សហរដ្ឋអាមេរិក ៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) កាលពីពេលថ្មីៗនេះ បានប្រកាសហាមឃាត់ការបង្ហោះដ្រូនទាំងអស់នភលើទីតាំងកីឡដ្ឋានមានការប្រកួត World Cup ឆ្នាំ២០២៦ និងកម្មវិធីកម្សាន្តនានារបស់អ្នកគាំទ្រនៅទូទាំងសហរដ្ឋអាមេរិកដើម្បីពង្រឹងសន្តិសុខ។ នេះបើយោងតាមប្រភពពី Reuters និង AOL បានចេញផ្សាយ។
FAA បានឱ្យដឹងថា នៅថ្ងៃដែលមានការប្រកួត រាល់ប្រតិបត្តិការហោះហើរទាំងអស់ រួមទាំងដ្រូនផងនោះ នឹងត្រូវបានហាមឃាត់ក្នុងរង្វង់ប្រហែល ៥,៥ គីឡូម៉ែត្រ និងកម្ពស់រហូតដល់ ៩១៤ ម៉ែត្រពីលើដីជុំវិញពហុកីឡដ្ឋាន លើកលែងតែមានការអនុញ្ញាតជាក់លាក់ពីមន្ត្រីត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសតែប៉ុណ្ណោះ។ ដ្រូននឹងត្រូវហាមឃាត់មិនឱ្យបង្ហោះនៅក្នុងរង្វង់ ១,៨ គីឡូម៉ែត្រ និងកម្ពស់ដល់ ៣០០ ម៉ែត្រពីលើដី នៅតាមទីតាំងប្រារព្ធកម្មវិធីកម្សាន្តនានាសម្រាប់អ្នកគាំទ្រនៅទូទាំងប្រទេស។
FAA បានបញ្ជាក់ថា ការបង្ហោះដ្រូនចូលក្នុងដែនអាកាសរឹតត្បិតដោយគ្មានការអនុញ្ញាត អាចប្រឈមនឹងការផាកពិន័យរហូតដល់១០ម៉ឺនដុល្លារអាមេរិក រួមទាំងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងដកហូតដ្រូនផងដែរ។ ជាមួយគ្នានោះ ទីភ្នាក់ងារការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) ក៏មានក្រុមការងារបង្ក្រាបដ្រូន (បាញ់ទម្លាក់ដ្រូន) ដែលនឹងត្រូវដាក់ពង្រាយនៅជុំវិញកីឡដ្ឋាន World Cup ដើម្បីជាការការពារបន្ថែម។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup 2026 ដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នានោះ នឹងក្លាយជាការប្រកួតលើកដំបូងបំផុតដែលមាន ៤៨ ប្រទេសចូលរួម៕



ចែករំលែកព័តមាននេះ