ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួង​ជំរុញ​គ្រឹះស្ថាន​អប់រំ និង​វិស័យ​ឯកជន​បន្ត​បំផុសសកម្មភាព​កីឡា​ដល់​សិស្សា​នុសិស្ស

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​បណ្ដា​គ្រឹះស្ថាន​អប់រំ និង​វិស័យ​ឯកជន​បន្ត​យកចិត្តទុកដាក់​ឱ្យ​បាន​ជាប់លាប់​នូវ​សកម្មភាព​កីឡា​ដល់​សិស្សានុសិស្ស​របស់​ខ្លួនដើម្បី​សុខភាព បណ្ដុះ​ក្ដី​ស្រឡាញ់​ក្នុង​កីឡា និងជា​ធនធាន​ដ៏​ល្អ​សម្រាប់​ជាតិ ។

ឯកឧត្ដម​មានប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡាសិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ឆ្នាំ ២០២៦​នា​រសៀលថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ នា​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ផ្ដល់អនុសាសន៍​មួយ​ចំនួន​ដូច​ខាងក្រោម​៖

១.​គណៈ​គ្រប់គ្រង​សាលា​សូម​បន្ត​យកចិត្ត
ទុកដាក់​ខ្ពស់​លើ​កម្មវិធី​អប់រំ​កាយ និង​រៀបចំ​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ជា​មូលដ្ឋាន ដើម្បី​គាំទ្រ​ដល់​ការ​អប់រំ​ស្រប​ជាមួយនឹង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តល្អ​។

២.​លោកគ្រូ អ្នកគ្រូ​អប់រំ​កាយ​ក្នុង​ម៉ោង​សិក្សា និង​ក្រៅ​ម៉ោង​សិក្សា ត្រូវ​បន្ត​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ប្រកបដោយ​ភាព​ទាក់ទាញ និង​បន្ត​ស្វែងរក​សិស្ស​ដែល​មាន​ទេព​កោសល្យ​កីឡា និង​មាន​ឧបនិស្ស័យ​ជា​កីឡាករ​ឆ្នើម ដើម្បី​បន្ត​បណ្តុះបណ្តាល​។

៣.​សិស្សានុសិស្ស​សូម​បន្ត​អនុវត្ត​ទិស​ស្លោក យុវជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត ដើម្បី​សុខភាព វិន័យ និង​ការ​សិក្សា​ល្អ​។
៤.​វិស័យ​ឯកជន និង​សប្បុរសជន សូម​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ស្មារតី សម្ភារៈ និង​ថវិកា ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​ជាតិ​។

បើ​តាម​របាយការណ៍​ឯកឧត្ដម ប៉ុន សុខ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ជា​លទ្ធផល​នៃ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ចុង​ក្រោយ​នេះ រាជធានី​ភ្នំពេញ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ មាន​មេដាយមាស​១២ ប្រាក់​៧ និង​សំរឹទ្ធ​៤ សរុប​២៣​គ្រឿង ។ ខេត្តរតនគិរី រកបាន​មេដាយមាស​៧ ប្រាក់​១ និង​សំរឹទ្ធ​១ សរុប​៩​គ្រឿង​។ ខេត្តព្រៃវែង ទទួល​បាន​មេដាយមាស​៦ ប្រាក់​៥ និង​សំរឹទ្ធ​៦ សរុប​១៧​គ្រឿង​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ឆ្នាំ​២០២៦ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ “​កីឡា​ដើម្បី​សុខភាព​កុមារ​” និង​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះ​ឈ្មោះ​ចូលរួម មក​ពី​២៥​រាជធានី ខេត្ត សរុប​ចំនួន​២៦៨៩​នាក់​។

សម្រាប់​កីឡា​ដែល​ឱ្យ​ប្រកួត​មាន​ចំនួន​១២​ប្រភេទ
រួម​មាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយ​កូន​ឃ្លី​លើ​តុ វាយ​សី តេ​ក្វា​ន់​ដូ​WT ប៊ូល និង​ប៉េតង់ ល្បុក្កតោ ហែល​ទឹក គុន​ដាវ និងចំបាប់ ប្រព្រឹត្ត​ទៅ​នៅ​លើ​ទីតាំង​ចំនួន​១០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ