ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ជោ​លី​គ​រដូវ​កាល​ទី​៣​ចាប់ផ្ដើម​ហើយ​ជាមួយ​ប្រាក់​រង្វាន់​១០០​លាន​រៀល

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាបាល់ទះដណ្ដើម​ពានរង្វាន់​តេ​ជោ​លី​គ​(Techo Volleyball Cambodia Leaque)​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៥-២០២៦ នឹង​ចាប់ផ្ដើម​ហើយ​នា​ថ្ងៃ​ទី​១៦ ខែឧសភា ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាបាល់ទះដណ្ដើម​ពានរង្វាន់​តេ​ជោ​លី​គ​(Techo Volleyball Cambodia Leaque)​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៥-២០២៦ នឹង​ចាប់ផ្ដើម​ហើយ​នា​ថ្ងៃ​ទី​១៦ ខែឧសភា ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ ជាមួយនឹង​ប្រាក់​រង្វាន់​១០០​លាន​រៀល​ដោយ​មាន​៨​ក្រុម​ចូលរួម ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា​។

លោក អាំង សេរី​ពិសិដ្ឋ អនុប្រធាន​សហព័ន្ធកីឡាបាល់ទះ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តំណាង​ឱ្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ស សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​តេ​ជោ​លី​គ​រដូវ​កាល​ទី​៣​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពាក់កណ្ដាល​ខែឧសភា ខាង​មុខ​នេះ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា មាន​ក្រុម​ខ្លាំង​ៗ​ចំនួន​៨​ចូលរួម​មាន​ដូច​ជា​៖​សមាគម​កីឡាបាល់ទះ​វិសាខា ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សមាគម​កីឡាបាល់ទះ​ក្រសួង
មហាផ្ទៃ ក្រុម​បាល់ទះ​ស្នងការដ្ឋាន​ខេត្តកោះកុង ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ
និង​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣​។

ការ​ប្រកួត​ធ្វើ​ឡើង​ចំនួន​២​ជុំ​គឺ​ជុំ​ទី​១​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៦ ខែឧសភា ដល់​ថ្ងៃ​ទី​២ ខែមិថុនា​ឆ្នាំ​២០២៦ និង​ជុំ​ទី​២​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ខែមិថុនា​ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦​។

លោក​អនុប្រធាន​សហព័ន្ធ​រូប​នេះ​បាន​បន្តឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​ឆ្នាំ​បាន​ប្ដូររូបមន្ត​ប្រកួត​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដែល​តម្រូវ​ឱ្យ​មានការ​ប្រកួត​ចំនួន​២​ជុំ ។ ការ​ប្រកួត​នៅ​ក្នុង​ជុំ​ទី​១​ត្រូវ​ជម្រុះ​ចោល​ចំនួន​២​ក្រុម​យក​តែ​ក្រុម​ខ្លាំង​ចំនួន​៦​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត​។

មុន​នឹង​ឈាន​ចូល​ដល់​ការ​ប្រកួត​ក្នុង​ជុំ​ទី​២ ត្រូវ​សម្រាក​មួយ​រយៈ​ខ្លី​ដើម្បី​ផ្ដល់​ឱកាស​ដល់​ក្រុម​នីមួយ​ៗ​មាន​ពេលវេលា​រៀបចំ​ក្រុម​របស់​ខ្លួន​ឡើង​វិញ ដូច​ជា​ការ​កែប្រែ​បច្ចេកទេស ដឹកនាំ​ការ​ប្រកួត និង​នាំ​យក​កីឡាករ​ល្អ​ៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​សម្រាប់​ត្រៀម​ប្រកួត​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​។

លោក អាំង សេរី​ពិសិដ្ឋ បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​កីឡាបាល់ទះ​ពានរង្វាន់​តេ​ជោ​លី​គ
បាន​ធ្វើ​ឡើង​ចំនួន​ពីរ​រដូវ​កាល​មក​ហើយដោយរដូវ​កាល​ទី​១​ឆ្នាំ​២០២៣-២០២៤ និង​រដូវ​កាល​ទី​២​ឆ្នាំ​២០២៤-២០២៥ ហើយ​តំណែងជា​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ទាំង​ពីរ​រដូវ​កាល​ជាប់​គ្នា​។ ដូច្នេះ​ការប្រកួត​ឆ្នាំ​នេះ​លោក​រំពឹង​ថា កាន់តែ​មាន​ភាពស្វិតស្វាញ រំភើប ទាក់ទាញ ដោយ​មាន​កីឡាករ​កម្ពុជា​និង​កីឡាករ​បរទេស ដែល​មានគុណ​ភាព​ខ្ពស់​ចូលរួម​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ឈាន​ទៅ​កាន់​ឆាក​អន្តរជាតិ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​លោក​សំណូមពរ​ដល់​បងប្អូន​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទះ​ទាំងអស់​សូម​ចូលរួម​ឱ្យ​បាន​ច្រើន​កុះក និង​ចូលរួម​ធ្វើការ​ទស្សន៍​ទាយ​ទាំងអស់​គ្នា​ថា​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​អាច​ការពារ​តំណែង​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បាន​ឬ​អត់? លោក​មានការ​ចាប់អារម្មណ៍​ថា ការ​ប្រកួត​ឆ្នាំ​នេះ​ប្រមូលផ្ដុំ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ​ទាំងអស់ ជា​ពិសេស​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ជា​ម្ចាស់​ជើងឯក​រង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេ​ងឆ្នាំ​ចាស់​កន្លង​ទៅ​ដែល​ទើបតែ​ទទួល​បាន​កៅអី​ឡើង​មក​ប្រកួត​ពានរង្វាន់​តេ​ជោ​លី​ក​រដូវ​កាល​ទី​៣​ជាមួយ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ គឺ​សុទ្ធតែ​ជា​ក្រុម​ខ្លាំង​មិន​អាច​មើល​ស្រាល
បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ