ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA បដិសេធ​សំណើ​អ៊ី​រ៉​ង់​សុំ​ប្តូរ​ទីតាំង​ប្រកួត​របស់​​ខ្លួន​នៅ World Cup ពី​ទឹកដី​អា​មេ​រិ​ក​ទៅ​ម៉ិ​ក​​ស៊ិ​ក

6 ថ្ងៃ មុន

ប្រទេស​ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​ថា ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២៦ (World Cup 2026)…

ប្រទេស​ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​ថា ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២៦ (World Cup 2026) នឹង​ប្រព្រឹត្ត​ទៅ​តាម​កាលវិភាគ​ដែល​បាន​ប្រកាស​កាលពី​ឆ្នាំ​មុន​។ តាម​រយៈ​នេះ គឺជា​ការ​បិទ​ក្តី​សង្ឃឹម​របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​សំណើសុំ​ផ្លាស់​ប្តូរ​ទីតាំង​ប្រកួត​របស់​ខ្លួន​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយសារ​តែ​សង្គ្រាម​ដែល​កំពុង​តែ​បន្ត​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Al Jazeera ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា FIFA កំពុង​ទាក់ទង​ជា​ប្រចាំ​ជាមួយ​សមាគម​ជា​សមាជិក​ដែល​ចូលរួម​ទាំងអស់ រួម​ទាំង​អ៊ី​រ៉​ង់​ផង​ដែរ ដើម្បី​ពិភាក្សា​ពី​ការ​រៀបចំ​ផែនការ​សម្រាប់ FIFA World Cup 2026 ហើយ FIFA ទន្ទឹងរង់ចាំ​ក្រុម​ចូលរួម​ទាំងអស់​ប្រកួតប្រជែង​ទៅ​តាម​កាលវិភាគ​ប្រកួត ដែល​បាន​ប្រកាស​រួច​ហើយ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ ២០២៥​។

សូម​ជម្រាប​ថា បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា ដោយ​ការ​វាយប្រហារ​រួម​គ្នា​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ លទ្ធភាព​ចូលរួម​របស់​អ៊ី​រ៉​ង់​នៅ World Cup 2026 ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​បំផុត​។ កាលពី​ស​ប្តា​ហ៍​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា លោក​ស្វាគមន៍​អ៊ី​រ៉​ង់​សម្រាប់​ការ​ប្រកួត​លើ​ទឹកដី​សហរដ្ឋអាមេរិក ប៉ុន្តែ​បាន​បន្ថែម​ថា លោក​ពិតជា​មិន​ជឿ​ថា​វា​សមរម្យ​ទេ​ដែល​អ៊ី​រ៉​ង់​បង្ហាញ​វត្ត​មាននៅ​ទីនោះ សម្រាប់​អាយុជីវិត និង​សុវត្ថិភាព​របស់​ពួក​គេ​។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ត្រាំ សហព័ន្ធ​បាល់ទាត់​អ៊ី​រ៉​ង់​បាន​បញ្ជាក់​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា គ្មាន​នរណា​ម្នាក់​អាច​ដក​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​ចេញពី​ព្រឹត្តិការណ៍ World Cup នោះ​ទេ​។ កាលពី​ថ្មី​ៗ​នេះ នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ី​រ៉​ង់ លោក Mehdi Taj បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ថា «​នៅ​ពេល​ដែល​លោក ត្រាំ បាន​បញ្ជាក់​ច្បាស់​ថា លោក​មិន​អាច​ធានា​សុវត្ថិភាព​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​បាន​នោះ យើង​ពិតជា​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​នោះ​ទេ​។ ដោយ​បន្ថែម​ថា សហព័ន្ធ​កំពុង​ចរចា​ជាមួយ FIFA ដើម្បី​រៀបចំ​ការ​ប្រកួត​របស់​អ៊ី​រ៉​ង់​នៅ​ព្រឹត្តិការណ៍ World Cup ទៅ​កាន់​ទឹកដី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ​។

ឯកអគ្គរដ្ឋទូត​អ៊ី​រ៉​ង់​ប្រចាំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Abolfazl Pasandideh កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ កន្លង​ទៅ ក៏​បាន​ថ្កោលទោស​ចំពោះ​កង្វះ​កិច្ច​សហប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការ​ចេញ​ទិដ្ឋាការ និង​បទ​ប្បញ្ញត្តិ​គាំទ្រ​ផ្នែក​ភស្តុ​ភារ​សម្រាប់​គណៈប្រតិភូ​អ៊ី​រ៉​ង់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ FIFA World Cup 2026 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ដោយ​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​។ តាម​កាលវិភាគ​ពូ​ល G អ៊ី​រ៉​ង់​នឹង​ប្រកួត​ជាមួយ​នូ​វែ​ល​សេ​ឡង់ និង​បែ​ល​ហ្ស៊ិ​ក នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេ​ស (Los Angeles) មុន​ពេល​ជួប​អេ​ហ្ស៊ី​ប នៅ​ទីក្រុង​ស៊ី​ថ​ល (Seattle) នៃ​ទឹកដី​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ