អន្តរជាតិ ៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេស និង The People របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា បណ្តាមេដឹកនាំបក្សសម្ព័ន្ធនៃអង្គការណាតូ (NATO) បានព្រមព្រៀងគ្នាជាលក្ខណៈក្រៅផ្លូវការ ដើម្បីចៀសវាងការនិយាយពីរឿង World Cup ឆ្នាំ២០២៦ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយសារតែបារម្ភខ្លាចធ្វើឱ្យលោកខឹងសម្បារ អំឡុងពេលដំណាក់កាលដ៏សំខាន់មួយសម្រាប់សម្ព័ន្ធភាពយោធាមួយនេះ។
កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ នៅទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគីយ៉េ ប្រមូលផ្តុំបណ្តាមេដឹកនាំបក្សសម្ព័ន្ធណាតូ និងដៃគូសំខាន់ៗ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពោលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិបែលហ្សិកបានទម្លាក់ម្ចាស់ផ្ទះសហរដ្ឋអាមេរិក ត្រឹមវគ្គ១៦ក្រុម ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដោយលទ្ធផលដល់ទៅ ៤-១ ឯណោះ។
The Guardian បានស្រង់សម្តីរបស់មន្ត្រីជាច្រើនដោយរាយការណ៍ថា បណ្តាមេដឹកនាំអឺរ៉ុបបានពិភាក្សាគ្នាអំពីរបៀបដើម្បីធានាកិច្ចសហប្រតិបត្តិការរបស់លោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលនេះ ដោយអ្នកទាំងនោះបានបង្កើតយុទ្ធសាស្ត្រមួយ រួមមានការយោគយល់គ្នាក្រៅផ្លូវការថានឹងមិនលើកយកប្រធានបទ World Cup មកនិយាយជាមួយលោក ត្រាំ នោះទេ។
សូម្បីតែនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever ក៏បានប្រាប់អ្នកយកព័ត៌មានមុនជំនួបជាមួយលោក ត្រាំ ដែរថា លោកមានគម្រោងមិនពិភាក្សាអំពីជ័យជម្នះរបស់ប្រទេសកំណើតលោកក្នុងសប្តាហ៍នេះ។ ថ្លែងទៅអ្នកសារព័ត៌មាន លោក De Wever បាននិយាយថា «លោក ត្រាំ ត្រូវបានគេដឹងថា ជួនកាលមានប្រតិកម្មដោយខឹងសម្បារបន្តិចបន្តួចចំពោះរឿងណាដែលគាត់មិនពេញចិត្ត ហើយខ្ញុំគិតថា ការបរាជ័យក្នុងការប្រកួតបាល់ទាត់នេះ (World Cup ឆ្នាំ២០២៦) នឹងធ្វើឱ្យគាត់ខកចិត្តយ៉ាងខ្លាំង»។
លោកបន្តថា លោកនឹងមិនចាប់ផ្តើមការសន្ទនាពីជ័យជម្នះរបស់បែលហ្ស៊ិកជាមួយលោក ត្រាំ មុននោះទេ ប៉ុន្តែបើប្រធានាធិបតីអាមេរិកនិយាយអ្វីមួយអំពីវា នោះខ្ញុំនឹងចាំមើលថាការនិយាយនោះជាអ្វី ហើយរកវិធីឆ្លើយតប»។
ការបរាជ័យរបស់ម្ចាស់ផ្ទះអាមេរិក បានកើតឡើងបន្ទាប់ពីលោក ត្រាំ បានទម្លាយថា លោកពិតជាបានស្នើទៅប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ឱ្យពិនិត្យឡើងវិញនូវការពិន័យកាតក្រហមជាប់បម្រាម១ប្រកួតរបស់កីឡាករ Folarin Balogun ដោយសារលោកមិនគិតថានោះជាកំហុសឆ្គងនោះទេ។
ក្រោយមក FIFA បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដោយបានលុបចោលការសម្រេចចិត្តពិន័យនោះវិញ និងអនុញ្ញាតឱ្យខ្សែប្រយុទ្ធរូបនេះ ចូលរួមជាមួយក្រុមអាមេរិក សម្រាប់ការប្រកួតកាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅ (ម៉ោងនៅសហរដ្ឋអាមេរិក)។
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់អង្គការណាតូ (NATO) មិនត្រូវបានបញ្ចេញឈ្មោះម្នាក់បានបញ្ចេញមតិលើការជ្រៀតជ្រែករបស់លោក ត្រាំ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មរបស់ FIFA នេះ ដោយបានប្រាប់កាសែត The Times ដូច្នេះថា «លោក ត្រាំ បានធ្វើឱ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំងជាមួយ FIFA ហើយឥឡូវនេះ គ្មាននរណាម្នាក់ដឹងទេថា គាត់នឹងមានអារម្មណ៍សប្បាយរីករាយ ឬខឹងសម្បារ កម្រិតណានោះទេ»៕


ចែករំលែកព័តមាននេះ