អន្តរជាតិ ៖ ពូល D ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ បើទោះបីជាមិនមែនជាពូលមរណៈ ប៉ុន្តែក៏ជាពូលមានការប្រជែងដ៏តានតឹងមួយរវាងក្រុមទាំង៤ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដោយសហរដ្ឋអាមេរិកសហម្ចាស់ផ្ទះ ប៉ារ៉ាហ្គាយ អូស្ត្រាលី និងតួកគីយ៉េ ត្រូវតតាំងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គបន្ត។

សហរដ្ឋអាមេរិក គឺជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ មកជាមួយការរំពឹងទុកខ្ពស់។ លោក Mauricio Pochettino គ្រូបង្វឹកលំដាប់កំពូល ហើយក្រុមអាមេរិកស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានប្រែមុខមាត់ថ្មីមួយកម្រិតផ្សេងទៀត ខណៈសមាជិកទាំង ២៦ នាក់របស់ពួកគេ ពោរពេញដោយកីឡាករទេពកោសល្យមកពីលីគកំពូលៗអឺរ៉ុប។ គុណសម្បត្តិជាម្ចាស់ផ្ទះ គួរតែជាកម្លាំងរុញច្រានដ៏សំខាន់សម្រាប់ក្រុម។ ទោះយ៉ាងណា ការរំពឹងទុកដ៏ខ្ពស់នេះ ក៏អាចនាំមកនូវសម្ពាធកាន់តែខ្លាំងសម្រាប់ពួកគេផងដែរ ហើយនេះនឹងក្លាយជាបញ្ហាដ៏ធំបំផុតមួយ ដែលក្រុមរបស់លោក Pochettino ត្រូវប្រឈមមុខ។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ១៦
-ឱកាសឈ្នះក្នុងពូល ៖ សង្ឃឹម
-កីឡាករលេចធ្លោ ៖ Folarin Balogun ខ្សែប្រយុទ្ធរបស់ក្រុម Monaco កំពុងតែបង្ហាញទម្រង់យ៉ាងល្អនៅរដូវកាលនេះ។ ស្របពេលខ្សែការពារ Sergiño Dest និងខ្សែប្រយុទ្ធ Christian Pulisic នៅតែតួអង្គដ៏សំខាន់

ប៉ារ៉ាហ្គាយ បានត្រឡប់មកកាន់ព្រឹត្តិការណ៍ World Cup ជាលើកដំបូងនៅក្នុងរយៈពេល ១៦ ឆ្នាំ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញ រួមទាំងជ័យជម្នះលើប្រេស៊ីល និងអាហ្សង់ទីន។ ទោះយ៉ាងណាក៏ដោយ ក្រុមពីអាមេរិកខាងត្បូងនេះ ធ្វើបានល្អតែនៅក្នុងទឹកដីខ្លួន ដែលជាចំណុចអំណោយផលមួយដែលពួកគេនឹងពិបាកធ្វើបាននៅ World Cup រដូវក្តៅនេះ ព្រោះពួកគេឈ្នះប្រកួតក្រៅដីត្រឹម១លើកប៉ុណ្ណោះ ក្នុងចំណោមប្រកួតក្រៅដីទាំង ៩ លើក អំឡុងវគ្គជម្រុះ។
យ៉ាងណាមិញ គ្រប់គ្នាសុទ្ធតែបានដឹងអំពីភាពរឹងមាំនៃតំបន់ការពាររបស់ប៉ារ៉ាហ្គាយ និងវាយបកភ្លាមៗនៅពេលគូប្រកួតបង្កើតកំហុស ហើយអាចនឹងក្លាយជាក្រុមដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៤០
-ឱកាសឈ្នះក្នុងពូល ៖ សង្ឃឹម
-កីឡាករលេចធ្លោ ៖ ខ្សែប្រយុទ្ធវ័យក្មេង Julio Enciso របស់ក្រុម Strasbourg ខណៈដែលខ្សែបម្រើប្រយុទ្ធ Miguel Almirón ពោរពេញដោយបទពិសោធន៍នៅតែដើរតួយ៉ាងសំខាន់

អូស្ត្រាលី នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៦ជាប់ៗគ្នា។ កាលពីព្រឹត្តិការណ៍នៅកាតា ពួកគេធ្វើបានល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយឈានដល់វគ្គ១៦ក្រុមចុងក្រោយ។ ដ្បិតឆ្លងកាត់វគ្គជម្រុះដោយស្រួល ប៉ុន្តែពួកគេត្រូវខំប្រឹងឱ្យខ្លាំង ប្រសិនបើចង់បង្កើតភាពជោគជ័យដូចកាលពី៤ឆ្នាំមុនទៀត ដ្បិតកង្វះកីឡាករកម្រិតពិភពលោកគឺជាបញ្ហាធំ ដូច្នេះចាំបាច់ត្រូវលេងឱ្យល្អលើសពីសមត្ថភាពជាក់ស្តែងរបស់ខ្លួន ប្រសិនបើចង់ធ្វើឱ្យការប្រកួតក្លាយជាការចងចាំដ៏អស្ចារ្យមួយ។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ២៧
-ឱកាសឈ្នះក្នុងពូល ៖ សង្ឃឹម
-កីឡាករលេចធ្លោ ៖ ខ្សែប្រយុទ្ធវ័យក្មេង Mohamed Touré របស់ក្រុម Norwich City

តួកគីយ៉េ ព្រឹត្តិការណ៍នេះនឹងក្លាយជាការបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ចាប់តាំងពីឆ្នាំ ២០០២ និងជាការបង្ហាញខ្លួនលើកទី ៣ របស់ពួកគេក្នុងប្រវត្តិសាស្ត្រ។ អ្វីគួរឱ្យកត់សម្គាល់នោះគឺព្រឹត្តិការណ៍ឆ្នាំ ២០០២ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣។ នៅ World Cup ឆ្នាំ ២០២៦ តួកគីយ៉េត្រូវបានបណ្តាអ្នកវិភាគមើលឃើញថាមកជាមួយកីឡាករយុគមាសរបស់ខ្លួន (Golden Generation) រួមផ្សំជាមួយកីឡាករវ័យក្មេងមានទេពកោសល្យលេចធ្លោដូចជា Arda Guler ជាដើម ដែលត្រៀមខ្លួនរួចជាស្រេចបង្ហាញក្រុមខ្លាំងៗឱ្យបានភ្លឺភ្នែក។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ២២
-ឱកាសឈ្នះក្នុងពូល ៖ ខ្ពស់
-កីឡាករលេចធ្លោ ៖ ខ្សែបម្រើប្រយុទ្ធវ័យក្មេង Arda Güler របស់ក្រុម Real Madrid
កាលវិភាគប្រកួតទី ១
-ម្ចាស់ផ្ទះអាមេរិក ប៉ះ ប៉ារ៉ាហ្គាយ ម៉ោង ៨ ព្រឹកចូលថ្ងៃទី១៣ ខែមិថុនា
-អូស្ត្រាលី ប៉ះ តួកគីយ៉េ ម៉ោង ១១ យប់ថ្ងៃទី១៤ ខែមិថុនា
កាលវិភាគប្រកួតទី ២
-ម្ចាស់ផ្ទះអាមេរិក ប៉ះ អូស្ត្រាលី ម៉ោង ២ ឈានចូលព្រឹកថ្ងៃទី២០ ខែមិថុនា
-តួកគីយ៉េ ប៉ះ ប៉ារ៉ាហ្គាយ ម៉ោង ១០ ព្រឹកថ្ងៃទី២០ ខែមិថុនា
កាលវិភាគប្រកួតទី ៣
-តួកគីយ៉េ ប៉ះ ម្ចាស់ផ្ទះអាមេរិក ម៉ោង ៩ ព្រឹកថ្ងៃទី២៦ ខែមិថុនា
-ប៉ារ៉ាហ្គាយ ប៉ះ អូស្ត្រាលី ម៉ោង ៩ ព្រឹកថ្ងៃទី២៦ ខែមិថុនា៕ ប្រភព ៖ Yahoo Sports និងប្រភពផ្សេងទៀត

ចែករំលែកព័តមាននេះ