ខេត្តព្រះសីហនុ ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមីនា កន្លងមកនេះ មានអត្តពលិកចម្រុះជាតិសាសន៍ជិត១៥០០០នាក់មកពី៤១ប្រទេស។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តមវ៉ាត់ ចំរើន ថ្លែងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុឆ្នាំនេះ សន្ទុះនៃការចូលរួមមានច្រើនលើសលប់។ ការចូលរួមច្រើនបែបនេះដោយសារការជួយជំរុញពីគណៈអភិបាលខេត្តព្រះសីហនុ ដែលមានកិច្ចសហការគ្នាយ៉ាងល្អជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងម្ចាស់ផ្ទះ។ ឯកឧត្តមបានបន្តថា ដោយសារខេត្តព្រះសីហនុមានអំណោយផលល្អ ជាពិសេសនៅតាមឆ្នេរសមុទ្របានបង្កបរិយាកាសល្អឥតខ្ចោះដែលអាចទាក់ទាញអ្នករត់បានយ៉ាងច្រើនសន្ធឹកសន្ធាប់និងមិនធ្លាប់មានពីមុនមកទាល់តែសោះ។
ឯកឧត្តមវ៉ាត់ ចំរើន បានបញ្ជាក់ថា បើគិតអ្នកចុះឈ្មោះរត់មកពីរាជធានីភ្នំពេញតែម្ដងគឺមានចំនួនតែជាង២ពាន់នាក់ប៉ុណ្ណោះ។ប៉ុន្តែដោយសារតែមានការជួយបំផុសផ្សព្វផ្សាយពីរដ្ឋបាលខេត្តព្រះសីហនុបន្ថែមទៀតផងនោះ ធ្វើឱ្យចំនួនអ្នកចុះឈ្មោះមានការកើនឡើងគួរយកត់សម្គាល់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការសម្រួលចរាចរណ៍ពីសំណាក់កម្លាំងសមត្ថកិច្ចខេត្ត ដែលធ្វើឱ្យអ្នករត់កាន់តែមានទំនុកចិត្ត ។
ឯកឧត្តម វ៉ាត់ ចំរើនបន្តថា លោកអភិបាលខេត្តព្រះសីហនុចង់ជំរុញឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងក្នុងអំឡុងពេល២ឆ្នាំខាងមុខ ឱ្យក្លាយជាFull Marathonតែម្ដង និងក្លាយជាគោលដៅសម្រាប់អ្នករត់នៅលើពិភពលោក ។ ទន្ទឹមជាមួយគ្នានេះដែរ ត្រូវជួយជំរុញបន្ថែមឱ្យមានអ្នកចូលរួមរត់រហូតដល់៤ម៉ឺននាក់។
ឯកឧត្តមសង្កត់ធ្ងន់ថា ខេត្តព្រសីហនុជាខេត្តដ៏មានសក្ដានុពលមានទាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ បរិយាកាសស្រស់ស្រាយគួរឱ្យទាក់ទាញបំផុត។
ឯកឧត្តមសង្ឃឹមថា អង្គការដាក់ពិន្ទុអន្តរជាតិនឹងធ្វើការដាក់ពិន្ទុល្អសម្រាប់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាម៉ារ៉ាតុងខេត្តព្រះសីហនុឆ្នាំនេះ ៕




ចែករំលែកព័តមាននេះ