ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAF សម្រេច​ដកសិទ្ធិ​សេ​ណេ​ហ្គា​ល់​ពី​ម្ចាស់​ជើង​ឯក​​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០២៥ ទៅ​ឱ្យ​ម៉ា​រ៉ុ​ក

6 ថ្ងៃ មុន

អន្តរជាតិ ៖ សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក (CAF) បាន​សម្រេច​ដកសិទ្ធិ​ម្ចាស់​ជើងឯក​ពានរង្វាន់​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០២៥ ឬ Africa Cup of Nations…

អន្តរជាតិ ៖ សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក (CAF) បាន​សម្រេច​ដកសិទ្ធិ​ម្ចាស់​ជើងឯក​ពានរង្វាន់​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០២៥ ឬ Africa Cup of Nations (AFCON)​ពី​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​ទៅ​ឱ្យ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​យ៉ាង​ភ្ញាក់ផ្អើល ហើយ​ក៏​ជា​ការ​សម្រេច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន The Guardian និង ESPN បាន​ចេញផ្សាយ​។

CAF កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ បាន​ប្រកាស​ថា ក្រុមប្រឹក្សា​បណ្តឹងឧទ្ធរណ៍​របស់​ខ្លួន​បាន​បដិសេធ​លទ្ធផល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFCON កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦ នៅ​កីឡដ្ឋាន Prince Moulay Abdellah ប្រទេស​ម៉ា​រ៉ុ​ក ដោយ​សម្រេច​ថា សេ​ណេ​ហ្គា​ល់បោះ​បង់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​គ្រូបង្វឹក លោក Pape Thiaw និង​កីឡាករ​មួយ​ចំនួន​បាន​ដើរ​ចេញពី​ទីលាន​រយៈពេល​១៥​នាទី ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ដល់​ម៉ា​រ៉ុ​ក​ក្នុង​ម៉ោង​បន្ថែម​នៃ​តង់​ទី​២​។

យ៉ាងណាមិញ ពួក​គេ​បាន​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ បន្ទាប់​ពី​ការ​ទទូច​អង្វរ​របស់​ប្រធាន​ក្រុម Sadio Mane ខណៈ​ដែល​ការ​ទាត់​បាល់​ពិន័យ​របស់​កីឡាករ​ម៉ា​រ៉ុ​ក​ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នកចាំទី​សេ​ណេ​ហ្គា​ល់ ដើម្បី​នាំ​ការ​ប្រកួត​ឈាន​ទៅ​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ហើយ​ក៏​ជា​ពេល​ដែល​កីឡាករ Pape Gueye រកបាន​គ្រាប់​ជ័យជម្នះ​ឱ្យ​ក្រុម​សេ​ណេ​ហ្គា​ល់​លទ្ធផល ១-០ ផង​ដែរ​។

នៅ​ក្នុង​សវនាការ​វិន័យ​ដំបូង CAF បាន​ដាក់​ពិន័យ​ជា​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ ក៏​ដូច​ជា​ដាក់​បម្រាម​លើ​កីឡាករ និង​មន្ត្រី​សេ​ណេ​ហ្គា​ល់ និង​ម៉ា​រ៉ុ​ក ដែល​បាន​បង្ក​ភាព​តានតឹង​នៅ​លើ​ទីលាន ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​ប្រកួត​នោះ​ទេ​។ ប៉ុន្តែ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​១៧ ខែមីនា កន្លង​ទៅ CAF បាន​បញ្ជាក់​ថា សេ​ណេ​ហ្គា​ល់​ត្រូវ​បាន​ដកសិទ្ធិ​ម្ចាស់​ជើងឯក ដោយហេតុ​ថា បោះបង់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​រំលោភ​លើ​មាត្រា ៨២ នៃ​បទ​ប្បញ្ញត្តិ​ពានរង្វាន់ AFCON ហើយ​មាត្រា ៨៤ ក៏​ត្រូវ​បាន​អនុវត្ត ដោយ​លទ្ធផល​ត្រូវ​សម្រេច​ឱ្យ​ម៉ា​រ៉ុ​ក​ឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ ដោយ​ស្វ័យប្រវត្តិ និង​ក្លាយជា​ម្ចាស់​ជើងឯក AFCON ប្រចាំឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ