សហរដ្ឋអាមេរិក ៖ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានសម្រេចលុបចោលកូតាសំបុត្រទស្សនាការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ របស់ក្រុមអ្នកគាំទ្រអ៊ីរ៉ង់ សម្រាប់រាល់ការប្រកួតទាំង ៣ នៅក្នុងវគ្គចែកពូលលើទឹកដីសហរដ្ឋអាមេរិក ដោយសារតែបញ្ហានៃការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ។ នេះបើតាមប្រភពពី LA Times, Reuters, Al Jazeera និងប្រភពផ្សេងទៀតចេញផ្សាយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមសហព័ន្ធកីឡាបាល់ទាត់ប្រទេសអ៊ីរ៉ង់បានឱ្យដឹងថា FIFA បានលុបចោលការបែងចែកសំបុត្រជូនអ្នកគាំទ្រអ៊ីរ៉ង់សម្រាប់ការប្រកួតទាំង ៣ ក្នុងពូល G ធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិកវិញភ្លាមៗ ពោលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍ចាប់ផ្តើមជាផ្លូវការ ដែលធ្វើឱ្យអ្នកគាំទ្ររាប់ពាន់នាក់បានកក់ជើងហោះហើរ និងសណ្ឋាគាររួចហើយ ប៉ុន្តែគ្មានកៅអីទស្សនាការប្រកួតនៅឯទីក្រុង Inglewood និង Seattle។
បើតាមរបាយការណ៍ពីសារព័ត៌មាន The Times បានឱ្យដឹងថា ដោយសារប្រទេសអ៊ីរ៉ង់ស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដូច្នេះតាមរយៈនោះ មិនអនុញ្ញាតឱ្យមានការធ្វើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុណាមួយពីក្នុងប្រទេសអ៊ីរ៉ង់មកកាន់ស្ថាប័ន FIFA រៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកឡើយ។
ស្ថានភាពសំបុត្ររបស់អ៊ីរ៉ង់មានភាពស្មុគស្មាញខ្លាំង ដោយសារតែតម្រូវការបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក រួមទាំងការរឹតបន្តឹងពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ប្រទេសនេះ ដែលកំណត់សមត្ថភាពអង្គភាព ឬស្ថាប័នមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងការដំណើរការប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួន។ OFAC បានអនុវត្តទណ្ឌកម្មពាណិជ្ជកម្ម ហើយបានរារាំងអ្នកគាំទ្រអ៊ីរ៉ង់មិនឱ្យទិញសំបុត្រទស្សនា World Cup ដូច្នេះមានន័យថា ប្រសិនបើគ្មានដំណោះស្រាយទេ នោះចំណែកសំបុត្រ ៨% របស់អ្នកគាំទ្រអ៊ីរ៉ង់នឹងត្រូវដាក់លក់ឡើងវិញជូនអ្នកគាំទ្រទូទៅជំនួសវិញ។
បច្ចុប្បន្ន FIFA បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធអ៊ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដែលអាចជួយអ្នកគាំទ្រអ៊ីរ៉ង់ ពិសេសអ្នករស់នៅក្រៅប្រទេស ឬនៅសហរដ្ឋអាមេរិកផ្ទាល់ អាចមានឱកាសចូលទស្សនាការប្រកួតបាន។
ក្រៅអំពីបញ្ហាសំបុត្រ ក្រុមជម្រើសជាតិអ៊ីរ៉ង់ក៏បានជួបប្រទះនូវផលវិបាកជាច្រើនទៀត ដែលនាំឱ្យមានការចោទប្រកាន់ពីការជ្រៀតជ្រែកនយោបាយផងដែរ។ តួយ៉ាង ទោះបីជាកីឡាករអ៊ីរ៉ង់ទទួលបានទិដ្ឋាការចូលសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែមន្ត្រីសហព័ន្ធ និងបុគ្គលិកគាំទ្របច្ចេកទេសអ៊ីរ៉ង់ប្រមាណ ១៥ នាក់ ត្រូវបានបដិសេធផ្តល់ទិដ្ឋាការ។
ដោយសារភាពមិនច្បាស់លាស់នៃទិដ្ឋាការពីខាងសហរដ្ឋអាមេរិកនោះ ក្រុមអ៊ីរ៉ង់បានបង្ខំចិត្តផ្លាស់ប្តូរទីតាំងបោះជំរុំហ្វឹកហាត់របស់ខ្លួនចេញពីទីក្រុង Tucson រដ្ឋ Arizona សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Tijuana ប្រទេសម៉ិកស៊ិកជំនួសវិញ ដូច្នេះពួកគេនឹងត្រូវហោះហើរចូល និងចេញពីសហរដ្ឋអាមេរិក តែនៅថ្ងៃប្រកួតប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលវិភាគពូល G ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវប្រកួតជាមួយនូវែលសេឡង់ និងបែលហ្ស៊ិក នៅទីក្រុងអ៊ីងហ្គលវូដ (Inglewood) មុនពេលបន្តទៅជួបអេហ្ស៊ីប នៅទីក្រុងស៊ីថល (Seattle) ទឹកដីនៃសហរដ្ឋអាមេរិក៕


ចែករំលែកព័តមាននេះ