ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១ឆ្នាំនេះរំពឹងនឹងមានអ្នកចូលរួមលើសពី៥ពាន់នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ(FULL Marathon)លើកទី១១ដែលគ្រោងនឹងធ្វើឡើងនៅលើទឹកដីខេត្តសៀមរាបនៅថ្ងៃទី២ខែសីហាឆ្នាំ២០២៦ខាងមុខនេះ គេរំពឹងថានឹងមានភ្ញៀវជាតិនិងអន្តរជាតិចុះឈ្មោះចូលរួមរត់លើសពី៥ពាន់នាក់ ខណៈគិតមកត្រឹមថ្ងៃនេះមានអ្នកចុះឈ្មោះជាង៤ពាន់នាក់រួចមកហើយ។
ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ឱ្យដឹងនៅក្នុងឱកាសសន្និសីទសារព័ត៏មានដែលបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីព្រឹកថ្ងៃទី៧ខែឧសភាថា សន្ទុះនៃការចុះឈោះរត់របស់ភ្ញៀវជាតិនិងអន្តរជាតិឆ្នាំនេះកើនឡើងលើសពីការរំពឹងទុក។ក្នុងនោះឯក ឧត្តមបានលើកឡើងថាគិតមកត្រឹមថ្ងៃនេះមានអ្នកមកចុះឈ្មោះជាង៤ពាន់នាក់រួចមកហើយៗក្នុងចំណោមជនបរទេសដែលបានមកចុះឈ្មោះរត់ជនជាតិចិនមានចំនួនច្រើនជាងគេ គឺមានរហូតដល់ទៅជាង២០០នាក់។
ឯកឧត្តមបានបន្តឱ្យដឹងទៀតថាបើប្រៀបធៀបទៅនឹងឆ្នាំមុនៗនេះជាកំណើនខ្ពស់ស្ទើមិនគួឱ្យជឿ ខណៈពេលនេះមានភ្ញៀវទេសចរណ៍ដែលជាជនជាតិខ្មែរជាង៤ពាន់នាក់និងភ្ញៀវបរទេសប្រមាណជាង៥០០នាក់ មកពី៤៨ប្រទេស។ចំពោះភ្ញៀវជនជាតិចិនដែលបានមកចុះឈ្មោះច្រើនជាងគេបែបនេះ ដោយយោងទៅតាមMOUរវាងគណៈកម្មការម៉ារ៉ាតុងចក្រភពអង្គរជាមួយនឹងតាលីម៉ារ៉ាតុងនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីពេលថ្មីៗមកនេះ។
ទន្ទឹមជាមួយគ្នានេះដែរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរនាំគ្នាមកចុះឈ្មោះក្នុងព្រឹត្តិការណ៍Full Marathonតែមួយគត់នៅកម្ពុជា។មិនតែប៉ុណ្ណោះឯកឧត្តមក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជានាំគ្នាចូលរួមឱ្យបានច្រើនកុះកបន្ថែមទៀតដើម្បីរួមចំណែកក្នុងរដូវកាលទេសចរណ៍បៃតងជាមួយក្រសួងទេសចរណ៍ផងដែរ។
លោកសែម ផល្លានាកប្រតិបត្តិម៉ារ៉ាតុងកម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍ទិវារត់ប្រណាំម៉ារ៉ាតុងអន្តរជាតិលើកទី១១មានវិញ្ញាសារត់ចម្ងាយ៤១គីឡូម៉ែត្រ រត់ចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ រត់៥គីឡូម៉ែត្រនិងរត់កំសាន្តជាលក្ខណៈគ្រួសារចម្ងាយ៣គីឡូកម៉ែត្រ។អ្នកជំនាញរូបនេះបានឱ្យដឹងទៀតថានេះជាព្រឹត្តិការណ៍ដ៏ធំនិងអស្ចារ្យបំផុតនៅកម្ពុជាអ្នកចូលរួមអាចរត់កាត់ប្រាសាទដ៏ស្រស់ស្អាតនានានៅកម្ពុជានិងគ្មានពីរនៅលើពិភពលោក៕




ចែករំលែកព័តមាននេះ