NOCCនឹងរៀបចំទិវាអូឡាំពិកនិងវេទិកាអត្តពលិកជាតិជំរុញការផ្សព្វផ្សាយកីឡាអូឡាំពិកនៅL.A.សហរដ្ឋអាមេរិក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបានគោលការណ៍ពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីថោង ខុន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំទិវាអូឡាំពិក និងវេទិការអត្តពលិកជាតិ នៅថ្ងៃទី២៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ កម្មវិធីនេះមានកិច្ចសហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា និងដៃគូពាក់ព័ន្ធ រួមជាមួយសិស្សានុសិស្សប្រមាណ៧០០ទៅ៨០០នាក់។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា វេទិការអត្តពលិកជាតិបានផ្ដោតសំខាន់ទៅលើប្រធានបទពីការរៀបចំខ្លួនក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅL.A.សហរដ្ឋអាមេរិកឆ្នាំ២០២៨។ទន្ទឹមគ្នានេះដែរ វេទិការអត្តពលិកជាតិក៏បានពិភាក្សា ពិគ្រោះយោបល់ សំណេះសំណាលលើកទឹកចិត្ត កីឡាករ កីឡាការិនី ក្នុងការត្រៀមខ្លួនចូលរួមប្រកួតវគ្គជម្រុះដណ្ដើមសិទ្ធិទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ។
ឯកឧត្តមបានឱ្យដឹងទៀតថា វេទិការទិវាកីឡាអូឡាំពិក គឺធ្វើឡើងរៀងរាល់មួយឆ្នាំម្ដង ដើម្បីរំលឹកគុណតម្លៃនៃចលនាអូឡាំពិក ដែលផ្ដោតទៅលើការសាមគ្គីភាព មិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការខិតខំឆ្ពោះទៅរកឧត្តមភាព ។ បំផុសទៅដល់ប្រជាពលរដ្ឋឱ្យចូលរួមលេងកីឡាជាប្រចាំ និងហាត់ប្រាណដើម្បីបង្កើនសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្តនិងលើកកម្ពស់គុណភាពជីវិតឱ្យកាន់តែប្រសើរស្របតាមទស្សនៈវិជ្ជា«កីឡានាំមកនូវសុខភាព សាមគ្គីភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព»។
ទិវានេះក៏បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កីឡាមិនមែនគ្រាន់តែជាការប្រកួតប្រជែងដើម្បីជ័យជម្នះនោះទេ ប៉ុន្តែជាកម្លាំងវិជ្ជមានដែលអាចផ្សារភ្ជាប់មនុស្សឱ្យកាន់តែជិតស្និទ្ធ បង្កើនការសាមគ្គីភាពកាន់តែរឹងមាំប្រកបដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ ៕



ចែករំលែកព័តមាននេះ