ​បណ្តោះអាសន្ន​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ជាងគេ​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ពោល ៨ គ្រាប់​ស្មើ​ជាមួយនឹង​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi ដែល​ត្រៀម​ប្រកួត​ទល់​នឹង​ស្វី​ស នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ខាង​មុខ​នេះ (​ម៉ោង​នៅ​កម្ពុជា​)៕ ប្រភព ៖ The New York Times និង Znews