ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន បន្ត​ធ្វើ​ជា​ប្រធាន​NOCC​អាណត្តិ​ទី​៩​ឆ្នាំ​២០២៦-២០៣០

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ត្រូវ​បាន​អង្គ​មហាសន្និបាត​បោះ​ឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​គណៈ​ក​ម្មា​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា​(NOCC)​អាណត្តិ​ទី​៩​ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​២០៣០​។ អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៨​និង​បន្ត​អាណត្តិ​ទី​៩(២០២៦-២០៣០)​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​រសៀល​ពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ត្រូវ​បាន​អង្គ​មហាសន្និបាត​បោះ​ឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​គណៈ​ក​ម្មា​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា​(NOCC)​អាណត្តិ​ទី​៩​ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​២០៣០​។

អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៨​និង​បន្ត​អាណត្តិ​ទី​៩(២០២៦-២០៣០)​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​រសៀល​ពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យហង់​ជួន ណា​រ៉ុ​ន បាន​កោតសរសើរ​និង​វាយតម្លៃខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ធំ​ៗ​ដែល​គណៈក​ម្មា​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​សម្រេច​បាន​ក្នុង​អាណត្តិ
ទី​៨​កន្លង​មក ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ថោ​ង ខុន ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​គ្រួសារ​ចលនា​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​និង​គ្រប់​ភាគី​ពាក់ព័ន្ធ ធ្វើ​ឱ្យ​កិត្យានុភាព​កីឡា​ជាតិ​លេចធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ​។ ជា​ពិសេស​មហា​ជោគជ័យ​ដ៏​អស្ចារ្យ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​ក្រោយ​រង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ​ក្នុង​សម័យកាល​សម្ដេច​តេ​ជោ​ហ៊ុន សែន​។

ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ថោ​ង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ចាត់​ទុក​អាណត្តិ​ទី​៨​របស់​NOCC​គឺជា​អាណត្តិ​ពិសេស​សម្រាប់​ចលនា​អូ​ឡាំ​ពិ​ក​កម្ពុជា និង​គ្រួសារ​កីឡា​ជាតិ ដែល​ស​ម្រ​ច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជា​ច្រើន ជា​ពិសេស​ភាព​ជោគជ័យ​នៃព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ក្រោម​ការ​ដឹកនាំ​និង​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​សម្រេច​លើ​ប្លង់​រចនា​កីឡដ្ឋាន​រួច​ហើយ​NOCC​បាន​រៀបចំ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​លេខាធិការដ្ឋាន​មួយ​សម្រាប់​តាមដាន​និង​សម្របសម្រួល​ការងារ​សាងសង់​ឱ្យ​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​កំណត់ ទោះបី​ជួប​ការ​លំបាក​និង​ស្ថិត​ក្នុង​សភាពការណ៍​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ក៏​ដោយ​។

ឯកឧត្តម​វ៉ា​ត់ ចំរើន ដែល​ត្រូវ​បាន​អង្គ​មហាសន្និបាត​គាំទ្រ​ឱ្យធ្វើ​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កម្ពុជា​អាណត្តិ​ទី​៩​ជា​បន្តទៀត បាន​រំលឹក​ពី​ជោគជ័យ​របស់​គណៈ​ក​ម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជា​ពិសេស​មរតក​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ និង​សមិទ្ធផល​ជា​ច្រើន​ទៀត​ក្នុង​អាណត្តិ​ទី​៨​កន្លង​ទៅ ។ ឯកឧត្តម​បាន​បន្ត​ថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​នេះ​គឺ​មានការ​កសាងមូលដ្ឋាន​គ្រឹះ​បច្ចេកទេស​កីឡា ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​មាន​ភាពរឹងមាំ និង​មាន​ម្ចាស់​ការ​លើ​ខ្លួនឯង​ក្នុង​ការ​រៀបចំ​ព្រឹត្តិ​កាណ៍​នានា ។

ការ​អភិវឌ្ឍ​កីឡាករ កីឡាការិនី​ជា​ចំណុច​ពិសេសហើយ​CAMSOC​បាន​ផ្ដល់​ថវិកា​ទៅ​ប្រកួត​និង​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មឆ្នាំ​២០២៣​។​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​បាន​ផ្ដល់​នូវ​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​ដល់​កម្ពុជា​ដោយ​ទទួល​បាន​មេដាយមាស​៨១​គ្រឿង មេដាយ​ប្រាក់​៧៤​គ្រឿង​និង​មេដាយ​សំរឹទ្ធ​១២៧​គ្រឿង ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ដែល​ជា​សមិទ្ធផល​លើស​ពី​ការ​រំពឹង​ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ