រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់សកលលេចធ្លោ ហ៊ុន គឹមហៀង បានទទូចមិត្តរួមអាជីព ត្រូវរក្សាការហ្វឹកហាត់ឱ្យបានត្រឹមត្រូវយ៉ាងខ្ជាប់ខ្ជួន ដើម្បីថែរក្សាគុណផលឱ្យបានល្អ ពោលកុំចាំតែមានការប្រកួត ឬជិតដល់ថ្ងៃប្រកួត ទើបខិតខំសំរុកបុកហ្វឹកហាត់ ។
សមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា សង្កត់ធ្ងន់ថា ការហ្វឹកហាត់ជាប្រចាំធ្វើឱ្យកីឡាករ កីឡាការិនីអាចរក្សាកម្លាំង និងបច្ចេកទេសល្អពេលឡើងប្រកួតជាក់ស្ដែង ។
ហ៊ុន គឹមហៀង លម្អិតបែបនេះ “ពេលយើងបានហ្វឹកហាត់ជាប់លាប់ ធ្វើឱ្យយើងបត់បែនបានល្អ អត់គាំង ចេះញាក់អីល្អ មានកម្លាំង។ ពេលយើងខានយូរ អាចពិបាក យឺត គាំង។ អ៊ីចឹងកីឡាករ កីឡាការិនីយើងទាំងអស់ ត្រូវប្រឹងហ្វឹកហាត់ កុំចាំតែមានឈ្មោះប្រកួត បានខំ កុំទុកវាចោល ។
ហ៊ុន គឹមហៀង បានខកខានប្រកួតកីឡាប្រដាល់សកល ជាងមួយឆ្នាំមកហើយ។ ប៉ុន្តែគេថា មិនមានបញ្ហាអ្វីឡើយ ព្រោះនៅតែរក្សាការហ្វឹកហាត់ជាប្រចាំ។ ដូច្នេះសម្រាប់ការប្រកួតប្រចាំខែ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ គេត្រៀមខ្លួនបានយ៉ាងល្អ រួចជាស្រេច ហើយប្ដេជ្ញានឹងធ្វើឱ្យកក្រើកជូនទស្សនិកជនបានទស្សនា ។
កីឡាករមានប្រភពពីខេត្តសៀមរាប ក៏បានឱ្យដឹងផងដែរថា ប្រកួតប្រដាល់សកលអាជីពប្រចាំខែ គឺជាកត្តារួមចំណែកសំខាន់ដល់ការអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា។ ម្យ៉ាងវិញទៀតនេះ ជាការប្រកួតប្រចាំខែលើកទី២ ហើយក្នុងគម្រោងដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជារៀបចំឱ្យមានការប្រកួតនេះឡើង ដែលមានរយៈពេល១ឆ្នាំពេញ ៕

ចែករំលែកព័តមាននេះ