ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sir David Beckham ក្លាយជា​អត្ត​ពលិកម​ហា​សេដ្ឋី​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស

1 នាទី មុន

ចក្រភព​អង់គ្លេស ៖ អតីត​កីឡាករ​បាល់ទាត់​ឆ្នើម Sir David Beckham បាន​ក្លាយជា​អត្ត​ពលិកម​ហា​សេដ្ឋី​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស​។ នេះ​ផ្អែក​លើ​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត​ប្រចាំឆ្នាំ ២០២៦ របស់​កាសែត…

ចក្រភព​អង់គ្លេស ៖ អតីត​កីឡាករ​បាល់ទាត់​ឆ្នើម Sir David Beckham បាន​ក្លាយជា​អត្ត​ពលិកម​ហា​សេដ្ឋី​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស​។ នេះ​ផ្អែក​លើ​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត​ប្រចាំឆ្នាំ ២០២៦ របស់​កាសែត Sunday Times កាលពី​ពេល​ថ្មី​ៗ​នេះ​។

កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស​មួយ​នេះ បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​រួម​របស់ Sir David Beckham និង​ភរិយា គឺ​លោកស្រី Victoria បាន​ឈាន​ដល់​ប្រមាណ ១,១៨ ពាន់​លាន​ផោន ឬ​ប្រមាណ ១,៥៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​នេះ​។ ជាមួយ​តួលេខ​ដ៏​សន្ធឹកសន្ធាប់​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ឈរ​នៅ​លំដាប់​ទី​ពីរ​ក្នុង​បញ្ជី​អត្ត​ព​លិ​ក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​របស់​ចក្រភព​អង់គ្លេស នៅ​ពីក្រោយ​គ្រួសារ​របស់​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Formula One លោក Bernie Ecclestone ដែល​ទ្រព្យ​របស់​អ្នកជំនួញ​មាន​រហូត​ដល់​តម្លៃ ២ ពាន់​លាន​ផោន​។

លោក Bernie Ecclestone មិន​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​អត្ត​ពលិកម​ហា​សេដ្ឋី​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស ដោយសារ​ទ្រព្យ​រាប់​ពាន់​លាន​ដុល្លា​របស់​លោក មិនមែន​រកបាន​ដោយ​អាជីព​កីឡាករ ការ​ប្រកួតប្រជែង ឬ​ប្រតិបត្តិការ​ក្នុង​នាម​ជា​អត្ត​ព​លិ​ក​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រាក់​ចំណូល​ទាំងនោះ​បាន​មក​ដោយសារ​ជំនួញ ជា​ពិសេស​ជានា​យក​ប្រតិបត្តិ និង​ជា​អ្នក​កាន់​សិទ្ធិ​ពាណិជ្ជកម្ម​យូរអង្វែង​របស់​ក្រុមហ៊ុន Formula 1​។

Sir David Beckham ដែល​បាន​ចូល​និវត្តន៍​អាជីព​បាល់ទាត់​ក្នុង​ឆ្នាំ ២០១៣ បច្ចុប្បន្ន​គឺជា​សហ​ម្ចាស់​ក្លិប Inter Miami ដែល​ជា​ក្លិប​មាន​តម្លៃ​ថ្លៃ​បំផុត​ប្រចាំ​លី​គ​កំពូល​អា​មេ​រិ​ក (Major League Soccer) ពោល​តម្លៃ ១,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទន្ទឹម​នឹង​នោះ អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម Manchester United, Real Madrid, LA Galaxy, AC Milan និង PSG ដែល​បច្ចុប្បន្ន​ឈាន​ដល់​វ័យ ៥១ ឆ្នាំ​រូប​នេះ ក៏​មាន​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​ម៉ាក និង​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន​ផង​ដែរ រួម​ទាំង Adidas និង Hugo Boss ជាដើម​។

Beckham បាន​ដើរ​យ៉ាង​សំខាន់​សម្រាប់​តោ​កំណាច​អង់គ្លេស បើ​ទោះបីជា​មិន​អាច​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​ធំ​យ៉ាងណា​ក្តី ប៉ុន្តែ​សម្រាប់​អាជីព​ជាមួយ​ក្លិប​វិញ កីឡាករ​ពូកែ​បញ្ជូន​បាល់​វែង និង​ទាត់​បាល់​ហ្វ្រី​ឃី​ក (Free Kick) រូប​នេះ ជោគជ័យ​យ៉ាង​ខ្លាំង ដោយ​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន រួម​ទាំង Champions League, Premier League, La Liga និង Ligue 1 ផង​ដែរ​។

លើស​ពី​នេះ​ទៀត ជាក​ត្តិ​យស​ដ៏​មហា​ធំធេង David Beckham ត្រូវ​បាន​ស្ដេច​ឆា​លស៍​ទី​៣ (Charles III) នៃ​ចក្រភព​អង់គ្លេស​បាន​តែងតាំង​គោរមងារ «Sir» ជា​ផ្លូវការ ដែល​ជា​គោរមងារ​កិត្តិយស​ថ្នាក់​ជាតិ​ខ្ពស់​បំផុត​មួយ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ សម្រាប់​សមិទ្ធផល​លើ​វិស័យ​កីឡា និង​សកម្មភាព​សប្បុរសធម៌​។ ក្រៅ​អំពី​មាន​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ និង​ការ​ធ្វើ​ជំនួយ​ដ៏​ជោគជ័យ​ហើយ​នោះ Sir David Beckham បាន​បម្រើ​ការ​ជា​ឯកអគ្គរដ្ឋទូត​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) តាំងពី​ឆ្នាំ​២០០៥ ហើយ​ក៏​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សម្រាប់​អង្គការ​សប្បុរសធម៌​របស់​ស្តេច​ឆា​លស៍ ដែល​ជា​មូលនិធិ King’s Foundation កាលពី​ឆ្នាំ​២០២៤ ផង​ដែរ​។

ក្រ​ឡែក​មើល​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី Victoria Beckham ឯណោះ​វិញ ភាគច្រើន​រក បាន​ពី​ម៉ាក​សម្លៀក​បំពាក់​ដ៏​ល្បី​របស់​អ្នកស្រី បន្ទាប់​ពី​ទទួល​ឈ្មោះ​បោះ​សំឡេង​ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុម​តន្ត្រី​ប៉ុប «The Spice Girls» ដ៏​ល្បី​របស់​ចក្រភព​អង់គ្លេស ហើយ​បើ​ទោះបីជា​មាន​វ័យ​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​ប្តី​ប្រពន្ធ​មួយគូ​នេះ នៅ​តែ​បន្ត​រក្សា​ក​ត្តិ​នាម​ល្បី​ល្បាយ​របស់​ខ្លួន​ទាំង​ជាតិ អន្តរជាតិ​ដដែល​៕ ប្រភព ៖ AFP និង BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ