អន្តរជាតិ ៖ ពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ (FIFA World Cup 2026) រួមមាន ក្រុមជម្រើសជាតិប្រេស៊ីល, ម៉ារ៉ុក, ហៃទី និងស្កុតឡែន។ ពូលនេះគ្រប់គ្នានឹងផ្តោតលើក្រុមសាំបាប្រេស៊ីល ដែលមានតារាឆ្នើមៗដូចជា Neymar, Vinícius Jr, Raphinha, Alisson, Gabriel, Marquinhos, Fabinho, និង Casemiro ជាដើម ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏ល្បីល្បាញជនជាតិអ៊ីតាលី Carlo Ancelotti ខ្លាំងជាងគេ។

ប្រេស៊ីល ត្រូវបានគេមើលឃើញថា ត្រៀមខ្លួនរួចស្រេចសម្រាប់ World Cup ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Carlo Ancelotti ជាមួយកីឡាករឆ្នើមលំដាប់ពិភពលោកជាច្រើនរូប។ គោលដៅចម្បងរបស់សាំបាប្រេស៊ីល គឺការឈ្នះជើងឯកលោកទី៦ និងស្តារភាពអស្ចារ្យរបស់ខ្លួនឡើងវិញក្នុងនាមជាអធិរាជ World Cup បន្ទាប់ពីស្ងប់ស្ងាត់អស់ពេលជាង២០ឆ្នាំ ចាប់តាំងពីឈ្នះជើងឯកលើកចុងក្រោយកាលពីឆ្នាំ ២០០២ ដើម្បីក្លាយជាប្រទេសឈ្នះជើងឯកពានរង្វាន់បាល់ទាត់ធំបំផុតលើពិភពលោកមួយនេះ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។
-ចំណាត់ថ្នាក់ FIFA ៖ ៦
-ឱកាសឈ្នះក្នុងពូល ៖ ខ្ពស់បំផុត
-កីឡាករលេចធ្លោ ៖ ខ្សែបម្រើប្រយុទ្ធស្លាប Vinícius Júnior ត្រូវបានរំពឹងថានឹងអុកឡុកព្រឹត្តិការណ៍នេះ

ម៉ារ៉ុក បានធ្វើឱ្យពិភពលោកភ្ញាក់យ៉ាងខ្លាំង តាមរយៈការទម្លាក់អេស្ប៉ាញ ព័រទុយហ្គាល់ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ តែត្រូវចាញ់បារាំង។ នៅក្នុងប៉ុន្មានឆ្នាំចាប់តាំងពីពេលនោះមក ពួកគេបានឈ្នះការប្រកួតមិត្តភាពជាមួយប្រេស៊ីល ហើយបន្តធ្វើបានយ៉ាងល្អរហូតក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាហ្វ្រិកឆ្នាំ២០២៥ (AFCON) ផងដែរ។ ដូច្នេះលទ្ធផលកាលពី World Cup ឆ្នាំ ២០២២ នឹងអន្ទងភាពស្រេកឃ្លានជ័យជម្នះ ក៏ដូចជាជំរុញទឹកចិត្តកីឡាករទាំងអស់ឱ្យខំប្រឹងសម្រេចបានលទ្ធផលល្អជាងនេះ។
-ចំណាត់ថ្នាក់ FIFA ៖ ៨
-ឱកាសឈ្នះក្នុងពូល ៖ ខ្ពស់
-កីឡាករលេចធ្លោ ៖ ប្រធានក្រុម Achraf Hakimi ដែលទើបតែលើកពាន UCL ជាមួយ PSG នឹងបន្តធ្វើបានល្អថែមទៀតនៅ World Cup

ហៃទី គឺមានរយៈពេល៥២ឆ្នាំហើយ ចាប់តាំងពីការបង្ហាញខ្លួនបានតែ១គត់នៅ World Cup ឆ្នាំ ១៩៧៤។ បើទោះបីជាមានអស្ថិរភាពនយោបាយដ៏ធ្ងន់ធ្ងរក៏ពិតមែន ក៏ប៉ុន្តែមិនអាចបញ្ឈប់ការខំប្រឹងប្រែងរបស់ក្រុមជម្រើសជាតិមួយនេះ ដើម្បីដណ្តើមកៅអី World Cup ឆ្នាំនេះឡើយ។ ពួកគេមានកីឡាករឆ្នើមៗ ដែលបង្កើតចង្វាក់លេងដ៏ជក់ចិត្តមួយចំនួន បូករួមទាំងកីឡាករចំណូលថ្មីពោរពេញដោយទេពកោសល្យជាច្រើនកំពុងស្វែងរកបទពិសោធន៍នៅ World Cup។
-ចំណាត់ថ្នាក់ FIFA ៖ ៨៣
-ឱកាសឈ្នះក្នុងពូល ៖ តិចតួច
-កីឡាករលេចធ្លោ ៖ ខ្សែបម្រើ Jean‐Ricner Bellegarde រួមទាំងខ្សែប្រយុទ្ធ Duckens Nazon និង Ruben Providence

ស្កុតឡែន ដូចគ្នានឹងហៃទីដែរ ស្កុតឡែនខកខានចូលរួមប្រកួត World Cup អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយចុងក្រោយបង្អស់គឺក្នុងឆ្នាំ១៩៩៨។ ពួកគេបានឆ្លងផុតវគ្គជម្រុះទ្វីបអឺរ៉ុប តាមរយៈការឈរកំពូលតារាងក្នុងពូលដែលរួមមានដាណឺម៉ាក ក្រិក និងបេឡារុស ហើយជ័យជម្នះដ៏សំខាន់លើដាណឺម៉ាក បានជួយពួកគេឱ្យបានកៅអីដោយស្វ័យប្រវត្តិ។ ស្កុតឡែនរំពឹងរកការចាប់ផ្តើមដ៏រឹងមាំមួយក្នុងការប្រកួតបើកឆាកទល់នឹងហៃទី ដើម្បីឱ្យដំណើរការទៅមុខបានល្អ មុនពេលជួបម៉ារ៉ុក ហើយបន្ទាប់មកនឹងត្រូវបញ្ចប់វគ្គចែកពូលជាមួយប្រេស៊ីល។
-ចំណាត់ថ្នាក់ FIFA ៖ ៤៣
-ឱកាសឈ្នះក្នុងពូល ៖ តិចតួច
-កីឡាករលេចធ្លោ ៖ ខ្សែបម្រើ Scott McTominay នៅតែជាតួអង្គដ៏សំខាន់សម្រាប់ក្រុម
កាលវិភាគប្រកួតទី ១
-ប្រេស៊ីល ប៉ះ ម៉ារ៉ុក ម៉ោង ៥ ព្រឹកព្រលឹមថ្ងៃទី១៤ ខែមិថុនា
-ហៃទី ប៉ះ ស្កុតឡែន ម៉ោង ៨ ព្រឹកថ្ងៃទី១៤ ខែមិថុនា
កាលវិភាគប្រកួតទី ២
-ស្កុតឡែន ប៉ះ ម៉ារ៉ុក ម៉ោង ៥ ព្រឹកព្រលឹមថ្ងៃទី២០ ខែមិថុនា
-ប្រេស៊ីល ប៉ះ ហៃទី ម៉ោង ៧ កន្លះព្រឹកថ្ងៃទី២០ ខែមិថុនា
កាលវិភាគប្រកួតទី ៣
-ស្កុតឡែន ប៉ះ ប្រេស៊ីល ម៉ោង ៥ ព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា
-ម៉ារ៉ុក ប៉ះ ហៃទី ម៉ោង ៥ ព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា៕ ប្រភព ៖ Yahoo Sports, Flashscore និងប្រភពផ្សេងទៀត

ចែករំលែកព័តមាននេះ