រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គមហាសន្និបាត បោះឆ្នោតគាំទ្រ ធ្វើជាប្រធានគណៈកម្មាជាតិអូឡាំពិក អាណត្តិទី៩ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣០ ។ អង្គមហាសន្និបាតបញ្ចប់អាណត្តិទី៨ (២០២២-២០២៦) និងបន្តអាណត្តិទី៩ (២០២៦-២០៣០) បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលរសៀលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលធំៗ ដែលចលនាអូឡាំពិកសម្រេចបានក្នុងអាណត្តិទី៨ កន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់គ្រួសារ ចលនាអូឡាំពិកកម្ពុជា ដោយបានសហការយ៉ាងជិតស្និតជាមួយក្រសួងអប់រំយុវជន និងកីឡា និងគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យកិត្យានុភាពកីឡាជាតិលេចធ្លោ នៅលើឆាកអន្តរជាតិ។ ជាពិសេសមហាជោគជ័យ ដ៏អស្ចារ្យនៃព្រឹត្តិការណ៍ស៊ីហ្កេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្នុងសម័យកាលសម្ដេចតេជោ ហ៊ុន សែន ។
ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកអាណត្តិទី៨ របស់ NOCC គឺជាអាណត្តិពិសេស សម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ ដែលសម្រចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំ និងគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេចលើប្លង់រចនាកីឡដ្ឋានរួចហើយ NOCC បានរៀបចំបង្កើតគណៈកម្មការត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលមានលេខាធិការដ្ឋានមួយសម្រាប់តាមដាន និងសម្របសម្រួលការងារសាង់ឱ្យទទួលបានជោគជ័យតាមផែនការកំណត់ ទោះបីជួបការលំបាក និងស្ថិតក្នុងសភាពការណ៍រីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ។
ឯកឧត្តម វ៉ាត់ ចំរើន ដែលត្រូវបានអង្គមហាសន្និបាតគាំទ្រ ឱ្យធ្វើជាអគ្គលេខាធិការគណៈកម្មាធិការជាតិកម្ពុជា អាណត្តិទី៩ ជាបន្តទៀត បានបានរំលឹកពីជោគជ័យរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសមរតកកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងសមិទ្ធផលជាច្រើនទៀត ក្នុងអាណត្តិទី៨ កន្លងទៅ។ ការលើកឡើងរបស់ឯកឧត្តម អគ្គលេខាធិការ បានធ្វើឡើងនៅក្នងអង្គមហាសន្និបាតបញ្ជប់អាណត្តិទី៨ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិ២០២៦-២០៣០ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ។
ឯកឧត្តម បានបន្តឱ្យដឹងទៀតថា នៅពីក្រោយជោគជ័យនេះ គឺមានការកសាងមូលដ្ឋានគ្រឹះ បច្ចេកទេសកីឡា ដែលធ្វើឱ្យសហព័ន្ធកីឡាជាតិ មានភាពរឹងមាំ និងមានម្ចាស់ការលើខ្លួនឯង ក្នុងការរៀបចំព្រឹត្តិកាណ៍នានា។ ការអភិវឌ្ឍកីឡាករ កីឡាការិនីជាចំណុចពិសេស ហើយ CAMSOC បានផ្ដល់ថវិកាទៅប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីវាស់ស្ទង់សមត្ថភាព ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ជាមួយនឹងការខិតខំប្រឹងប្រែងបានផ្ដល់ នូវផ្លែផ្កាយ៉ាងត្រចះត្រចង់ ដល់កម្ពុជាដោយទទួលបានមេដាយមាស៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង និងមេដាយសំរឹទ្ធ១២៧គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៤ ដែលជាសមិទ្ធផលលើសពិការំពឹងទុក ៕



ចែករំលែកព័តមាននេះ