ទីក្រុងគូឡាឡាំពួ ៖ សហព័ន្ធសីប៉ាក់តាក្រម៉ាឡេស៊ី (PSM) បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សហព័ន្ធសីប៉ាក់តាក្រអន្តរជាតិ (ISTAF) ជុំវិញការប្រព្រឹត្ត និងសកម្មភាពមិនប្រក្រតីរបស់មន្ត្រីជាន់ខ្ពស់ថៃមួយចំនួន អំឡុងពេលនៃការប្រកួតផ្តាច់ព្រ័ត្រផ្នែកបុរសព្រឹត្តិការណ៍សីប៉ាក់តាក្រជើងឯកពិភពលោកឆ្នាំ២០២៦ (Sepaktakraw World Cup 2026) នៅទីក្រុងគូឡាឡាំពួ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Bernama និង The Sun របស់ម៉ាឡេស៊ីបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការ PSM លោក Datuk Abidullah Salleh បានឱ្យដឹងថា ពាក្យបណ្តឹងនេះពាក់ព័ន្ធនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិម៉ាឡេស៊ី និងក្រុមថៃ នៅឯកីឡដ្ឋាន Titiwangsa កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ការប្រកួតផ្នែកបុរសវិញ្ញាសាក្រុម៣នាក់ (Regu Event) បានរងការរំខានដោយភាពចលាចល បន្ទាប់ពីក្រុមថៃបានដកខ្លួនចេញពីការប្រកួត នៅពាក់កណ្តាលទី ដើម្បីតវ៉ានឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ហើយក្រោយមកម្ចាស់ផ្ទះម៉ាឡេស៊ីត្រូវបានប្រកាសថាជាអ្នកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១។
មន្ត្រីដែលមានឈ្មោះនៅក្នុងលិខិតបណ្តឹងនោះរួមមាន ប្រធានសមាគមសីប៉ាក់តាក្រថៃ លោក Thana Chaiprasit លោកបណ្ឌិត Srihasak Arirachakaran អគ្គលេខាធិការ និងលោក Piroj Archaroongroj អតីតអ្នកចាត់ការក្រុម។
លោក Abidullah បានអះអាងថា អំឡុងពេលមានភាពចម្រូងចម្រាសកើតឡើងពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការប្រកួតសិតទី ៣ គេបានសង្កេតឃើញមន្ត្រីថៃ៣រូប ដែលគ្មានឈ្មោះក្នុងបញ្ជីចុះឈ្មោះក្រុម និងបញ្ជីប្រកួតផ្លូវការនោះ បានចូលទៅជិត និងចោមរោមគ្នានៅតំបន់កៅអីបម្រុងរបស់ក្រុមថៃ អំឡុងការប្រកួតកំពុងដំណើរការ។
លោកបានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃកីឡាសីប៉ាក់តាក្រថៃ និងជាតំណាងដែលកាន់តំណែងសំខាន់ៗនៅក្នុងចលនាកីឡា និងរចនាសម្ព័ន្ធអូឡាំពិក ទង្វើនេះ គឺជារឿងដ៏គួរឱ្យខកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង ដែលបានសង្កេតឃើញមន្ត្រីទាំងនោះ មិនបានជួយសម្រួលស្ថានការណ៍ ឬលើកទឹកចិត្តឱ្យកីឡាករថៃត្រឡប់មកកាន់ទីលានប្រកួតវិញ ដើម្បីបញ្ចប់ការប្រកួតឱ្យស្របតាមច្បាប់នៃការប្រកួត និងបទប្បញ្ញត្តិនៃការប្រកួតនោះទេ។ ផ្ទុយទៅវិញ វត្តមាន និងការប្រាស្រ័យទាក់ទងរបស់មន្ត្រីទាំងនោះជាមួយនឹងកីឡាករ អំឡុងពេលផ្អាកការប្រកួត ហាក់បីដូចជាបានរួមចំណែកបន្ថែមទៀតដល់ការរំខាន និងភាពមិនច្បាស់លាស់ជុំវិញស្ថានភាពប្រកួត នៅក្នុងដំណាក់កាលដ៏សំខាន់មួយនៃវគ្គផ្តាច់ព្រ័ត្រ។
លោកបានបន្ថែមថា នៅក្នុងនាមជាថ្នាក់ដឹកនាំកីឡា ជាពិសេសនៅក្នុងកម្រិតអន្តរជាតិ និងអូឡាំពិក មន្ត្រីទាំងនោះ គួរតែបង្ហាញនូវភាពជាអ្នកដឹកនាំ ភាពស្ងប់ស្ងៀម វិជ្ជាជីវៈ ស្មារតីកីឡា និងការគោរពចំពោះសមត្ថកិច្ចអាជ្ញាកណ្តាល និងមន្ត្រីរៀបចំការប្រកួត។ ប្រសិនបើមានការមិនពេញចិត្តណាមួយចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ផ្លូវដ៏សមស្របបំផុតក្រោមបទប្បញ្ញត្តិសហព័ន្ធសីប៉ាក់តាក្រអន្តរជាតិ គឺត្រូវធ្វើឡើងតាមរយៈនីតិវិធីតវ៉ាជាផ្លូវការ មិនមែនតាមរយៈការបដិសេធមិនបន្តការប្រកួតនោះទេ។
លោក Abidullah បានថ្លែងដូច្នេះថា «ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ខ្ញុំសូមស្នើដោយគោរពទៅកាន់ ISTAF ដើម្បីពិនិត្យឡើងវិញជាផ្លូវការនូវការប្រព្រឹត្ត និងការចូលរួមរបស់មន្ត្រីពាក់ព័ន្ធ ហើយពិចារណាថា តើការស៊ើបអង្កេត ការបំភ្លឺបន្ថែម ឬវិធានការវិន័យណាមួយគឺចាំបាច់ដែរឬទេ ក្រោមក្របខ័ណ្ឌវិន័យ និងអភិបាលកិច្ចរបស់ ISTAF»៕

ចែករំលែកព័តមាននេះ