រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងគុនខ្មែរកណ្ដាប់ដៃដែកធន់ រិទ្ធី ប្រើពេលត្រឹមតែ១ទឹកប៉ុណ្ណោះ បានផ្ដួលកីឡាករចាវ៉ា អ៊ីកាស៊ីតមកពីអ៊ីរ៉ង់ឱ្យចាញ់សន្លប់នៅត្រឹមទឹកទី១ ក្នុងជំនួបសងសឹកនៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
បើតាមគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា នេះជាលើកទី៣ហើយដែលកីឡាករជើងខ្លាំងទាំងពីរជួបគ្នា។ កាលជួបគ្នាពីរលើកមុនគឺចាញ់ឈ្នះម្ដងម្នាក់ដូចគ្នា ដោយសន្លប់នៅត្រឹមទឹកទី១ទាំងពីរលើកតែម្ដង។ អ្វីដែលធ្វើឱ្យអ្នកតាមដានការប្រកួតមានការមិនអស់ចិត្តនោះ គឺការប្រកួតលើកនេះធន់ រិទ្ធី បានវាយកីឡាករអុីរ៉ង់ដែលជាគូសងសឹកឱ្យសន្លប់នៅត្រឹមទឹកទី១ម្ដងទៀត។
មុនការប្រកួត កីឡាករ ចាវ៉ាត អុីកាស៊ីតបានអះអាងថា ការមកប្រកួតលើកនេះដាច់ខាតត្រូវតែឈ្នះ ប៉ុន្តែនេះគ្រាន់តែជាការនិយាយទុកមុនប៉ុណ្ណោះ ។ ជាក់ស្ដែង គ្រាន់តែចាប់ផ្ដើមបើកការប្រកួតភ្លាម គេសង្កេតឃើញកីឡាករអុីរ៉ង់ម្នាក់នេះដើរចូលវាយសម្រុកទៅលើកីឡាករកម្ពុជាយ៉ាងសន្ធាប់ក្នុងគោលបំណងផ្តួលធន់ រិទ្ធីឱ្យសន្លប់នៅត្រឹមទឹកទី១ដូចមុន ។
ទោះបីយ៉ាងណាគោលបំណងនេះមិនបានសម្រេចទេដោយសារធន់ រិទ្ធី មិនមែនជាសាច់ជ្រូកបីជាន់នៅលើជ្រញ់ឱ្យដៃគូកាប់ចិញ្ច្រាំតាមតែអំពើចិត្តនោះទេដោយគេបានវាយបកសងយ៉ាងពេញសាច់តែម្ដង ។ នៅចុងទឹកទី១ធន់ រិទ្ធី បានម៉ាត់ចូលមុខគូប្រកួតជាច្រើនដៃបណ្ដាលឱ្យកីឡាករអុីរ៉ង់ដួលទាំងជំហរត្រូវលោកអាជ្ញាកណ្ដាលរាប់តែគេអាចក្រោកប្រកួតវិញបាន ។
ដោយឃើញឱកាសល្អ ធន់ រិទ្ធី បានបើកការវាយសម្រុកផ្ដាច់ផ្លូវមិនឱ្យចាវ៉ាត អ៊ីកាស៊ីត តដៃ
បានទៀតហើយត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង៕


ចែករំលែកព័តមាននេះ