World Cup ៖ បទចម្រៀង World Cup 2026 មានចំណងជើងថា «Dai Dai» ដែលច្រៀងដោយតារាចម្រៀងដ៏ល្បីវ័យ៤៩ឆ្នាំ សញ្ជាតិកូឡុុំប៊ីអ្នកនាង Shakira កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមនុស្សជាច្រើនទូទាំងពិភពលោក ។ បទចម្រៀង«Dai Dai»ជាភាសាអុីតាលីដែលមានន័យជាខេមរៈភាសាថា«តោះលឿនឡើង» ឬក៏«តោះទៅ»ពិតជាទាក់ទាញចិត្តអ្នកគាំទ្រការប្រកួតបាល់ទាត់ពិភពលោកនាពេលនេះខ្លាំងណាស់។
តារាចម្រៀងដ៏ស្រស់ស្អាតមិនសមនឹងវ័យរូបនេះ ធ្លាប់ច្រៀងចម្រៀងផ្លូវការក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចំនួន៣លើក(២០០៦, ២០១០និង២០១៤រួចមកហើយនោះ បានបង្ហោះវីដេអូចម្រៀងលើបណ្តាញសង្គម Instagram
កាលពីថ្ងៃទី៧ ឧសភា ដោយបង្ហាញពីទិដ្ឋភាពនាងកំពុងឈរកាន់បាល់ទាត់ឈ្មោះ Trionda ដែលនឹងប្រើក្នុងការប្រកួត FIFA World Cup 2026 នៅក្នុងកីឡដ្ឋាន Maracana របស់ប្រទេសប្រេស៊ីល ។ បន្ទាប់មកនាងក៏ចាប់ផ្តើមច្រៀងចម្រៀងមានចំណងជើងថា«Dai Dai» នោះជាមួយក្បាច់រាំដ៏ទាក់ទាញជាមួយអ្នករាំអមជាច្រើនរូបក្នុងនោះក៏មានវត្តមានតារាប្រុសBurnaBoy ផងដែរ ។
បទចម្រៀងថ្មីសម្រាប់ World Cup 2026 របស់តារាចម្រៀង Shakira បានបង្ហោះពេញនៅថ្ងៃទី១៤ ខែឧសភា ។ ក្នុងការច្រៀងបទចម្រៀងនោះ នាងបានឈរកាន់បាល់រួចរាំច្រៀងអមជាមួយនឹងក្រុមរាំ ។ សម្លៀកបំពាក់ដែលនាងបានប្រើក្នុងបទនោះ មានពណ៌ចម្រុះតំណាងឱ្យក្រុមបាល់ទាត់ជម្រើសជាតិនីមួយៗដែលចូលរួមការប្រកួតលើកនេះ។
កាលឆ្នាំ ២០០៦ Shakira បានចេញបទចម្រៀង Hips Don’t Lie សម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសអាល្លឺម៉ង់ដែលបទនោះបានធ្វើឱ្យកេរ្តិ៍ឈ្មោះនាងចាប់ផ្ដើមល្បីខ្លាំងតែម្ដង ។ ឆ្នាំ ២០១០ Shakira បានចេញបទ
ចម្រៀងសម្រាប់ការប្រកួត World Cup ដែរ មានចំណងជើងថា Waka Waka (This Time for Africa)។ បទនោះបានធ្វើឱ្យមនុស្សជាច្រើនទូទាំងពិភពលោកផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ជាភាពទាក់ទាញមួយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនាពេលនោះដែរ។
នៅឆ្នាំ២០១៤ Shakira បន្តច្រៀងបទចម្រៀង La La La នៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនោះក្នុងប្រទេសប្រេស៊ីល ក៏បន្តផ្ទុះការចាប់អារម្មណ៍ និងមានភាពទាក់ទាញខ្លាំងដដែល ។
Dai Dai នេះជាបទចម្រៀងដែលមានអត្ថន័យលើកទឹកចិត្តទៅដល់កីឡាករទាំងអស់គ្រប់ជាតិសាសន៍ ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅលើទីលាន។ អ្វីដែលពិសេសនោះ Dai Dai មានការរួមបញ្ចូលរហូតដល់ទៅ ៥ ភាសា ផ្សេងទៀតដែលមានដូចជាអង់គ្លេស បារាំង ជប៉ុន អេស្ប៉ាញ និងបារាំង ។ ចំណែកនៅក្នុងវីដេអូបទចម្រៀងវិញ គេឃើញមានក្បាច់រាំយ៉ាងរស់រវើក និងមានវត្តមានរបស់កំពូលកីឡាករល្បីៗជាច្រើនរូបទៀតផង។
អ្វីដែលគួរឱ្យរំជួលចិត្តនោះ នៅពេលចប់ការប្រកួត FIFA World Cup 2026 រាល់់កម្រៃដែលបានមកពីបទ Dai Dai នេះ នឹងត្រូវគេយកទៅធ្វើសប្បុរសធម៌ ដើម្បីផ្គត់ផ្គង់ដល់កុមារក្រីក្រទូទាំងពិភពលោក ឱ្យពួកគេទទួលបានឱកាសលេងបាល់ទាត់ និងការអប់រំដែលមានគុណភាពទៀតផង។
មហាជន និងអ្នកគាំទ្រនៅលើពិភពលោក ពិតជាពេញចិត្តបទ Dai Dai នេះខ្លាំងណាស់ ក្នុងនោះម្នាក់ៗបានអរគុណដល់ Shakira ដែលបានធ្វើឱ្យអារម្មណ៍អ្នកមើល World Cup 2026 មានជីវិតជីវ៉ាឡើងវិញ ក្រោយពីមានការខកចិត្តយ៉ាងខ្លាំងទៅនឹងបទ «Goals» របស់នាង Lisa តារាចម្រៀង K-POP ជនជាតិថៃ ដែលច្រៀង
បង្ហាញតែរាងកាយ និងកាយវិការសិចស៊ីខ្លាំងហើយទំនុកច្រៀងមិនមានជាប់ពាក់ព័ន្ធនឹងស្មារតីកីឡាបាល់ទាត់ទាល់តែសោះ។
គួររំលឹកផងដែរ FIFA World Cup 2026មានក្រុមបាល់ទាត់ជម្រើសជាតិចំនួន៤៨ចូលរួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ ការប្រកួតនឹងរៀបចំឡើងចាប់ពីថ្ងៃទី១១ មិថុនា រហូតដល់ថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៦ នៅទឹកដី៣ប្រទេសរួមមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ៕


ចែករំលែកព័តមាននេះ