រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បានចាប់ផ្ដើមដំណើរការទៅតាមកម្មវិធី និងពេលវេលាដែលបានគ្រោងទុក ខណៈពិធីបើកការប្រកួតជាផ្លូវការបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែឧសភា នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
បើតាមផេកអគ្គនាយកដ្ឋានកីឡាបញ្ជាក់ថា ព្រឹកថ្ងៃទី២ ឧសភា ២០២៦ មានប្រភេទកីឡាមួយចំនួនបានចាប់ផ្ដើមប្រកួតដូចជាបាល់ទាត់ បាល់បោះ បាល់ទះ និងប្រភេទកីឡាមួយចំនួនទៀតក៏បានត្រៀមលក្ខណៈបណ្ដើរៗហើយមុនពិធីបើកធ្វើជាផ្លូវការ។
ការប្រកួតដំណើរដោយរលូន និងមានភាពអ៊ូអរតាមរយៈការមកគាំទ្រ មកទស្សនាកម្សាន្ត និងលើកទឹកចិត្តដល់កុមារា កុមារី នៅព្រឹកនោះ។ សម្រាប់ពិធីបើកជាផ្លូវការដែលធ្វើឡើងនៅពេលល្ងាចស្ថិតក្រោមអធិបតីភាពថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ជាមួយគ្នានោះក៏មានការសម្ដែងផ្សេងៗពិសេសឈុតឆាកសិល្បៈដើម្បីបង្កើតបរិយាកាសរីករាយដល់អ្នកចូលរួម។
គួរបញ្ជាក់ដែរថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះនឹងធ្វើឡើងចាប់
ពីថ្ងៃទី១ ដល់៩ ខែឧសភា លើទីលានចំនួន១០នៅរាជធានីភ្នំពេញ ។ ១២ប្រភេទកីឡាដែលត្រូវប្រកួតប្រជែងក្នុងកម្មវិធីនេះរួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT ប៊ូល និងប៉េតង់ គុនល្បក្កតោ ហែលទឹក គុនដាវ ចំបាប់ សរុបវិញ្ញាសាទាំងអស់មានចំនួន៦២វិញ្ញាសា ៕


ចែករំលែកព័តមាននេះ