អន្តរជាតិ ៖ ពូល G ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ការប៉ះគ្នារវាងក្រុមខ្លាំងមកពី៤ទ្វីបផ្សេងគ្នា ដែលរួមមាន បែលហ្ស៊ិក, អេហ្ស៊ីប, អ៊ីរ៉ង់ និងនូវែលសេឡង់។ តាមការវិភាគរបស់ Opta Analyst បែលហ្ស៊ិកគឺជាក្រុមភាគរយខ្ពស់ជាងគេឆ្លងផុតវគ្គចែកពូល ខណៈដែលអេហ្ស៊ីប និង អ៊ីរ៉ង់ នឹងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកកៅអីលេខ ២។
បែលហ្ស៊ិក ត្រូវបានចាត់ទុកជាក្រុមដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ World Cup ឆ្នាំ ២០២៦ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Rudi Garcia។ បន្ទាប់ពីការខកចិត្តធ្លាក់ត្រឹមវគ្គចែកពូលកាលពីឆ្នាំ ២០២២ ក្រុមរហស្សនាមបិសាចក្រហមមួយនេះ បានឆ្លងកាត់ការផ្លាស់ប្តូរទម្រង់លេង និងការរៀបចំក្រុមឡើងវិញ ដោយការបញ្ចូលគ្នារវាងកីឡាករជើងចាស់ពោរពេញដោយបទពិសោធន៍ចេញពីយុគសម័យមាសរបស់ខ្លួន និងកីឡាករវ័យក្មេងដ៏មានទេពកោសល្យខ្ពស់ជាច្រើនរូប។ ដ្បិតចំណុចខ្លាំងរបស់ក្រុមមួយនេះ គឺតំបន់ប្រយុទ្ធ និងចំណុចខ្សោយនៅតំបន់ការពារ
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៥
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ៥១,៩%
-កីឡាករឆ្នើម ៖ Kevin De Bruyne, Jérémy Doku, Romelu Lukaku, Thibaut Courtois, Youri Tielemans និង Leandro Trossard
អេហ្ស៊ីប បានវិលត្រលប់មកកាន់ព្រឹត្តិការណ៍ World Cup វិញ បន្ទាប់ពីខកខានកាលពីឆ្នាំ ២០២២ ស្ថិតក្រោមការដឹកនាំរបស់លោក Hossam Hassan មានខ្សែប្រយុទ្ធឆ្នើម Mohamed Salah និង Omar Marmoush និងកីឡាករល្អៗជាច្រើនផ្សេងទៀត ជាមួយទម្រង់លេងផ្តោតលើប្រព័ន្ធការពារដ៏រឹងមាំរង់ចាំវាយបកលឿននោះ អេហ្ស៊ីបមានគោលដៅចម្បងមួយគឺ ស្វែងរកជ័យជម្នះលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup របស់ខ្លួន បន្ទាប់ពីការបង្ហាញខ្លួន ៣ លើកកន្លងមកមិនដែលស្គាល់ពាក្យថាឈ្នះទាល់តែសោះ ពោល ៧ ប្រកួត ស្មើ ២ និង ចាញ់ ៥។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៣៥
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ២០,៣%
-កីឡាករឆ្នើម ៖ Mohamed Salah, Omar Marmoush និង Mohamed Abdelmonem
អ៊ីរ៉ង់ ចូលរួមព្រឹត្តិការណ៍ World Cup ជាលើកទី៧ ក្នុងប្រវត្តិសាស្ត្រ និងជាការបង្ហាញខ្លួន៤លើកជាប់ៗគ្នា។ ពួកគេជាក្រុមខ្លាំងមួយប្រចាំទ្វីបអាស៊ី ដឹកនាំដោយលោក Amir Ghalenoei ដោយមានខ្សែប្រយុទ្ធដ៏មានបទពិសោធន៍ Mehdi Taremi ដែលជាម៉ាស៊ីនរកគ្រាប់បាល់ដ៏សំខាន់របស់ក្រុម។ អ៊ីរ៉ង់មិនធ្លាប់ឆ្លងផុតវគ្គចែកពូល World Cup ពីមុន ឡើយ ហើយការរៀបចំខ្លួនរបស់ពួកគេហាក់មានភាពស្មុគស្មាញបន្តិច ដោយសារបញ្ហានយោបាយជាមួយសហរដ្ឋអាមេរិក ដែលតម្រូវឱ្យពួកគេស្នាក់នៅប្រទេសម៉ិកស៊ិក និងត្រូវធ្វើដំណើរឆ្ងាយបន្តិចមកប្រកួត។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ២១
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ១៨%
-កីឡាករឆ្នើម ៖ Mehdi Taremi, Saman Ghoddos, Alireza Beiranvand និង Alireza Jahanbakhsh
នូវែលសេឡង់ បានកៅអីព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីការកែសម្រួលទម្រង់ថ្មីដែលផ្តល់កៅអីផ្ទាល់ដល់តំបន់អូសេអានី (OFC) សម្រាប់ការប្រកួតជម្រុះ។ នៅក្នុងនាមជាក្រុមមានចំណាត់ថ្នាក់ទាបជាងគេប្រចាំព្រឹត្តិការណ៍ឆ្នាំ២០២៦នេះ ក្រុមរបស់លោក Darren Bazeley ត្រូវប្រឈមមុខនឹងយុទ្ធនាការដ៏លំបាកមួយក្នុងពូល G រួមជាមួយ បែលហ្ស៊ិក អេហ្ស៊ីប និងអ៊ីរ៉ង់។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ១០៣
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ៩,៨%
-កីឡាករឆ្នើម ៖ Chris Wood, Elijah Just, Marko Stamenić និង Liberato Cacace
កាលវិភាគប្រកួតទី ១ (ម៉ោងនៅកម្ពុជា)
-បែលហ្ស៊ិក ប៉ះ អេហ្ស៊ីប ម៉ោង ២ រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមិថុនា
-អ៊ីរ៉ង់ ប៉ះ នូវែលសេឡង់ ម៉ោង ៨ ព្រឹកថ្ងៃទី១៦ ខែមិថុនា
កាលវិភាគប្រកួតទី ២
-បែលហ្ស៊ិក ប៉ះ អ៊ីរ៉ង់ ម៉ោង ២ រំលងអធ្រាត្រចូលថ្ងៃទី២២ ខែមិថុនា
-នូវែលសេឡង់ ប៉ះ អេហ្ស៊ីប ម៉ោង ៨ ព្រឹកថ្ងៃទី២២ ខែមិថុនា
កាលវិភាគប្រកួតទី ៣
-អេហ្ស៊ីប ប៉ះ អ៊ីរ៉ង់ ម៉ោង ១០ ព្រឹកថ្ងៃទី២៧ ខែមិថុនា
-នូវែលសេឡង់ ប៉ះ បែលហ្ស៊ិក ម៉ោង ១០ ព្រឹកថ្ងៃទី២៧ ខែមិថុនា៕ ប្រភព ៖ FIFA, Yahoo Sports, Opta Analyst, MLS Soccer និងប្រភពផ្សេងទៀត


ចែករំលែកព័តមាននេះ