អន្តរជាតិ ៖ ពូល F ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ត្រូវបានគេមើលឃើញថាគឺជាពូលដ៏ស្វិតស្វាញ និងគួរឱ្យចាប់អារម្មណ៍បំផុតមួយ ជាមួយវត្តមានក្រុមខ្លាំងៗមកពី៣ទ្វីបផ្សេងៗគ្នា ដែលរួមមាន ហូឡង់, ជប៉ុន, ស៊ុយអែត និង ទុយនីស៊ី។
ហូឡង់ ត្រូវបានគេចាត់ទុកជាក្រុមមានឱកាសខ្ពស់ជាងគេក្នុងការឈរលេខ១ ក្នុងពូល។ស្ថិតក្រោមការដឹកនាំរបស់លោក Ronald Koeman ក្រុមរហស្សនាមមច្ចុរាជពណ៌ទឹកក្រូចមួយនេះ ផ្តោតខ្លាំងលើភាពរឹងមាំនៃតំបន់ការពារជាមួតវត្តមានខ្សែការពារឆ្នើម Virgil van Dijk ហើយទោះបីជាមានអវត្តមានខ្សែបម្រើប្រយុទ្ធឆ្នើម Xavi Simons ដោយសាររបួសយ៉ាងណាក៏ដោយ ក៏ហូឡង់នៅតែមានតំបន់បម្រើ និងប្រយុទ្ធដ៏មានឥទ្ធិពល និងអាចគំរាមកំហែងដល់គូប្រកួតបានគ្រប់ពេលទាំងអស់។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៧
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ៤៨,២%
-កីឡាករឆ្នើម ៖ Virgil van Dijk, Frenkie de Jong និង Cody Gakpo
ជប៉ុន ជាក្រុមដំបូងគេដែលបានកក់កៅអីព្រឹតិ្តការណ៍ World Cup ឆ្នាំ ២០២៦ តាមរយៈវគ្គជម្រុះទ្វីបអាស៊ី។ ពួកគេធ្លាប់បង្កើតប្រវត្តិសាស្ត្រទម្លាក់អាល្លឺម៉ង់ និងអេស្ប៉ាញកាលពីឆ្នាំ ២០២២ ប៉ុន្តែការមកដល់ព្រឹត្តិការណ៍លើកនេះ ជប៉ុនត្រូវជួបបញ្ហាប្រឈមធំព្រោះតែ របួសកីឡាករសំខាន់ៗដូចជា Kaoru Mitoma និង Takumi Minamino។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្រកាន់ភ្ជាប់វិន័យខ្ពស់ និងសហការគ្នាជាក្រុមយ៉ាងល្អនោះ នៅតែធ្វើឱ្យក្រុមរហស្សនាមសាមូរ៉ៃខៀវមួយនេះជាបេក្ខភាពដណ្តើមតំណែងកំពូលតារាងនៅក្នុងពូល។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ១៨
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ២៦,៧%
-កីឡាករឆ្នើម ៖ Takefusa Kubo, Wataru Endo និង Ritsu Doan
ស៊ុយអែត បន្ទាប់ពីខកខានការប្រកួតកាលពីព្រឹត្តិការណ៍ឆ្នាំ ២០២២ ស៊ុយអែតបានវិលត្រឡប់មកវិញតាមរយៈវគ្គ Play-offs ក្រោមការដឹកនាំរបស់លោក Graham Potter។ ចំណុចខ្លាំងបំផុតរបស់ក្រុមមកពីអឺរ៉ុបខាងជើងមួយនេះគឺ តំបន់ប្រយុទ្ធជាមួយវត្តមមានកីឡាករ Viktor Gyökeres ប្រយុទ្ធកណ្តាលដ៏មុតស្រួចរបស់ក្រុមកាំភ្លើងធំ Arsenal ព្រមទាំង Alexander Isak ប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Liverpool។ ប្រសិនបើតំបន់ការពារពួកគេរឹងមាំអាចទប់ទល់នឹងសម្ពាធពីគូប្រកួតបាននោះ ពួកគេនឹងក្លាយជាឧបសគ្គដ៏ធំសម្រាប់ហូឡង់ និងជប៉ុន។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ២៣
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ១៦,៥%
-កីឡាករឆ្នើម ៖ Viktor Gyökeres និង Alexander Isak
ទុយនីស៊ី បានបង្ហាញទម្រង់លេងការពារដ៏អស្ចារ្យកាលពីវគ្គជម្រុះទ្វីបអាហ្វ្រិក ដោយមិនរបូតគ្រាប់បាល់សូម្បីតែ១គ្រាប់។ ទោះបីជាត្រូវបានគេចាត់ទុកជាក្រុមទន់ខ្សោយជាងគេក្នុងពូលនេះក៏ដោយ ក៏ប៉ុន្តែក្រុមរបស់លោក Sabri Lamouchi មួយនេះ ធ្លាប់មានប្រវត្តិបង្កើតការភ្ញាក់ផ្អើលដូចជាឈ្នះបារាំង កាលពីឆ្នាំ ២០២២ជាដើម។ អ្នកវិភាគមើលឃើញថា គោលដៅចម្បងរបស់ពួកគេគឺដណ្តើមចំណាត់ថ្នាក់លេខ ៣ ល្អ ដើម្បីឱកាសប្រជែងកៅអីឡើងទៅវគ្គបន្ត។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៣២
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ៨,៥%
-កីឡាករឆ្នើម ៖ Ellyes Skhiri និងHannibal Mejbri
កាលវិភាគប្រកួតទី ១ (ម៉ោងនៅកម្ពុជា)
-ហូឡង់ ប៉ះ ជប៉ុន ម៉ោង ៣ រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា
-ស៊ុយអែត ប៉ះ ទុយនីស៊ី ម៉ោង ៩ ព្រឹកថ្ងៃទី១៥ ខែមិថុនា
កាលវិភាគប្រកួតទី ២
-ហូឡង់ ប៉ះ ស៊ុយអែត ម៉ោង ១២ រំលងអធ្រាត្រចូលថ្ងៃទី២១ ខែមិថុនា
-ទុយនីស៊ី ប៉ះ ជប៉ុន ម៉ោង ១១ ព្រឹកថ្ងៃទី២១ ខែមិថុនា
កាលវិភាគប្រកួតទី ៣
-ជប៉ុន ប៉ះ ស៊ុយអែត ម៉ោង ៦ ព្រឹកថ្ងៃទី២៦ ខែមិថុនា
-ទុយនីស៊ី ប៉ះ ហូឡង់ ម៉ោង ៦ ព្រឹកថ្ងៃទី២៦ ខែមិថុនា៕ ប្រភព ៖ FIFA, Yahoo Sports, Opta Analyst, MLS Soccer និងប្រភពផ្សេងទៀត

ចែករំលែកព័តមាននេះ