ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង​ពី​ការ​ប្រកួត​អន្តរជាតិ​នៅ​ម៉ា​ឡេ​ស៊ី

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​កីឡា​ជម្រើសជាតិ​ជន​ពិការ​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមិថុនា ដោយ​នាំ​មក​ជាមួយ​នូវ​ជ័យជម្នះ​យ៉ាង​ធំធេង​ជូន​ជាតិ​មាតុភូមិ ដោយ​ដណ្ដើម
បាន​មេដាយមាស​ចំនួន​២​គ្រឿង​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​the 2nd Asian Para Throwball Championship2026 ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣​និង​ទី​៤ ខែមិថុនា នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​។
គួរ​រំលឹក​ថា ប្រតិភូ​កីឡា​កម្ពុជា​ដែល​បាន​ទៅចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​កម្រិត​អាស៊ី​លើក​ទី​២ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​លើក​នេះ​មាន​២​ក្រុម​គឺ​បុរស​១​ក្រុម និង​នារី​១​ក្រុម​។ ក្រុមកីឡាការិនី​ជន​ពិការ​កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ក្រុមកីឡា​ការ​រិ​នី​ជន​ពិការ​មក​ពី​៣​ប្រទេស​មាន​ប្រទេសឥណ្ឌា ម៉ា​ឡេ​ស៊ី និង​ប៊ូ​តាន់ ។ ក្នុង​នោះ​ក្រុមកីឡា​ការិនី​កម្ពុជា​យកឈ្នះ​លើ​ក្រុមកីឡា​ការិនី​ប្រទេស​៣​នោះ​ដោយ​ជោគជ័យ​ថែម​ទាំង​នាំ​យក​មេដាយមាស​ត្រឡប់​មក​វិញទៀត​ផង ។ ចំណែក​ក្រុម​កីឡាករ​ជន​ពិការ​កម្ពុជា បាន​ជួប​គូប្រកួត​មក​ពី​ប្រទេស​ខ្លាំង​ចំនួន​៥​រួម​មាន​៖ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ស្រី​លង្កា បង់​ក្លា​ដេ​ស និង​ឥណ្ឌា​។

ថ្លែង​នៅ​ក្នុង​អាកាសយាន​អន្តរជាតិ​មរតកតេ​ជោ​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមិថុនា កន្លង​មកនេះ​លោក​យាន គី​ស៊ី​វត្ថា នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា តំណាង​ឯកឧត្តម​ប៉ុន សុខ បានឱ្យ​ដឹង​ថា ក្រុម​កីឡាករ កីឡាការិនី​បាល់បោះ​ជម្រើសជាតិ​ជន​ពិការ​កម្ពុជា ពិតជា​ធ្វើ​បាន​ល្អខ្លាំង​ណាស់ ដោយ​យកឈ្នះ​លើ​ក្រុម​ខ្លាំង​ៗ​មក​ពី​បណ្ដា​ប្រទេស​ធំ​ៗ​ដោយ​ជោគជ័យ និង​បាន​នាំ​មក​ជាមួយ​នូវ​មេដាយមាស​ចំនួន​២​គ្រឿង​ជូន​ជាតិ​ទៀត​ផង​។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈប្រតិភូ​ដឹកនាំ​ការប្រកួត ជ័យជម្នះ​ដ៏​ធេង​ដែល​កីឡាករ កីឡាការិនី ជម្រើសជាតិ​ជន​ពិការ​កម្ពុជា​ដណ្ដើម​បាន​មកនេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ពោល​គឺ​ការ​ប្រកួតពួក​គេ​មានការ​សហការ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការ​ប្រកួត​ទាំង​២​ថ្ងៃ​មកនេះ ទាំង​ក្រុម​បុរស​និង​ក្រុម​នារី ហើយ​សង្ឃឹមថា ការ​ប្រកួត​លើក​ក្រោយ​នឹង​ធ្វើ​បាន​កាន់តែ​ល្អ ៕